ភ្នំពេញ៖ ​កីឡាករ​​ជម្រើស​ជាតិ​ប្រដាល់​ឃីក​បុកស៊ីង សុខ រិទ្ធ ​ទំនង​ដូច​ជា​ធ្លាក់​ចុះ​​សមត្ថភាព​​មួយ​កម្រិត​ព្រោះ​​ ២ ​ប្រកួត​ចុង​ក្រោយ​នេះ គេ​​បាន​ចាញ់​ ​រិន ​ដាវីដ ​និង​ចាញ់ ​សែន​ រ៉ាដេត ​យ៉ាង​គ្រាំគ្រា​។ ​​​សុខ ​រិទ្ធ ​បាន​ស្នើ​សុំ​ប្រកួត​សងសឹក ​ដើម្បី​ស្តារ​មុខ​មាត់ ​និង​ភាព​ល្បីល្បាញ​ ប៉ុន្តែ​​គណៈកម្មការ​ផ្គូផ្គង​​របស់​សង្វៀន​ថោន​បាន​សម្រេច​ទទួល​យក ​និង​ដាក់​ឱ្យ​ ​សុខ ​រិទ្ធ​ ​ប្រកួត​ជាមួយ​ ​យ៉ន ​ពិសី ​​លក្ខណៈ​ម៉ាសហ្វៃ ​តែ​ ១ ទឹក ​មាន​ ៩ ​នាទី​ នៅ​ថ្ងៃ​អាទិត្យ​​នេះ ហើយ​បើ​ សុខ រិទ្ធ អាច​ឈ្នះ គឺ​គណៈកម្មការ​នឹង​ដាក់​​ឱ្យ​គេ​បាន​សងសឹក​ សែន រ៉ាដេត។

តាម​ប្រវត្តិ​ប្រកួត​ សុខ ​រិទ្ធ​ មាន​បទពិសោធ​​ចាស់​វស្សា​ជាង ​យ៉ន ​ពិសី​ ព្រោះ ពិសី ​ទើប​ទទួល​បាន​ភាព​ល្បីល្បាញ​ជំនាន់​ក្រោយ​ ចំណែក សុខ រិទ្ធ មាន​ឈ្មោះ​បោះ​សំឡេង​យូរ​មក​ហើយ តាំង​ពី​រូប​គេ​​ប្រកួត​នៅ​ជាយ​ដែន និង​នៅ​លើ​ទឹក​ដី​ថៃ ប៉ុន្តែ ​យ៉ន ​ពិសី​ មាន​ទឹក​ចិត្ត​ប្រយុទ្ធ​វាយ​សម្រុក​ខ្លាំងៗ​មិន​ដែល​ចេះ​ស្ទាបស្ទង់ ​ឬ​បន្ថយ​ដៃ​នោះ​ទេ​។​

កីឡាករ​មាន​អាយុ​ ២៥​ឆ្នាំ​ កម្ពស់​ ​១,៦៥​ ​ម៉ែត្រ សុខ រិទ្ធ ធ្លាប់​​ប្រកួត​ ​៥៣ ​ដង ឈ្នះ​​ ៤២​ ​ចាញ់​ ៦ ​​ស្មើ​ ៥ ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន ​១៨ ​ដង​។ ​ចំណែក ​យ៉ន ​ពិសី មាន​​អាយុ​ ២៦ ​ឆ្នាំ ​កម្ពស់​ ១,៦៦​ ម៉ែត្រ​ ធ្លាប់​​ប្រកួត​បាន ​៥១​ ​ឈ្នះ​ ៣៨ ​​ចាញ់​ ១០​ ​ស្មើ​ ៣ ដង ​ក្នុង​នោះ​បាន​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​​ ១២ ​ដង​។​

