ភ្នំពេញ៖ ​ក្រុម​អ្នកជំនាញរបស់សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​នឹងកំពុង​ធ្វើការពិនិត្យ​ទៅ​លើ​ខ្សែ​វីដេអូ ទាក់​ទង​ទៅនឹង​ការ​កាត់សេចក្តី​របស់​លោកអាជ្ញាកណ្តាល ឃិន ឧសីហា ក្នុង​​ការ​ប្រកួត​រវាង​ក្រុម​ណាហ្គាវើលដ៍ និងក្រុមម្ចាស់ផ្ទះ អង្គរ​ថាយហ្គឺរ កាលពី​ថ្ងៃអង្គារ មុន​នឹង​ឈាន​ទៅ​ដល់ការ​វាយ​តម្លៃ និង​ប្រកាសជា​ផ្លូវការ ពីការពិត​ ថាតើ​ការ​សម្រេច​របស់អាជ្ញាកណ្តាល​រូប​នេះ ពិតជា​ខុស​ឆ្គង បង្កើត​​ឱ្យមាន​ភាព​ចម្រូងចម្រាស ឬ​យ៉ាងណា?។

ការ​ឈាន​ទៅ​ដល់​ការពិនិត្យ​ឡើង​វិញ នៅ​ខ្សែ​វីដេអូនៃ​ការ​ប្រកួតនេះ ក៏​ព្រោះ​តែ​ជំនួប​រវាង​​ក្រុម​​ទាំង ២ បាន​បញ្ចប់​ដោយ​ភាព​ចម្រូង​ចម្រាស​ ព្រោះ​ការ​ប្រកួតនេះ​ សមាជិក​របស់​ក្រុមម្ចាស់​ផ្ទះ​ អង្គរ​ថាយហ្គឺរ ២ ​រូប គឺ​ខ្សែ​ការពារ ស្រាំង ទិត្យឈី និង ឈង់ ប៊ុនណាត សុទ្ធ​តែ​ត្រូវបាន​បណ្តេញ​ចេញ​ពី​ទី​លាន ដោយការ​ពិន័យកាត​ក្រហម ពី​លោកអាជ្ញាកណ្តាល ឃិន ឧសីហា ស្របពេល​ក្រុម​ណាហ្គាវើលដ៍ បាន​យក​ឈ្នះ​​ក្រុមនេះ ២-១ ជា​លើកដំបូង នៅ​លើទឹក​ដី​ខេត្តសៀម​រាប​នេះ។

ជាមួយ​គ្នា​នេះ ​លោក Akihiro Kato ប្រធាន​ក្លិប​អង្គរ​ថាយហ្គឺរ ​បាន​សម្តែង​ការមិន​សប្បាយ​ចិត្ត ​ចំពោះ​លទ្ធផលនេះ​ទេ ហើយ​អ្វី​ដែល​លោក​មាន​ការ​ខក​ចិត្តខ្លាំង និង​ចង់​ដឹង​ពី​ចម្លើយ​ពិត​នោះ គឺ​ការ​សម្រេច​របស់​អាជ្ញាកណ្តាល​ ចំពោះ​ការ​មិន​ផ្តល់​គ្រាប់​បាល់​ ពីការ​តែតបាល់​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធក្រុម​អង្គរថាយហ្គឺរ​ Da Crus នៅនាទីទី៥៤។

ដោយ​ភ្ជាប់ជាមួយវីដេអូខ្លី ជុំវិញ​ការ​តែត​បាល់​បញ្ចូលទី​របស់ Da Crus នេះ បុរស​ជន​ជាតិ​ជប៉ុន លោក Akihiro Kato បានបង្ហោះ​នៅ​លើ​ផេច​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ដោយ​​អារម្មណ៍​​ខក​ចិត្ត​​ខ្លាំង​ថា៖ ​«រហូត​មក​ដល់​ពេល​នេះ ខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះ នៅឯណា? តើ​នេះ​ពិត​ជាល្អ សម្រាប់​បាល់​ទាត់​កម្ពុជា​មែនទេ? ព្រោះយើងជាក្លិបជប៉ុន?»។

