ភ្នំពេញ៖ កីឡាករជម្រើសជាតិប្រដាល់ឃីកបុកស៊ីង សុខ រិទ្ធ មិនត្រឹមតែ​មិនអាច​យក​ឈ្នះ យ៉ន ពិសី ដើម្បី​ស្តាមុខមាត់​ឡើង​វិញប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចាញ់​ដោយសន្លប់​​ទៀត ប៉ុន្តែ​អ្នកប្រយុទ្ធ​និយមការ​វាយប្តូរ សឿន ថៃសាន់ ទទួល​បាន​ប្រាក់រង្វាន់ធំក្នុងអាជីព​ជា​លើក​ដំបូង ក្រោយ​រូបគេ​បានជម្នះការ​ប្រកួត​យ៉ាង​លំបាក ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក ការ​ប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់​លាន នៅសង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ។

សម្រាប់​ការ​​ប្រ​កួត Mas Fight មាន​ ​៩ ​នា​ទី កាលពី​ថ្ងៃអាទិត្យ​នោះ សុខ រិទ្ធ មាន​ប្រៀប ក្នុង​ការ​​ប្រកួត​ជាង ​៦ នាទី​ ដោយបាន​​វ៉ៃ​ឱ្យ​​កីឡាករ ​យ៉ន ​ពិសី ​ទ្រម​ខ្លួន ​សឹង​តែ​បោះ​បង​ការ​ប្រ​កួត​ម្តង​ៗ​ទៅ​ហើយ​ ប៉ុន្តែ​​លទ្ធផល​បាន​ប្រែ​ប្រួល​ភ្លាមៗ នៅចុង​ទឹក ដោយ យ៉ន ពិសី បាន​ចូល​ប្តូរកណ្តាប់​ដៃ និង​​ម៉ាត់​ចូលថ្គាម​ពេញ បណ្តាល​ឱ្យ សុខ រិទ្ធ សន្លប់​តែម្តង។

ការ​ចាញ់​ដោយ​សន្លប់នេះ បាន​ធ្វើ​ឱ្យ សុខ រិទ្ធ ​ខក​បំណង​កាន់​តែ​ខ្លាំង ​ដោយ​ ៤​ ប្រ​កួត​ចុង​ក្រោយ​ បាន​ចាញ់​ផ្ទួនៗ ​គួរ​ឱ្យ​​អាណិត ហើយការខិតខំ​ប្រឹងប្រែង តែ​មិនទទួល​បានលទ្ធផល​ល្អ​នេះ ក៏​បាន​ធ្វើ​ឱ្យរូបគេ ​គ្មាន​​ឱកាស​បាន​ឡើង​​ទៅប្រកួត​​សង​សឹក​ជា​មួយ​ សែន​ រ៉ាដេត ទៅតាម​គោលបំណង​របស់ខ្លួន​​នោះ​ដែរ​។

ចំពោះការ​ចាញ់​សន្លប់នេះ ​សុខ ​រិទ្ធ បាន​ប្រាប់ថា​៖ «​ខ្ញុំ​ប្រឹង​អស់​លទ្ធភាព​ដើម្បី​ស្តា​មុខ​មាត់​ឡើង​វិញ ​តែ​សំណាង​អាក្រក់​ ភ្លាត់​ស្នៀត​ ដោយ​​កីឡាករ​ យ៉ន​ពិសី​ ចេញ​មួយ​ដៃ​ស្តាំ​ ចូល​​ថ្គាម ​បណ្តាល​ឱ្យ​សន្លប់​តែ​ម្តង​។​ ​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ជូន​បង​ប្អូន​ពុក​ម៉ែ​ទេ ​មាន​តែ​សុំ​ទោស​ម្តង​ទៀត ​ចំពោះ​អ្នក​គាំ​ទ្រ​​ ​ព្រោះ​ខ្ញុំ​ប្រឹង​អស់​ហើយ គឺ​​ប្រឹង​អស់​ពី​សមត្ថភាព ​ដោយ​សង្ឃឹម​ថា​ បាន​លទ្ធផល​ឈ្នះ ​តែ​ធ្វើ​ម៉េច ​បើ​ចូល​ដៃ​របស់​គេ​ ​ចប់​តែ​ម្តង»​។

កីឡាករ សឿន ថៃសាន់ និង ឡុង ខេត្ត ពេលឡើង​ទទួល​ប្រាក់​រង្វាន់ ក្រោយការ​ប្រកួត​ផ្តាច់​ព្រ័ត្រ បានបញ្ចប់។ រូប​ថត សហការី