សុខ​ រិទ្ធ​ និយាយ​ថា​៖​ «​​ការ​ប្រកួត​លើក​​នេះ​ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​​បាន​ល្អ ​គឺ​ប្រកួត​យក​ឈ្នះ​ឱ្យ​​បាន​ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​សងសឹក​ជាមួយ ​សែន ​រ៉ាដេត​ បន្ត​នៅ​ថ្ងៃ​ក្រោយ​»។ ​យ៉ាង​ណា​ក៏​ដោយ​កីឡាករ​ សុខ​ រិទ្ធ ​មិន​ហ៊ាន​អះអាង​ពី​ការ​ឈ្នះ​លើ​ យ៉ន ​ពិសី​ ប៉ុន្មាន​ភាគរយ​​នោះ​ទេ គ្រាន់​តែ​​ធានា​​ថា នឹង​ខំ​​ប្រកួត​ឱ្យ​​ល្អ​ជាង​មុនៗ ​និង​អស់​ពី​សមត្ថភាព​ ​ព្រោះ​បាន​ហ្វឹកហាត់​ត្រៀម​គ្រប់គ្រាន់​ហើយ។​

លោក ​សាន់ ​សៅយ៉ាន់ ​ជា​គ្រូ​ដើម​របស់ សុខ រិទ្ធ បាន​​និយាយ​ថា៖​ «​​ខ្ញុំ​មិន​បាន​បង្ហាត់​ផ្ទាល់​ទេ ​គេ​ហាត់​នៅ​ភ្នំពេញ​ ​ប៉ុន្តែ​មើល​ទៅ​ពិត​ជា​លំបាក​ប្រកួត​បន្តិច​ ​ព្រោះ​វ៉ៃ​តាម​ម៉ាសហ្វៃ​ ១ ​ទឹក​មាន​ចំនួន ​៩ ​នាទី ​គ្មាន​សម្រាក​ ពិត​ជា​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ទេ ព្រោះ ​សុខ ​រិទ្ធ ​វ៉ៃ​ក្បាច់​។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ ប៉ុន្តែ​មិន​ហ៊ាន​ថា​ប៉ុន្មាន​ភាគរយ​ទេ ​ចាំ​មើល​វា​ប្រកួត ​គឺ​វ៉ៃ​អស់​ពី​សមត្ថភាព​តែ​ម្តង»​។​

ចំណែក​លោក​ ឡុង​ សាលវ័ន្ត ​គ្រូ​បង្វឹក​ យ៉ន​ ពិសី​ បាន​និយាយ​ថា​៖ «​ពិសី​​ ​ហាត់​បាន​ល្អ​ហើយ​ការ​វ៉ៃ​តាម​របៀប​ម៉ាសហ្វៃ​ ៩ នាទី​នេះ​ យ៉ន​ ពិសី ​មាន​ទំនុក​ចិត្ត​ខ្ពស់ ​ព្រោះ​របៀប​វ៉ៃ​របស់​វា​សម្រុក​សន្ធាប់​ខ្លាំង ​គឺ​អាច​មាន​ឱកាស​ផ្តួល​ សុខ​ រិទ្ធ​ ឱ្យ​សន្លប់​បាន​ក្នុង​នាទី​ណា​មួយ​។​ ​មួយ​រយៈ​នេះ​ យ៉ន​ ពិសី​ ប៉ះ​សុទ្ធ​តែ​ជើង​ខ្លាំង ​ទោះ​បី​ឈ្នះ​ ឬ​ចាញ់ ​វា​មាន​ភាព​រឹងមាំ​ និង​បទពិសោធ​ល្អ​»​។

លោក ​ជួប ​វុត្ថា ​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោន​បាន​និយាយ​ថា​៖​ «រវាង​ សុខ​ រិទ្ធ ​និង ​យ៉ន ពិសី​ ពិត​ជា​កក្រើក​សង្វៀន​ ​ព្រោះ​ជើង​ចាស់​វស្សា ​និង​ជើង​ថ្មី​ជំនាន់​ក្រោយ​នេះ​ មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​សោះ​។​ ​អ្នក​ទាំង​ ២ ​សុទ្ធ​តែ​ធ្លាប់​ចាញ់​ សែន​ រ៉ាដេត​ អ៊ីចឹង​អ្នក​ណា​ឈ្នះ​ក្នុង​ជំនួប​នេះ​ នឹង​បាន​ឡើង​ទៅ​ប្រកួត​សងសឹក​ជាមួយ​ ​សែន​ រ៉ាដេត​ នៅ​សង្វៀន​ថោន​នេះ​ ដែល​ត្រៀម​ចាំ​រួច​រាល់»​​៕