ភ្នំពេញ៖ ក្រុម​អ្នក​ជិះ​កីឡា​ម៉ូតូ​ធំ មិន​មែន​អាជីព មកពី​ប្រទេស​ចិន បាន​បញ្ចប់​បេសកកម្ម ការ​ជិះតូម៉ូ​ធំ ក្នុង​ប្រទេស​កម្ពុជា នៅ​ខេត្តរតនគិរី ក្រោយពី​ពួកគេ​បាន​ជិះ​ម៉ូតូ​ធំ ឆ្លង​កាត់​ខេត្ត​កណ្តាល កំពង់ចាម ត្បូងឃ្មុំ សៀមរាប ក្រចេះ និង​ខេត្តស្ទឹងត្រែង។

ជាមួយ​នឹង​ការ​ជិះម៉ូតូ​ធំ​លក្ខណៈ​កម្សាន្ត​តាម​តំបន់ទេសចរណ៍ និង​ទស្សនាទេសភាព នៅ​ជនបទ​របស់​ក្រុម​ម៉ូតូធំ​មកពី​ប្រទេស​ចិន​នេះ ក៏​បាន​ផ្តោត​ផង​ដែរទៅ​ដល់​ការងារ​មនុស្ស​ធម៌ ជនជាតិ​ក្រីក្រ នៅ​ខេត្ត​រតនគិរី ដែល​បាន​បិទ​បញ្ចប់កាល​ពី​ព្រលប់​ថ្ងៃ​ចន្ទ នៅ​ក្រុង​បានលុង។

លោក យុគ គន្ធរ ជា​អ្នក​និយម​ចូល​ចិត្ត​ជិះម៉ូតូ​ធំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ម៉ូតូធំ​នេះ បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១៥ ខែ​ ក​កដ្កា ឆ្នាំ​ ២០២១ ក្នុង​នោះ​មាន​ម៉ូតូ ៩ គ្រឿង និង​រថយន្ត​ចំនួន ៤​ សម្រាប់​ដឹក​ស្បៀង​អាហារ និង​គ្រឿងបរិភោគ មាន​អង្ករ មី ត្រីខ ទឹកត្រី ជា​ដើម​ដើម្បី​ផ្តល់​ជូនជន​ក្រីក្រ នៅ​ជន​បទ នាខេត្ត​ឆ្ងាយៗ។

លោក​បាន​បន្ត​ថា៖ «នេះ​ជា​បេសកកម្ម​ជិះ​ម៉ូតូ​មនុស្ស​ធម៌ គ្មាន​ពាក់​ព័ន្ធបញ្ហា​នយោបាយ ជំនួញ​សេដ្ឋកិច្ច ឬ​ស្វែង​រកប្រាក់​ចំណេញ​អ្វី​នោះទេ ដោយ​អ្នកជិះមក​ពីប្រទេស​ចិន​ទាំង​នេះ បាន​ជិះ​ក្នុង​លក្ខណៈ​កម្សាន្ត​ស្វែង​យល់​ពី​ជីវភាពរស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ភាគ​តិច ក្នុង​ប្រធាន​បទ Long Live Biker Friendship ដោយបាន​ជិះ​ឆ្លង​កាត់​ខេត្ត​ជាច្រើន លើ​ចម្ងាយ​ផ្លូវ​សរុប ៣០ ០០០ គីឡូម៉ែត្រ»។

តំណាង​ឱ្យ​អ្នក​ជិះ​កម្ពុជា លោក យុគ គន្ធរ បាន​ប្រាប់​បន្ថែម​ថា៖ ​«ខ្ញុំ​មានដើម​កំណើត​បារាំង តែបាន​មករស់​នៅ​កម្ពុជា តាំង​ពីឆ្នាំ ១៩៩២។ ខ្ញុំ​និយម​ជិះ​ម៉ូតូរាល់​ចុង​សប្តាហ៍ ជាពិសេស​កូនៗ​ខ្ញុំ​ទាំង ៣ នាក់ គាត់​ហ្វឹកហាត់​ជា​លក្ខណៈកីឡាករ​កីឡារិនី​ពាក់​កណ្តាល​អាជីព»។

