ភ្នំពេញ៖ ការ​ប្រ​កួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដណ្តើម​ខ្សែ​ក្រវាត់​​គោល​ជល់​ ​អម​ដោយ​ទឹក​ប្រាក់​ចំនួន ​៥​ ០០០ ​ដុល្លារ នៅ​លើ​សង្វៀន CNC កាលពី​ថ្ងៃសៅរ៍ ​បាន​ក្លាយ​ទៅ​ជា​រឿង​ចម្រូង​ចម្រាស​ ដោយ​គ្មាន​លទ្ធផល​ ខណៈ​ដែល​កីឡាករ​ ម៉ឺន​ មេឃា​ ទំនង​ចាញ់​ប្រៀប​ពិន្ទុ ​ឃីម ​បូរ៉ា ​ទៅ​ហើយ​នោះ​ បែរ​ជា​ល្មើស​​បទ​បញ្ជាប្រ​កួត ​ដោយ​ចាប់​បោកដូចកីឡាកាស ​ខុស​បច្ចេកទេសប្រកួតគុនខ្មែរ​ នាំ​ឱ្យ​ ​ឃីម ​បូរ៉ា ​សន្លប់​ធំ​។​

ជា​មួយ​គ្នា​នេះ ការ​សម្រេច​មិន​ប្រកាស​​លទ្ធផលឱ្យ​​ចាញ់​ឈ្នះ ​និង​លើក​ការ​ប្រកួត​ទៅពេលក្រោយ​នោះ​ វា​ផ្ទុយ​ពី​លក្ខខ័ណ្ឌ​ច្បាប់​ប្រ​កួត ​ដែល​សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ ​ធ្លាប់​បង្រៀន​ដល់​កីឡាករ ​ចៅ​ក្រម​អាជ្ញា​កណ្តាល​ ព្រម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ​ថា ​កីឡាករ ​ដែល​ល្មើស​នឹង​ច្បាប់​ប្រ​កួត ​ត្រូវ​ពិន័យ​ឱ្យ​​ចាញ់ ​ហើយ​កីឡា​ករ​រង​គ្រោះ​ ត្រូវ​ទទួល​ជ័យ​ជម្នះ ​និង​លើក​ទឹក​ចិត្ត​បន្ថែម​។

​ជុំវិញ​បញ្ហា​ដ៏រសើប​នេះ ​លោក ​ហេង ​ប៊ុន​ឃីម​ ជា​គ្រូ​ធំ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ ​និង​ជា​ឪពុក​បង្កើត​របស់ ​ឃីម ​បូរ៉ា​ បាន​និយាយ​ថា​៖ «​វា​គ្មាន​សំខាន់លើ​លុយ​រង្វាន់ ​ឬ​ខ្សែ​ក្រវាត់​នោះ​ទេ ប៉ុន្តែ​​អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភនោះ ​គឺខ្ញុំ​​ខ្លាច​កូន​មាន​​គ្រោះ​ថ្នាក់​ ក្លាយជាពិការ ​ឬ​បាក់​ក​ស្លាប់​ទៅ​វិញ​ទេ​ ​ព្រោះ​ទង្វើ​​នេះ​ មិន​មែន​ចិត្ត​ជា​អ្នក​កីឡាករ​ទេ»​។​​

លោក ហេង​ ប៊ុន​ឃីម បាន​បន្ថែម​ថា​៖ «​គ្រាន់​តែ​ប្រ​កួត​ចប់​ ហើយ​​មាន​រឿង​បែប​នេះ ​បង​ប្អូន​ដែល​ស្រឡាញ់​រាប់​អានខ្ញុំ ​បាន​ទូរស័ព្ទ​​មក​ខ្ញុំ​មិន​ដាច់ ដោយ​ពួកគាត់ ​សុំ​ឱ្យ​ខ្ញុំ​ប្តឹង​តវ៉ា ​ដើម្បី​រក​យុត្តិធម៌ ​ហើយ​ខ្ញុំ​សូម​អរ​គុណ​ហើយ តែ​រឿង​នេះ​ ទុក​ឱ្យ​​មេៗ ​និង​ខាង​ប៉ុស្តិ៍​ គាត់​ដោះ​ស្រាយទៅ ​​ព្រោះ​គាត់ជា​អ្នក​ធំ ​គាត់​ចេះ​ច្បាប់ ចំណែក​​ខ្ញុំ ​ជា​អ្នក​ល្ងិត​ល្ងង់ ​មិន​ហ៊ាន​និយាយ​ទេ ​ខ្លាច​ខុស»​។

