
កីឡាករ វេង សុភ័ក្រ បានទាត់ទៅលើផ្ទៃមុខ ឡុង ជិន ក្នុងពេលប្រកួតផ្តាច់ព្រ័ត្រ នៅសង្វៀនថោន។ រូបថត សហការី
ភ្នំពេញ៖ កីឡាករ វេង សុភ័ក្រ បានចំណាយកម្លាំងតិច និងពេលប្រកួតទាំង២វគ្គ សរុបត្រឹម ៣ ទឹក ដើម្បីឈ្នះប្រាក់លាន ជាលើកទី៣ នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ ប៉ុន្តែអ្នកចាញ់ បានលេខ ២ ឡុង ជិន បានអះអាងថា មកពីរូបគេ មានរបួសចាស់ និងធ្វេសប្រហែល ពេលប្រកួតវគ្គជម្រុះ ដោយយោគយល់ទៅលើកីឡាករ ខុន បូឡា ជាមិត្តភក្តិ នាំឱ្យមានរបួសបែកថែមមួយទៀត មានពេលជួប វេង សុភ័ក្រ នៅវគ្គផ្តាច់ព្រ័ត្រ។
តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យនោះ កីឡាករ វេង សុភ័ក្រ ដែលខកខានប្រកួតមួយរយៈ ដោយសារជាប់ធ្វើចត្តាឡីស័កនោះ ដណ្តើមបានប្រាក់រង្វាន់ចំនួន ៣,៤ លានរៀល លើកនេះ ដោយមិនចំណាយកម្លាំងអស់ច្រើនឡើយ ព្រោះនៅវគ្គជម្រុះ ៣ ទឹក រូបគេបានផ្តួលកីឡាករ ធី វ៉ារិទ្ធ មកពីក្លិបអាណាចក្រគុនខ្មែរ ត្រឹមតែ ១ ទឹកប៉ុណ្ណោះ រួចបានឈានទៅផ្តួល ឡុង ជិន ត្រឹមទឹកទី ២ នៅវគ្គផ្តាច់ព្រ័ត្រ។
ជាមួយជ័យជម្នះនេះ វេង សុភ័ក្រ បាននិយាយថា៖ «ខ្ញុំមើលឃើញ ធី វ៉ារិទ្ធ ធ្វេសប្រហែល ទម្លាក់ដៃចុះ អ៊ីចឹងខ្ញុំទាត់ចូលគោលដៅល្អភ្លាម និងសម្រុកបន្ថែម គឺទទួលបានជ័យជម្នះ ក្នុងទឹកទី ១ តែម្តង។ ចំណែកការប្រកួតផ្តាច់ព្រ័ត្រ ពីដំបូងខ្ញុំគិតថា លំបាកឈ្នះ ឡុង ជិន ដែរ ប៉ុន្តែគាត់រងរបួសចាស់ កម្លាំងធ្លាក់ចុះ នាំឱ្យខ្ញុំឈ្នះយ៉ាងស្រួល មិនចំណាយកម្លាំងច្រើន គឺវ៉ៃឱ្យបែកឈាមលើរបួសចាស់ ឈាមហូរចូលភ្នែក ហើយគ្រូពេទ្យបញ្ឈប់ ឡុង ជិន ត្រឹមទឹក ២ តែម្តង»។
ចំណែក ឡុង ជិន ដែលបានត្រឹមចំណាត់ថ្នាក់លេខ ២ ជាមួយប្រាក់រង្វាន់ ១,៨ លានរៀល នោះ បានប្រាប់ពីមូលហេតុពិត ថា ការចាញ់ វេង សុភ័ក្រ នេះ ដោយសាររូបគេមានរបួសចាស់ ព្រមទាំងការធ្វេសប្រហែស ក្នុងពេលប្រកួតជាមួយអតីតមិត្តរួមក្លិប ខុន បូឡា នាំឱ្យ បូឡា វាយកែងបណ្តាលឱ្យ បែកហូរឈាម ឡើងខ្សោយកម្លាំង។

ឡុង ជិន បាននិយាយថា៖ «មូលហេតុចាញ់របស់ខ្ញុំ គឺបណ្តាលមកពីខ្ញុំ នៅមានរបួសចាស់ គឺឈឺខ្លួនមិនទាន់បាត់ ពេលប្រកួតជាមួយ អេលីត ចំរើន កាលពីសប្តាហ៍មុនផង ហើយក្នុងការប្រកួតវគ្គជម្រុះដំបូង ជាមួយ ខុន បូឡា លើកនេះ ខ្ញុំប្រហែសខ្លាំង ដោយវ៉ៃគ្នា មិនសូវស្និទ្ធ ឬអស់ពីកម្លាំងចិត្តទេ ព្រោះជាមិត្តភក្តិ ធ្លាប់ហាត់ជាមួយគ្នា»។
កីឡាករវាយមិនសូវដកថយរូបនេះ បានបន្ថែមថា៖ «ខ្ញុំនៅយល់គេខ្លះ មិនផ្តួលឱ្យសន្លប់ទេ ដោយសង្ឃឹមឈ្នះត្រឹមពិន្ទុបានហើយ ប៉ុន្តែ ខុន បូឡា នេះ បានវ៉ៃកែងឱ្យខ្ញុំបែកឈាមហូរច្រើន ខ្សោយកម្លាំង។ ជាមួយការមានរបួសចាស់នេះ នៅវគ្គផ្តាច់ព្រ័ត្រ វេង សុភ័ក្រ បានវាយចំកន្លែងចាស់នេះទៀត នាំឱ្យបែកឈាម ធ្វើឱ្យខ្ញុំ មិនអាចទប់ទល់ជាមួយគេបាន»។
ឡុង ជិន បានសារភាពថា៖ «ខ្ញុំយោគយល់គេ នាំឱ្យរងគ្រោះខ្លួនឯង គឺបែកដោយស្នៀតកែងរបស់ ខុន បូឡា។ ខ្ញុំមិនសោកស្តាយទេ ព្រោះនេះជាមេរៀន មិនមែនចាញ់ហើយ មានលេសនោះឡើយ។ ប្រសិនបើខ្ញុំគ្មានរបួសនោះទេ វេង សុភ័ក្រ មិនអាចស៊ីខ្ញុំផុយយ៉ាងនេះទេ គឺចាញ់ឈ្នះ យ៉ាងតឹងតែងបំផុត ហេតុនេះខ្ញុំចង់សងសឹកជាមួយ វេង សុភ័ក្រ នេះម្តងទៀត គឺខ្ញុំសុំគណៈកម្មការឱ្យចាប់គូប្រកួតគ្នាឡើងវិញផង»។
ចំពោះសំណើនេះ លោក ជួប វុត្ថា គណៈកម្មការផ្គូផ្គង នៅសង្វៀនថោន បាននិយាយថា៖«យើងនឹងផ្តល់ឱកាសឱ្យ ឡុង ជិន និង វេង សុភ័ក្រ បានប្រកួតសងសឹកគ្នាទៀត ប៉ុន្តែការរៀបចំផ្គូផ្គង យើងលំបាកដឹងថា កីឡាករមកពីក្លិបផ្សេងគ្នា ជាមិត្តភក្តិនឹងគ្នានោះឡើយ ហើយនេះក៏ជាបទពិសោធមួយផងដែរ។ លើកក្រោយ យើងផ្គូផ្គង ហើយស៊ើបសួរថា តើមិត្តភក្តិ វ៉ៃគ្នាអស់សមត្ថភាពឬអត់?»៕
