ភ្នំពេញ៖ អ្នក​ប្រដាល់ ​សយ​ សុខ​ ដែល​ចាប់​យក​មុខ​របរ​ប្រ​កួត​​​ប្រដាល់ ​ដើម្បី​រៀន​ដល់​ថ្នាក់​មហា​វិទ្យាល័យ​នេះ ​ទទួល​បាន​ឱកាស​ចូល​ប្រ​កួត​ប្រជែង​ដណ្តើម​​ខ្សែ​ក្រវាត់ ​នៅ​សង្វៀន​ ​PNN ដែល​មាន​ទំហំ​ទឹក​ប្រាក់វគ្គ​​ផ្តាច់​ព្រ័ត្រ​រហូត​ដល់ ​១ ម៉ឺន​ដុល្លារ​ ឯណោះ​។ ទោះ​យ៉ាង​ណា សម្រាប់ការ​ជួប សេក គឹមសាន ក្នុង​វគ្គជម្រុះ នា​ថ្ងៃ​អាទិត្យ​នេះ​ ​សយ ​សុខ ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។

បើ​និយាយ​ពី​​បទ​ពិសោធ​​ប្រ​កួត​ ​សយ ​សុខ ​​ឡើង​សង្វៀន​បាន​តិច​ជាង ​សេក ​គឹម​សាន​​ពាក់​កណ្តាល​ឯណោះ​។​ សមត្ថភាព​របស់​ សយ​ សុខ ​​គិត​មក​ដល់​បច្ចុប្បន្ន​ឈរ​ក្នុង​លំដាប់​គូ​ឯក​រង​នៅ​ឡើយ ​ចំណែក ​សេក ​គឹម​សាន ​ពេល​ខ្លះ​​បាន​ឈាន​ដល់​គូ​ឯក​ហើយ​។ ហេតុនេះ​​​ការ​ឡើង​សង្វៀន​លើក​នេះ​ សយ ​សុខ មាន​​សង្ឃឹម​តិច​ ប៉ុន្តែគេសប្បាយ​ចិត្ត ព្រោះ​នេះ​​ជា​មុខ​របរ​​ទទួល​បាន​ប្រាក់​ជួយ​ជីវភាព​ចូល​រៀន​ជិត​ចប់​មហា​វិទ្យា​ល័យ​ទៅ​ហើយ​។​

សយ ​សី បាន​​និយាយ​ថា​៖ «នេះជា​លើក​ដំបូង ដែល​ខ្ញុំ​បានចូល​​ប្រកួត​​ខ្សែ​ក្រវាត់​ ​ដោយ​សង្ឃឹម​តិច​ណាស់​​ថា​ អាច​​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​ព្រោះ​ប៉ះ​សុទ្ធ​តែ​កីឡាករ​ខ្លាំង​ៗ​។ ​ចំណែក​​​ការ​ប្រ​កួត​វគ្គ​ជម្រុះ​ ថ្ងៃ​អាទិត្យ​នេះ​ ​ជា​មួយ ​សេក ​គឹម​សាន ​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ ​ព្រោះ​គាត់​ល្អ​ទាត់ កម្លាំង​ចេញ​ធ្ងន់​ ខណៈការ​ជួបគ្នា ​២ ​លើកកន្លងមក ខ្ញុំ​បាន​​ស្មើ​គាត់​មួយ​លើក និង​​ចាញ់​គាត់​មួយ​លើក ​ហើយ​ពេល​នេះ​ទោះ​ហាត់​បាន​ល្អ​ ក៏​រំពឹង​​ឈ្នះ​ត្រឹម ​៥០ ​ភាគ​រយ​ប៉ុណ្ណោះ​»។​

ចំណែក​គ្រូ​បង្វឹក​របស់ សេក ​គឹម​សាន​ ​បាន​ប្រាប់​ថា​៖ «​សេក​ គឹម​សាន ​ត្រៀម​បាន​ល្អ​ហើយ ​ចំណែក​ការ​ប្រ​កួត​វគ្គ​ជម្រុះ​នេះ​ សង្ឃឹម​ឈ្នះ​ ៨០ ​ភាគ​រយ ​ដោយ​អាច​នឹង​ឆ្លង​ផុត​ទៅ​វគ្គ​បន្ត​​៨​​នាក់​ចុង​ក្រោយ ​មិន​ខាន​។ ​

លោក ​សេក ​គឹម​សន បាន​​បន្ត​ថា​៖ «​គឹម​សាន ​វាហាត់​បាន​យូរ​គ្រាន់ ​ហើយ​ត្រៀម​បាន​ល្អ​។ ​ចំពោះ​ដៃ​គូ​ ​សយ ​សុខ ​មិន​បញ្ហា​នោះ​ទេ ​យើង​សង្ឃឹម​ច្រើន​ ​ព្រោះ​ធ្លាប់​ឈ្នះ​ផង​ ហើយ​ សយ ​សុខ​ ​គេ​ដូច​ជា​គ្មាន​ស្នៀត​អ្វី ​លំបាក​ទប់​ទល់​នោះ​ឡើយ»​។​

តាម​ប្រ​វត្តិ​ប្រ​កួត​ ដែល​ទទួល​បាន​ពី​គណៈ​កម្មការ​ផ្គូ​ផ្គង បាន​​ឱ្យ​ដឹង​ថា​ ​សយ ​សុខ ​ប្រ​កួត​បាន​​ ៥០ ​ដង ​ឈ្នះ​ ៣៣ ​​ចាញ់​ ១៥​ ​ស្មើ ​២​ ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​​បាន​ ​២​ ដង​។​ចំណែក​ សេក​ គឹម​សាន ​វិញ​ប្រ​កួត​បាន​ ​១០៦​ ដង ​ឈ្នះ​ ៦២​ ​ចាញ់​ ​៣៩​ ​ស្មើ ​៥​ ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ ​១៥​ ដង​។

តាម​វិជ្ជា​គុន​របស់​កីឡាករ​ សយ ​សុខ ​មាន​កម្រិត​នៅ​ទាប​ជាង ​សេក ​គឹម​សាន ​និង​គ្មាន​ស្នៀត​សម្លាប់​ទេ ​ប៉ុន្តែ​ សយ​ សុខ​ ជា​កីឡាករ​រឹង​មាំ ​មាន​ស្នៀត​ការ​ពារ​បាន​ល្អ ​ហើយ​មិន​ងាយ​នឹង​ចាញ់​ដោយ​សន្លប់​នោះ​ឡើយ ​ខណៈ​ដែល​ការ​ទស្សន៍​ទាយ​មុន​ប្រ​កួត ​មិន​អាច​កំណត់​ជ័យ​ជម្នះ​មុន​បាន​ទេ​៕

​​