​ចំពោះ​ស្ថានភាពរបួស និងសុខភាព​របស់ ឃីម បូរ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ ប៊ុនឃីម បាន​បញ្ជាក់​​ថា៖ ​«​ឥឡូវ​​នេះយើង​បាន​យក​ បូរ៉ា​ ​មក​ផ្ទះ​ ឌីម៉ា​ តែ​វា​នៅ​ឈឺ​ ងាក​ក​មិន​រួច​ទេ។ ​ស្ថាន​ភាព​មិន​ដឹង​យ៉ាង​ណាទេ ​កំពុង​ព្រួយ​បារម្ភ ​ពី​សុខ​ភាព​ជា​ចម្បង​ ​មិន​គិត​ពី​លុយ ​ឬ​ខ្សែ​ក្រវាត់​អី​ទេ»​។

ឃីម បូរ៉ា បាន​ដេក​សន្លប់ ក្រោយ​រូបគេ បានទទួល​រងការចាប់បោកពី​សំណាក់​គូ​ប្រកួត ម៉ឺន មេឃា កាលពី​ថ្ងៃសៅរ៍។ រូប​ថត សហការី

​លោក ហេង ប៊ុនឃីម បានបញ្ជាក់​បន្ថែមថា៖​ «​កូន​ខ្ញុំ ឃីម ​ឌីម៉ា​ ធ្លាប់​រង​គ្រោះ​ស្ទើរ​​បាត់​បង់​អាជីព​នេះ​មួយ​ហើយ​។​ តែទោះបីជា​យ៉ាងណា ចំពោះ​បញ្ហា​របស់ ឃីម បូរ៉ា នេះ ​ខ្ញុំ​មិន​ប្តឹង​តវ៉ា​អ្វី​ទេ! បញ្ហា​ត្រូវ ​ឬ​ខុស​ មាន​លោក​ប្រធាន​ តែម​ម៉ឺន​ និង​អ្នក​ធំៗ​ នៅ​ក្នុង​សហព័ន្ធ ​គាត់​គិត​គូរ​ដោះ​ស្រាយ​ ​ហើយ​ខ្ញុំ​សុំ​មិន​និយាយ​ច្រើន​ទេ​»​។

យោង​តាម​បទ​បញ្ជា​​ និង​ច្បាប់ប្រកួត​​របស់​សហ​ព័ន្ធ​កីឡា​ប្រ​ដាល់​គុន​ខ្មែរ​បាន​កំណត់​ថា ​កីឡាករ​ល្មើស​បទ​បញ្ជា​ប្រ​កួត ​ត្រូវ​ឱ្យ​​ចាញ់​ និង​ទទួល​រង​ពិន័យ​ទៅ​តាម​ទំហំ​នៃ​បទ​ល្មើស​ ចំណែក​កីឡាករ​រង​គ្រោះ​ ត្រូវ​ផ្តល់​ជ័យ​ជម្នះ ​និង​លើក​ទឹក​ចិត្ត​។ ប៉ុន្តែ​បញ្ហា ដែលបាន​កើតមាន ​ក្នុង​ព្រឹត្តិការណ៍​ធំ ​នៅ​សង្វៀន ​CNC ​នេះ​ហេតុ​អ្វី​មិន​អនុវត្ត​ច្បាប់​បែប​នេះ​? ​ដែល​ធ្វើ​ឱ្យ​​មហា​ជន ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក បាន​ផ្ទុះ​ការរិះ​គន់ និង​បញ្ចេញ​មតិ​សួរនាំ ​គួរ​ឱ្យ​​ភ្ញាក់​ផ្អើរ​ខ្លាំង​តែ​ម្តង​។

