ភ្នំពេញ៖ គ្រូបង្វឹក​ក្រុម​ណាហ្គាវើលដ៍ លោក មាស ចាន់ណា បាន​ចាត់​ទុក​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អង្គរថាយហ្គឺរ នៅ​រសៀល​ម៉ោង ៣:៣០ នាទី​ ថ្ងៃ​អង្គារ​នេះ​ថា ​ជា​ការ​ប្រកួត​ដ៏​តានតឹង ដោយ​លោក​បាន​សារភាព​​ថា ក្រុម​ណាហ្គាវើលដ៍ មិន​ធ្លាប់​ឈ្នះ​អង្គរថាយហ្គឺរ​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប​នេះ ម្តង​ណា​ទេ គឺ​មាន​តែ​ចាញ់​ហើយ​ និង​ស្មើ​។

ជាមួយ​គ្នា​នេះ ក្រុម​ណាហ្គាវើល​ក៏​បាន​អវត្តមាន​កីឡាករ​បរទេស​សំខាន់ ២ នាក់​ផង​ដែរ គឺ​ខ្សែ​ប្រយុទ្ធ​មាន​ធំ LeucaPetru ជា​ពិសេស​ខ្សែ​បម្រើ​ជនជាតិ​ជប៉ុន Fumiya ​Kogure ដែល​គេ​ម្នាក់​នេះ តែងតែ​ស្ថិតនៅ​ក្នុង​ជម្រើស​ដំបូង​ហើយ​កាល​ប្រកួត​ជាមួយ​​​ក្រុម​អាស៊ី​អឺរ៉ុប​កាល​ពី​ថ្ងៃទី ១៤ ខែ​កក្កដា​ Fumiya Kogure រក​បាន ២ គ្រាប់ ក្នុង​ជ័យជម្នះ ៥-៣ មុន​ពេល​រូប​គេ​ត្រូវ​បាន​ប្តូរ​ចេញ ដោយ​មាន​របួស។

លោក មាស ចាន់ណា បាន​ប្រាប់​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ការ​ត្រៀម​របស់​យើង​ថា ​ល្អ​ក៏​មិន​ល្អ​ថា ​អាក្រក់​ក៏​មិន​អាក្រក់ ព្រោះ​យើង​ត្រៀម​ធម្មតា​ដូច​ការ​ប្រកួត​​សព្វ​ដង​ដែរ គ្រាន់​តែ​លើក​នេះ យើង​មាន​បញ្ហា​កីឡាករ​ឈឺ​ច្រើន គឺ​កីឡាករ​បរទេស​របស់​យើង ២ នាក់​បាន​ឈឺ ខណៈ​ការ​ប្រកួត​កន្លង​មក យើង​ដាក់​កីឡាករ​បរទេស​ឱ្យ​ចូល​លេង​យ៉ាង​ច្រើន​បាន​ត្រឹម ៣ នាក់​ទេ គឺ​មិន​ដែល​ដាក់ ៤ នាក់​ឡើយ​ អ៊ីចឹង​ដល់​ពេល​អ្នក​ត្រូវ​ដាក់​ឱ្យ​លេង​បាន​ឈឺ​បែប​នេះ​ វា​អាច​នឹង​មាន​ការ​ប៉ះពាល់​ដល់​ការ​ប្រកួត​នេះ​ផង​ដែរ»។

លោក មាស ចាន់ណា បន្ថែម​ថា៖ «ការ​ប្រកួត​នេះ វា​អាច​នឹង​មាន​ភាព​តានតឹង​សម្រាប់​ខ្ញុំ​ហើយ ព្រោះ​ខ្ញុំ​មក​ប្រកួត​នៅ​ទីនេះ (សៀមរាប) មិន​ដែល​​បាន​ឈ្នះ​ក្រុម​អង្គរថាយហ្គឺរ ទេ គឺ​មាន​តែ​ចាញ់ និង​ស្មើ តែ​អង្គរថាយហ្គឺរ ពេល​ទៅ​លេង​នៅ​ភ្នំពេញ​មាន​តែ​ចាញ់​ខាង​ខ្ញុំ​មិន​ដែល​ឈ្នះ​ឡើយ គឺ​វា​ប្រៀប​ដូច​ជា​ការ​ចែក​ទឹកដី​គ្នា​អ៊ីចឹង​ដែរ»​។

