
អង្គប្រជុំប្រចាំសប្តាហ៍របស់ CAMSOC ដែលត្រូវបានធ្វើនៅទីស្នាក់ការរបស់ NOCC កាលពីព្រឹកថ្ងៃអង្គារ។ រូបថត CAMSOC
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍របស់ CAMSOC បានដំណើរការប្រជុំប្រចាំសប្តាហ៍ កាលពីព្រឹកថ្ងៃអង្គារ ដើម្បីបូកសរុបការងារសំខាន់ៗ ដែលប្រឈម និងដំណោះស្រាយបានល្អ ក្នុងរយៈពេលនៃការលំបាក ដោយជំងឺកូវីដ ១៩ ក្នុងឆមាសទី១ កន្លងមក បើទោះជាមានឧបសគ្គធំ ដោយបានបិទខ្ទប់ តាំងពីខែមេសា ហើយផែនការហ្វឹកហាត់ ក្នុងពហុកីឡាដ្ឋាន ត្រូវរអាក់រអួល ដោយទីតាំងហ្វឹកហាត់ ត្រូវប្រើប្រាស់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ យ៉ាងណាក្តី។
ជាមួយគ្នានេះ កិច្ចប្រជុំ បានរៀបចំផែនការសំខាន់ៗ សម្រាប់ឆមាសទី២ គឺ ៦ ខែចុងក្រោយ ឆ្នាំ ២០២១ ដែលជាការត្រៀមលក្ខណៈសម្បតិឱ្យបានរួចរាល់គ្រប់យ៉ាង ក្នុងនោះផ្តោតទៅលើការកំណត់ទីលាន, កំណត់ចំនួនប្រភេទកីឡា, រៀបចំសម្ភារបច្ចេកទេសបម្រើការប្រកួត ព្រមទាំងប្រកាសបើកយុទ្ធនាការឃោសនា តាមផែនការមេរបស់រាជរដ្ឋាភិបាល ដែលបានប្រគល់ជូនគណៈអចិន្ត្រៃយ៍ CAMSOC។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់សម្ភាសឱ្យក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្រោយការប្រជុំថា អង្គប្រជុំ ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានវាយតម្លៃខ្ពស់ ចំពោះដំណោះស្រាយបញ្ហាប្រឈមជាច្រើនកន្លងមកបានល្អ ក្នុងសម័យកូវីដ ១៩។ បន្ថែមលើនេះ លោកបណ្ឌិត បានជំរុញលើកទឹកចិត្តចំពោះទិសដៅការងារសំខាន់ៗ ឱ្យទទួលបានលទ្ធផលល្អ ក្នុងឆមាសទី២ គឺ ៦ ខែ ចុងឆ្នាំ ២០២១ ខាងមុខនេះ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «បញ្ហាចំពោះមុខនេះ គឺការត្រៀមទីលានប្រកួតឱ្យបានរួចរាល់ ក្នុងនោះពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលកំពុងខ្វីប្រើប្រាស់ សម្រាប់អ្នកជំងឺកូវីដ ក៏ត្រៀមរៀបចំឡើងវិញ ហើយយើងត្រូវកំណត់ចំនួនប្រភេទកីឡាឱ្យបានរួចរាល់, ត្រៀមរៀបចំសម្ភារបម្រើការប្រកួតឱ្យបានរួចរាល់, បើកយុទ្ធនាការផ្សព្វផ្សាយ ពីព្រឹត្តិការណ៍ស៊ីហ្គេម ព្រមទាំងពិនិត្យពីរបៀបរបបពិធីបើក-បិទ ឱ្យបានរួចរាល់ និងប្រារព្ធពិធីរាប់ថយក្រោយចំនួន ៥០០ ថ្ងៃចុងក្រោយ ដែលត្រូវចំ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១»។
លោក វ៉ាត់ ចំរើន បានលម្អិតពីកម្មវិធីក្នុងរយៈពេល ៦ ខែ ចុងក្រោយ ឆ្នាំ ២០២១ នេះថា៖ «មានការងារបន្ថែមទៀត ទៅលើការគិតគូផលិតវត្ថុអនុសាវរីយ៍, ផលិតមេដាយ និងនិមិត្តសញ្ញា លើមេដាយ និងដាក់បញ្ចូល នូវការឃោសនា ឱ្យប្រជាពលរដ្ឋយល់ដឹង គឺប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយប្រភេទ ទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា»។
អ្នកជំនាញកីឡារូបនេះ បានបន្ថែមថា៖ «ជាមួយគ្នានេះ យើងត្រូវអប់រំ ផ្សព្វផ្សាយ អំពីវិធានការរបស់ក្រសួងសុខាភិបាល មាន ៣ កុំ ៣ ការពារ ព្រមទាំងបញ្ជ្រាបពីបញ្ហាយល់ដឹង ការការពារ មិនឱ្យមានសារធាតុគ្រឿងញៀន ក្នុងកីឡាជាដើម ហើយកិច្ចការនេះ ត្រូវរៀបចំឱ្យបានស្រេច ក្នុងឆ្នាំ ២០២១ ហើយចូលដល់ឆ្នាំ ២០២២ យើងត្រូវគិតគូជាចម្បង និងផ្តោតខ្លាំងទៅលើការហ្វឹកហាត់ឱ្យខ្លាំក្លា ដល់កីឡាជំនាញ កម្រិតខ្ពស់»៕