ជុំវិញ​បញ្ហានេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំការ​​ពន្យល់​ ពី​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់​នៅ​សង្វៀន​ CNC ​បាន​ទេ​។ ប៉ុន្តែ​ប្រភព​ខ្លះ​ បាន​និយាយ​ថា រឿងនេះ​​ មាន​ក្រុម​សម្រប​សម្រួល​ មិន​ឱ្យ​ភាគី​រងគ្រោះ ​តវ៉ា​នោះ​ទេ​ ដោយ​លើក​ពេល ​ទៅ​ប្រកួត​នា​ពេល​ក្រោយ​ ហើយ​​លទ្ធផល​គ្មាន​ចាញ់ ​និង​ឈ្នះ​នេះ ​បាន​ផ្តល់​ភាព​ចំណេញ​ដល់​ភាគី​កីឡាករ​ល្មើស​ ម៉ឺន ​មេឃា​ ស្រប​ពេល​គេ​មើល​ឃើញ​ថា​ ប្រ​កួត​ជិតចប់​​ ៣ ទឹក ម៉ឺន មេឃា ​ចាញ់​ប្រៀប ​ឃីម ​បូរ៉ា ​បាត់​ទៅ​ហើយ​។​

លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ ​បាន​ផ្តល់​សម្ភាស​​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា​៖ «​ខ្ញុំ​ទទួល​បាន​នូវ​បញ្ហា ​ដែលបាន​​កើត​ឡើង​ នៅក្នុង​​ការ​ប្រ​កួត​នោះ ហើយ​ខ្ញុំ​បាន​ចាត់​ចែង​ឱ្យ​​គណៈ​កម្មការ​បច្ចេលទេស​ ប្រជុំ​វាយ​តម្លៃ​ នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​រក​ឱ្យ​​ឃើញ​នៃ​បទ​ល្មើស​ និង​កំហុសថា ​ជា​​ចេតនា ​ឬ​អចេតនា»​។

«ក្នុង​នោះ​លទ្ធផល​ អាច​នឹង​ចេញ​មក ​គឺ​យើង​អនុវត្ត​តាម​បទ​បញ្ជា​នៃ​ច្បាប់​ប្រ​កួត​ ដោយ​​កីឡាករ​ល្មើស​ ត្រូវ​តែ​ឱ្យ​​ចាញ់​ និង​ទទួល​ពិន័យ ​ជា​ដាច់​ខាត ​ហើយ​កីឡាករ​រង​គ្រោះ​ ពី​ការ​ប្រ​កួត​នេះ ​ត្រូវ​ឱ្យ​​ឈ្នះ​ និង​លើក​ទឹក​ចិត្ត​ផង​ដែរ​។ ​ចំណែក​លទ្ធផល​ទី ២ ​អាច​នឹង​លើក​ពេល​ ឬ​ពន្យារ​ពេល​ ដើម្បី​ឱ្យ​​ប្រ​កួត​ឡើង​វិញ ​ទៅ​តាម​ការ​ឯក​ភាព​គ្នា​ ​ព្រោះ​សកម្មភាព​កីឡា​នេះ ​ប្រព្រឹត្ត​ទៅ​បាន ​អាស្រ័យ​លើ​ភាគី​ចំនួន​ ៣ ​ដែល​យើង​ធ្វើ​ការ​សហការគ្នា​បាន​ល្អ ​និង​យោគ​យល់​គ្នា ​គឺ​មាន​ខាង​ស្ថានីយ​ទូរទស្សន៍​ CNC ​ខាង​ស្ពនស័រ​ និង​ខាង​សហព័ន្ធកីឡា​​ប្រ​ដាល់​គុន​ខ្មែរ»​។​

