
កីឡាករ ឯម សុធី បានម៉ាត់ទៅលើ ឡុង រ៉ាមី សម្រាប់ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន PNN។ រូបថត សហការី
ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់ ឯម សុធី បានប្រើបច្ចេកទេសយ៉ាងល្អ ក្នុងការផ្តួលកីឡាករជើងថ្មី ឡុង រ៉ាមី ឱ្យសន្លប់ នៅត្រឹមទឹកទី២ ប៉ុន្តែ ឯម សុធី មិនទទួលបានផលពីជ័យជម្នះនេះ ដើម្បីទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គ ៨ នាក់ចុងក្រោយ នៃការប្រកួតដណ្តើមខ្សែក្រវាត់នៅលើសង្វៀន PNN នោះទេ។
ការមិនទទួលបានផលពីការប្រកួតនេះ កាលពីថ្ងៃអាទិត្យនោះ ក៏ព្រោះតែ ឯម សុធី ត្រូវបានពិន័យឱ្យចាញ់ ដោយសាររក្សាទម្ងន់មិនបាន តាមលក្ខខណ្ឌកំណត់នៃកិច្ចសន្យាប្រកួត ក្នុងវគ្គជម្រុះខ្សែក្រវាត់ត្រឹម ៥៧ គីឡូក្រាម អ៊ីចឹងការប្រកួតរវាង ឯម សុធី និង ឡុង រ៉ាមី ត្រូវបានគណៈកម្មការប្រកួត ប្តូរមកជាការប្រកួតគូមិត្តភាពវិញ ហើយលទ្ធផលកីឡាករបានឡើងទៅវគ្គបន្ត ត្រូវបានប្រគល់ទៅឱ្យ ឡុង រ៉ាមី ដោយស្វ័យប្រវត្តិ តាំងពីការថ្លឹងទម្ងន់ មុនការប្រកួត ដែល ឯម សុធី លើសទម្ងន់រហូតដល់ ២ គីឡូក្រាម។
អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ នៅសង្វៀន PNN លោក ស្រ៊ឺ ស្រេង បានប្រាប់ថា ទម្រង់នៃការប្រកួតរបស់សង្វៀន PNN សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរនេះ ត្រូវបានលោក តែម ម៉ឺន ជាប្រធានសហព័ន្ធ សម្រេចដាក់ឱ្យមានការប្រកួត ដោយអនុវត្តយ៉ាងម៉ឺងមាត់ មានតម្លាភាព ក្នុងការគោរពលក្ខខណ្ឌប្រកួត គឺគ្មានការយោគយល់ ឬនិយមបក្ខពួកដាច់ខាត ហើយទាំងពេលកន្លងមក ក៏ដូចពេលកំពុងអនុវត្តនៃច្បាប់ប្រកួតនេះ គឺធានាបានថា គ្មានការស៊ីសំណូកណាមួយ ដោយផ្តល់ពិន្ទុពីសំណាក់ចៅក្រម មិនត្រឹមត្រូវ ព្រមទាំងគ្មានកីឡាករណា ហ៊ានប្រព្រឹត្តបទល្មើសដូចជាប្រកួតធ្វើពុតចាញ់នោះឡើយ។
លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ បានបន្ថែមថា៖ «តាមន័យនេះ កីឡាករ ឡុង រ៉ាមី ទោះបានត្រូវចាញ់ ដោយសន្លប់ ដោយសមត្ថភាពពិតរបស់កីឡាករ ឯម សុធី វាយសន្ធាប់ ប៉ុន្តែ ឯម សុធី គ្មានឱកាសបានឡើងទៅវគ្គបន្តទេ គឺតាមច្បាប់ប្រកួត ដែលរក្សាទម្ងន់តាមកិច្ចសន្យាមិនបានត្រឹម ៥៧ គីឡូក្រាមនោះ គឺបានកំណត់ឱ្យចាញ់ជាស្វ័យប្រវត្តិ តាំងពីមុនការប្រកួតមកម៉្លេះហើយលទ្ធផលនៃការប្រកួតរវាង ឯម សុធី និង ឡុង រ៉ាមី នេះ ត្រូវបានកំណត់ឱ្យជាគូមិត្តភាពវិញជំនួសកម្មវិធីគូដណ្តើមខ្សែក្រវាត់»។

ដោយឡែក ការប្រកួតម៉ារ៉ាតុងរវាងគូប្រដាល់ពន្លកថ្មី ទម្ងន់ស្រាល ៤៨ គីឡូក្រាម ដណ្តើមប្រាក់ចំនួន ១,២ លានរៀល បានទៅលើកីឡាករ ឡុង ពិសិដ្ឋ មកពីក្លិបខ្លារខិនមានរិទ្ធ បន្ទាប់ពីរូបគេបានឈ្នះកីឡាករ ឌឿន សុខលីម នៅក្នុងវគ្គជម្រុះ ហើយបានបន្តទៅឈ្នះកីឡាករ ឡៅ សៃណេត មកពីក្លិបបញ្ជាការដ្ឋានទ័ពពិសេស នៅវគ្គផ្តាច់ព្រ័ត្រ នោះ។
យ៉ាងណាមិញ សម្រាប់ការប្រកួត Onestrike ដែលមានត្រឹម ២ ទឹក ហើយក្នុង ១ ទឹកមាន ៧ នាទី នោះ កីឡាករ ជ័រ ពៅ មកពីក្លិបថ្មគោល បានផ្តួលកីឡាករ ភិន សុចាន់ទី របស់ក្លិបនាគរាជចតុមុខ ក្នុងការប្រកួតប្រភេទទម្ងន់ ៦០ គីឡូក្រាម ដើម្បីយកប្រាក់រង្វាន់បន្ថែមចំនួន ១ លានរៀល៕