គួរ​រំឭកថា សម្រាប់​ការ​ជួបគ្នា ត្រឹម ១ លើក កាល​ពី​រដូវកាល​ឆ្នាំ ២០២០ ក្រុម​របស់​លោក មាស ចាន់ណា បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​អង្គរ​ថាយហ្គឺរ ២-០ ចំណែក​ពេល​នេះ អង្គរថាយហ្គឺរ មាន​ទម្រង់​លេង​កាន់​តែ​ល្អ និង​កំពុង​ឈរ​នៅលើ​កំពូល​តារាង ដោយ​មាន ១៩ ពិន្ទុ ជាមួយ​ការ​ឈ្នះ ៦ ស្មើ ១ និង​ទើប​តែ​ចាញ់​ក្រុម​វិសាខា ៣-១ កាល​ពី​ពេល​ថ្មីៗ​នេះ ខណៈ​ក្រុម​ណាហ្គាវើលដ៍ កំពុង​ឈរ​នៅ​លេខ ៦ ដោយ ៧ ប្រកួត​មក​នេះ ពួក​គេ​ឈ្នះ ៤ ស្មើ ២ និង​ចាញ់ ១ ​ប្រកួត​។

ជាមួយ​គ្នា​នេះ លោក មាស ចាន់ណា បាន​គិត​រួច​ទៅ​ហើយ​ថា អង្គរថាយហ្គឺរ ពិត​ជា​ចង់​ឈ្នះ​ក្រុម​ណាហ្គាវើល​ខ្លាំង ដើម្បី​អាច​បន្ត​មហិច្ឆតា​ឆ្ពោះ​ទៅ​រក​ការ​ប្រជែង​យក​ពាន​ក្នុង​រដូវកាល​នេះ ខណៈ​ប្រធាន​ក្លិប​អង្គរថាយហ្គឺរ​លោក Akihiro Kato ក៏​កំពុង​ជំរុញ​ក្រុម​លោក​ឱ្យ​បង្កើន​ការ​ខំប្រឹង ដើម្បី​សម្រេច​ក្តី​សុបិន​នេះ​ផង​ដែរ ប៉ុន្តែ​លោក មាស ចាន់ណា បាន​បង្ហើប​ថា អង្គរថាយហ្គឺរ​ ក៏​អាច​ជួប​ការ​បរាជ័យ​ដោយសារ​តែ​ការ​ចង់​ឈ្នះ​ណាហ្គាវើល​ខ្លាំង​ពេក​នេះ​ផង​ដែរ​។

គ្រូ​បង្គោល​ក្រុម​ណាហ្គាវើលដ៍​រូប​នេះបាន​បញ្ជាក់​ថា៖ «​ចំពោះ​​ការ​វិល​មក​ជួប​គ្នា​ជា​ថ្មី​នេះ យើង​មិន​ទាន់​អាច​និយាយ​បាន​​ទេ ព្រោះ​​​អង្គរថាយហ្គឺរ ពេល​នេះ ល្អ​ជាង​ពី​ឆ្នាំ​មុនៗ ហើយ​ខ្ញុំ​ដឹង​ថា ពួក​គាត់​ពិត​ជា​ចង់​ឈ្នះ​ក្រុម​ខ្ញុំ​ខ្លាំង​ណាស់ ព្រោះ​បើ​មិន​អាច​ឈ្នះ​ក្រុម​ខ្ញុំ​ទេ គឺ​អង្គរថាយហ្គឺរ វេទនា​ឈាន​ទៅ​ដណ្តើម​តំណែង​ជើងឯក​ហើយ»។

លោក មាស ចាន់ណា បាន​បញ្ជាក់​បន្ថែម​ថា៖ ​«ទោះ​យ៉ាង​ណា បើ​គេ​កាន់​តែ​ចង់​ឈ្នះ ខ្ញុំ​កាន់​តែ​ចង់​ស្មើ ហើយ​បើ​គេ​ចង់​ឈ្នះ ខ្ញុំ​ចង់​ស្មើ គឺ​ខាង​ខ្ញុំ​អាច​មាន​ឱកាស​ឈ្នះ​វិញ ប៉ុន្តែ​បើ​យើង​ចង់​យក​ឈ្នះ​គេ​តែ​ម្តង គឺ​វា​ពិបាក​នឹង​ឈ្នះ​ទៅ​វិញ»៕