លោក​ តែម​ ម៉ឺន​ បាន​បន្ថែម​ថា​៖ «​ក្នុង​នាម​ថ្នាក់​ដឹក​នាំ​សហព័ន្ធ ខ្ញុំ​មិន​គាំ​ទ្រ​កីឡាករ​ធ្វើ​ខុស​នោះ​ទេ​។ មួយ​វិញ​ទៀត​ការងារ​នេះ ​គឺ​មាន​ក្រុម​បច្ចេកទេស ​មិន​មែន​ប្រធាន​សហព័ន្ធ ​ទៅ​វិនិច្ឆ័យ​ផ្ទាល់​នោះ​ឡើយ​ ប៉ុន្តែ​នៅ​ពេល​កើតមាន​រឿង​ដូច្នេះ ​យើង​ត្រូវ​រួម​គ្នា​ពិនិត្យ​ និង​ប្រជុំ​សម្រេច​ជា​គោល​ការ​ណ៍ ​ទៅ​តាម​ច្បាប់​ ហើយ​​ក្នុង​នោះ​ក៏​មាន​ការ​ស្តាប់​នូវ​សំណូម​ពរ​របស់​ខាង​ទូរស្សន៍ ​និង​ស្ពនស័រ ដើម្បី​យក​​មក​ពី​ចារណាដែរ​ថា ​តើ​គេ​ព្រម​ទទួល​យក​ការ​ប្រគល់​ខ្សែ​ក្រវាត់​ឱ្យ​​កីឡាករ​ដោយ​គ្មាន​ការ​ប្រកួត​ទៀត ​ឬ​យ៉ាង​ណា?​ ឬ​គេ​ព្រម​ព្រៀង​គ្នា ​ដើម្បី​រក​ពេល​ប្រ​កួត​ឡើង​វិញ? អ៊ីចឹង​​យើង​ត្រូវ​ឆ្លង​កាត់​ការ​ប្រជុំ​វាយ​តម្លៃ​ឡើង​វិញ»​។​

ប្រភព​ជា​ច្រើន ​បាន​លើក​ឡើង​ថា​ ប្រសិន​បើ​អនុវត្ត​តាម​នយោបាយ​របស់​អ្នក​គ្រប់​គ្រង​កម្ម​វិធី ​ឬ​ខាង​ស្ពន​ស័រ ​ដោយ​ឱ្យ​​មាន​ការ​ប្រ​កួត​វិញ ​នៅ ២ សប្តាហ៍​ទៀត ដូច​ការ​ប្រកាស​របស់ពិធីករ ទៅ​តាមការ​សម្រេច​របស់​គណៈកម្មការ​​នោះ ​វា​ប្រៀប​បាន​ទៅ​នឹងការ​​ផ្តល់​ភាព​ចំណេញ​ឱ្យ​​ភាគី​កីឡាករ ​ម៉ឺន ​មេឃា​ ​ព្រោះ​បាន​ល្មើស​ការ​ប្រ​កួត​ហើយ​ គេច​ផុត​ពី​ការ​ចាញ់​ ហើយ​ថែម​ទាំង​មាន​ឱកាស​បាន​ប្រកួត​សាជាថ្មី​ទៀត​។

មាន​ការ​លើក​ឡើង​បន្ថែម​ថា​ ​កីឡាករ​ប្រ​កួត​ម្តង​ចាញ់​ហើយ ​​ប្រ​កួត​លើក​ក្រោយ ​មិន​ប្រាកដ​ថា ​ចាញ់​ទៀត​នោះទេ​ គឺ​ឱកាស​មាន ​ដោយ​ឡែក​ដាច់​ពី​គ្នា​។​មួយ​វិញ​ទៀត ​បើ​ការ​អនុវត្ត​ច្បាប់​ទៅ​តាម​អារម្មណ៍ ​ឬ​ទៅ​តាម​ការ​ស្នើ​សុំ​​របស់​​ពាណិជ្ជកម្ម​ ឬ​​ខ្សែ​ធំ ខ្សែ​តូច​នេះ​ គឺ​មុខ​មាត់​របស់​សហព័ន្ធ ​ត្រូវ​ទទួល​រង​ការ​រិះ​គន់​ពី​មហា​ជន​ខ្លាំង​ណាស់​ ព្រោះ​ច្បាប់​នៅ​នឹង​មាត់ ​សម្រេច​តាម​ចិត្ត តែ​​កេរ្តិ៍​​ឈ្មោះ​សហព័ន្ធ ​នឹង​បាត់​ការ​គាំ​ទ្រ​ពី​មហាជន​៕​​