​ចំណែក​លោក​ សាន់​ សៅយ៉ាន់ ​គ្រូ​បង្វឹក ​សុខ ​រិទ្ធ បាន​​និយាយ​ថា​៖ ​«វា​ធ្វើ​បាន​ល្អ​ជាង​មុន​ហើយ​ តែ​វា​ភ្លាត់​ស្នៀត​ អ៊ីចឹង​​គ្រូ​ គ្មាន​បន្ទោស​ទេ​ មាន​តែ​សរសើរ​លើក​ទឹក​ចិត្ត​ឱ្យ​​ខំ​ហាត់​បន្ថែម​ទៀត​ គឺ​ធ្វើ​កីឡាករ​ មិន​ត្រូវ​អស់​សង្ឃឹម​នោះ​ទេ​ ព្រោះ​យើង​វ៉ៃ​បាន​ល្អ​ ប៉ុន្តែ​បិទ​ស្នៀត​ការ​ពារគេ ​មិន​បាន​ល្អ ​គឺ​ចាញ់​ដោយ​សោក​ស្តាយ ​និង​មិន​អស់​ចិត្ត»​។​

ចំណែក​​កីឡាករ ​សឿន ​ថៃ​សាន់ ​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ បាន​ឈ្នះ​ជើង​ឯក​ម៉ារ៉ាតុង​ប្រ​ចាំ​សប្តាហ៍​ទី​៧៩ ដោយ​​ទទួល​បាន​ប្រាក់​ចំ​នួន ​៣​,​៤​ លាន​រៀល​ បន្ទាប់​ពី​រូបគេ បាន​ឈ្នះ ​ពុទ្ធ​ ម៉ាណូយ​ នៅ​វគ្គ​ជម្រុះ​៣​ទឹក ដោយ​ពិន្ទុ​ រួច​បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​បាន​យក​ឈ្នះ ​ឡុង ​ខេត្ត ​ដោយ​ពិន្ទុ​យ៉ាង​តឹង​តែង ​ក្នុង​ពិន្ទុ ​៣​-​២ ​ដូច​គ្នា​។​

​សឿន ​ថៃ​សាន់​ ​បាន​​និយាយ​ថា​៖ ​«ក្នុង​ជីវិត​ជា​​អ្នក​ប្រដាល់​​ជិត​ ៧ ឆ្នាំ​​មក​នេះ​ ខ្ញុំមិន​ដែល​បាន​ឈាន​ដល់​ឈ្នះ​ប្រាក់​រង្វាន់​ធំ​ ដូច​ពេល​នេះ​ឡើយ​​។​ ​ខ្ញុំ​ហ្វឹក​ហាត់​ត្រៀម​បាន​​មួយ​ខែ​ ហើយ​ការ​ឈ្នះ​របស់​ខ្ញុំ​ គឺ​តឹង​តែង​ណាស់ ​ប៉ុន្តែ​នេះ​ជា​លើក​ទី ​១ ​ដែល​ខ្ញុំ​បាន​ប្រាក់​រង្វាន់​​ច្រើនបែបនេះ ​ដើម្បីយកទៅ​​​ជួយ​ជីវភាពក្នុងគ្រួសារ»​។​

ចំណែក​ជើង​ឯក​រង ដែល​ទទួលបានប្រាក់រង្វាន់បាន ១,៨ លាន​រៀល ​កីឡាករ​ ឡុង ខេត្ត បាន​និយាយ​ថា៖​ «​ការ​ចាញ់​នេះ​ ខ្ញុំ​មិន​ទាន់​អស់​ចិត្ត​ទេ ​ប៉ុន្តែ​ខ្ញុំ​មិន​តវ៉ា​នោះ​ឡើយ ​គឺ​រង់​ចាំ​គ្រូ​ដាក់​ឱ្យ​ប្រកួត​​សង​សឹង​ម្តង​ទៀត​»។​

ជាមួយ​គ្នា​នេះ ​លោក​ ជួប​ វុត្ថា​ អ្នក​ផ្គូ​ផ្គង ​និង​សម្រប​សម្រួល នៅ​សង្វៀន​ថោន បាន​​និយាយ​ថា​៖ «​លទ្ធផល​ប្រ​កួត​រវាង​ពួក​​គាត់ទាំង​អស់​ ​​ឈ្នះ​មិន​ដាច់​មែន ​គឺ​លទ្ធផល​ពី​សំណាក់​ចៅ​ក្រម​សុទ្ធ​តែ ​៣ ​ទល់​នឹង ​២ ​ទាំង​អស់​ ហេតុ​នេះ​ការ​ប្រ​កួត​ល្អ​មើល​ និង​មាន​អ្នក​ទស្សនា​ចូល​មើល​តាម​​ផេកហ្វេសប៊ុក ​ពេល​ចប់​ការ​ប្រ​កួត​ រហូត​ដល់​ ១៣៤​K ឯណោះ»​៕​