លោក​បាន​បញ្ជាក់​ថា៖​«សម្រាប់​ការ​ជិះម៉ូតូ​លើក​នេះ គឺ​ជា​ឱកាស​មិត្ត​ភាពយូរ​អង្វែង ដើម្បី​ជ័យជម្នះ ដោយ​យើង​ប្រើ​ប្រធាន​បទ Long Live Biker Friendship ហើយ​ខ្លឹមសារ​មួយ​ទៀត នៃ​ការ​ជិះម៉ូតូ​នេះ គឺ​សប្បាយ សុខភាព​ល្អ មានអារម្មណ៍​ជ្រះថ្លា ជាមួយ​ធម្ម​ជាតិ និង​មាន​ឱកាស​ធ្វើ​ការងារ​មនុស្សធម៌ ព្រោះ​អ្នកជិះ​ទាំង​នេះ មិនមែន​អាជីព​ទេ គឺ​ភាគ​ច្រើន​អ្នក​ជំនួញពា​ណិជ្ជកម្ម និង​ក្រុម​ហ៊ុនប៉ុន្តែ​ពួកគាត់​ស្រឡាញ់​កីឡា​ជិះម៉ូតូ​ឆ្លង​កាត់​ឧបសគ្គ​លក្ខណៈ​កម្សាន្ត និងទេសចរណ៍​នេះ»។

ចំណែក​លោក​ស្រី ហឿង ឃឿង មន្ត្រី​សាលា​ខេត្តរតនគីរី ដែល​បាន​ស្ម័គ្រចិត្ត​សម្របសម្រួល​ក្រុម​អ្នក​ជិះម៉ូតូ មិនមែន​អាជីព​នេះ បាន​ប្រាប់​ថា​៖ «ខ្ញុំចំណាយ​ពេល​ច្រើន ក្នុង​ការ​ជូន​ដំណើរ​ពួកគាត់​ជិះ​ទៅ​តំបន់​ជា​ច្រើន ក្នុង​ក្រុងបាន​លុង និង​ស្រុកមួយ​ចំនួន មាន​ស្រុក​លំផាត់ ស្រុក​កូន​មុំ រយៈពេល ៣ ថ្ងៃ នៅក្នុង​ខេត្ត​រតនគិរី ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ»។

លោក​ស្រី​បាន​បន្ថែមថា៖​ «ខ្ញុំ​សូមសរសើរ​ទឹក​ចិត្ត​របស់​ក្រុម​កីឡាម៉ូតូ​ធំនេះដែល​មាន​ចិត្ត​មនុស្ស​ធម៌ ដូច​ជា​អ្នក​កាន់​ពុទ្ធសាសនា គឺ​បាន​ជិះ​ដល់​មូលដ្ឋានផ្ទាល់ ឆ្លង​កាត់​ឧបសគ្គ មាន​ផ្លូវ​លំបាក​ជា​ច្រើន និង​បាន​ចែក​ម៉ាស អាកុល លាងដៃ ព្រម​ទាំង​ផ្តល់​អង្ករ មី ត្រីខ ជា​គ្រឿងហូប ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សម្រប​សម្រួល​បាន​ល្អ គឺ​ជា​កាយ​វិការ​មនុស្ស​ធម៌ សុទ្ធសាធ។ កម្ម​វិធី​បែបនេះ​ប្រជា​ពល​រដ្ឋ និង​រដ្ឋ​អំណាច​ពេញចិត្ត ព្រោះ​ជា​កីឡាទេសចរណ៍ និង​មនុស្សធម៌ ជួយ​សង្គម​ជាតិ»។

លោក CHARLE GAN តំណាង​អ្នក​ជិះម៉ូតូ​ធំ​នេះ បាន​និយាយ​ថា៖ «ក្រុម​ជិះម៉ូតូខ្ញុំ​នេះ មិន​មែន​ប្រណាំង​អាជីព​ទេ តែ​ជា​លក្ខណៈនិយម​ចូល​ចិត្ត ដោយ​ជិះ​ជា​លក្ខណៈ​មនុស្ស​ធម៌ និង​ចង់​បង្ហាញ​ថា ជន​ជាតិ​ចិន គឺ​មាន​មនុស្ស​ល្អ​ច្រើន និង​គោរពស្រឡាញ់​កម្ពុជា»។

លោក​បាន​បន្ថែម​ថា៖ ​«ខ្ញុំ​បាន​មក​ដល់​កម្ពុជា និង​ស្គាល់​ប្រទេស​កម្ពុជា ព្រម​ទាំង​ចេះ​និយាយ​ភាសាខ្មែរ​បាន ហើយ​បាន​ជិះម៉ូតូ​ក្នុង​តំបន់​នានា នៅ​កម្ពុជា បាន​រយៈ​សម្ងាយ​ជាង ៣ ម៉ឺនគីឡូម៉ែត្រ​ហើយ។ នៅ​ពេល​បញ្ហាកូវីដ​ ១៩ ធូរស្រាល​ក្រុម​កីឡា​ម៉ូតូធំ មិន​មែន​អាជីព​របស់​យើង​ខ្ញុំ នឹង​ជិះទៅ​ខេត្ត​ណា ដែលមាន​ប្រជា​ពល​រដ្ឋ​ក្រីក្រ បើសិន​អាជ្ញាធរ រដ្ឋអំណាច សហការ និង​បង្ករ​លក្ខណៈឱ្យ​ល្អបន្ត​ទៀត»៕