ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានអះអាងថា ការលើកពេលការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ ទៅធ្វើ នៅឆ្នាំ ២០២២ របស់ម្ចាស់ផ្ទះវៀតណាម មិនបានប៉ះពាល់ដល់ដំណើរការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ជាប្រវត្តិសាស្រ្តរបស់កម្ពុជានោះទេ។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអះគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ ផងនោះ បានប្រាប់ថា ផែនការយុទ្ធសាស្ត្រ ព្រមទាំងការកំណត់ពេលវេលា នៃការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺកម្ពុជា នៅតែបន្តសកម្មភាពជានិរន្ត ដោយអនុវត្តតាមផែនការមេរបស់រាជរដ្ឋាភិបាលដដែល គឺគ្មានការប្រែប្រួលទៅតាមការលើកពេលនៃការប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ របស់ម្ចាស់ផ្ទះវៀតណាមឡើយ ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃអាទិត្យនេះថា៖ «សកម្មភាពប្រតិបត្តិការ និងការធ្វើសកម្មភាពរបស់គណៈកម្មការអចិន្ត្រៃយ៍ CAMSOC នៅតែអនុវត្តតាមផែនការ គ្មានការពន្យារពេលទេ ហើយសកម្មភាពរបស់អនុគណៈកម្មការនៃ CAMSOC ចំនួន ១៥ ក៏កំពុងតែដំណើរការ តាមផែនការមេ ដែលអនុម័តកំណត់កិច្ចការនេះ តាមរាជរដ្ឋាភិបាល តាំងពីឆ្នាំ ២០១៦ មកម៉្លេះ ដោយគ្មានបង្អង់ឡើយ»។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកកីឡា លោក វ៉ាត់ ចំរើន បានបន្ថែមថា សកម្មភាពរបស់គណៈអចិន្ត្រៃ CAMSOC បានប្រជុំអនុម័តរៀងរាល់ដើមសប្តាហ៍នីមួយៗ ដើម្បីធ្វើសកម្មភាពជាមួយភាគីពាក់ព័ន្ធជាច្រើន ពិសេសស្ថាប័នជំនាញចំនួន ៣ មានក្រសួងអប់រំ យុវជន និងកីឡា ដែលមានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិជាង ៤០។
លោកបានបញ្ជាក់ថា៖ «ក្នុងផែនការមេ ដែលសម្រេច ដោយរាជរដ្ឋាភិបាលកម្ពុជា គិតមកដល់ពេលនេះ គ្មានតម្រុយណាមួយ ត្រូវពន្យារពេល ឬលើកពេល ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ តាមការលើកពេល ស៊ីហ្គេម លើកទី៣១ នៅវៀតណាមឡើយ ព្រោះការលើកពេលនេះ គ្មានផលប៉ះពាល់ដល់ការរៀបចំស៊ីហ្គេម បន្ត ដែលកម្ពុជាត្រូវធ្វើជាម្ខាស់ផ្ទះ នៅឆ្នាំ ២០២៣ នោះទេ»។
គួររំឭកថា នៅក្នុងកិច្ចប្រជុំចុងក្រោយ តាមអនឡាញ (ZOOM) របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន គណៈកម្មាធិការជាតិអូឡាំពិក ជាសមាជិកទាំង ១១ ប្រទេស បានឯកភាពគ្នា ក្នុងការលើកពេល ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នេះ ទៅធ្វើនៅចុងខែមេសា និងដើមខែឧសភា ឆ្នាំ ២០២២ វិញ ទៅតាមសំណើរបស់ម្ចាស់ផ្ទះវៀតណាម ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ដែលនៅតែមានការផ្ទះឡើងខ្លាំង នៅក្នុងតំបន់អាស៊ាន៕