ខ្សែ​ការពារ ស្រាំង ទិត្យឈី (លេខ​៣) បាន​យកដៃ​ទៅប៉ះបាល់ ពេល​ប្រជែង​តែតបាល់​ជាមួយ ឃីម បូរី កាលពី​ថ្ងៃអង្គារ។ រូប​ថត ណាហ្គាវើលដ៍

បន្ទាប់​ពី​មើល​ឃើញ​ពី​ការ​​ប្រកួត និងការ​បង្ហាញ​ពី​ការ​បាក់ទឹក​ចិត្ត​របស់​ប្រធាន​ក្លិប​អង្គរថាយហ្គឺរ លោក Akihiro Kato នេះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ក៏​បាន​ប្រតិកម្ម ទៅ​លើ​ភាព​អសកម្ម ​នៃ​ការ​សម្រេច​សេចក្តី​របស់​លោក​អាជ្ញាកណ្តាល ផងដែរ ហើយ​លោក​បានជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ គួរ​​វាយ​តម្លៃ​ទៅ​លើ​អាជ្ញាកណ្តាល (លោក ឃិន ឧសីហា) ឡើង​វិញ។

លោក ស សុខា បានសរសេរ​បង្ហោះ នៅ​លើ​ផេច​ហ្វេសប៊ុក​របស់​លោក ទាំង​កណ្តាល​យប់ កាលពី​ថ្ងៃអង្គា​នោះ​ថា៖ ​«ខ្ញុំ​សូម​ចូលរួម​ជាមួយ​លោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato )​ប្រធាន​ក្លិប​បាល់​ទាត់​អង្គរថាយហ្គឺរ! ១ រឿង​នេះ​កើត​ឡើង​ដដែលៗ ច្រើន​លើក​ច្រើន​សារ​ពេក​ហើយ។ ២ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញា​កណ្តាល លើ​ទីលាន យល់ថា មាន​ការ​លំបាក ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​មើល​មួយ​ចំហៀង​ទៀត ការ​ដាក់​ទុន​របស់​ក្លិប​នីមួយៗ​សព្វ​ថ្ងៃ ដោយ​ក្នុង ​១ ​ឆ្នាំៗ​ចំណាយ​មិន​ក្រោម​ជាង ៦០ ​ម៉ឺន ទៅ ១ ​លាន​ដុល្លារ​ទេ»។

ស្ថាបនិក​ក្លិប​បាល់ទាត់​វិសាខា ស សុខា បាន​បន្ថែម​ថា​៖​ «ដូច្នេះ​ ទទូច​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ មេត្តា​ជួយ​ពិនិត្យ​មើល​ការ​ងារ​នេះ និង​ធ្វើការ​វាយ​តម្លៃ ទៅ​លើ​អាជ្ញា​កណ្តាល​ឡើង​វិញ។ ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប ខ្ញុំ​សូម​អរ​គុណ​ចំពោះ​លោក Akihiro Kato ដែល​បាន​លះបង់​អ្វីៗ​ទាំង​អស់ ដើម្បី​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា​អស់​ជាច្រើន​ឆ្នាំ​មក​នេះ»។

នៅ​ក្រោយ​ទទួលបានដំណឹង​ពីការ​រិះ​គន់​ទាំងម្ចាស់ក្លិបអង្គរ​ថាយហ្គឺរ និងមន្រ្តី​ជំនាញ​របស់​​​ក្រសួងអប់រំ យុវជន និង​កីឡា ព្រមទាំង​អ្នកគាំ​ទ្រ​យ៉ាង​ច្រើន​ទៀត​នោះ សហព័ន្ធ​កីឡា​​បាល់​ទាត់កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ពុធនេះ បានចាត់​ក្រុមអ្នកជំនាញ​របស់​ខ្លួន ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ ទៅ​លើ​​ខ្សែ​​វីដេអូ នៃការ​ប្រកួតនេះ ដើម្បី​កំណត់ពីដើម​ហេតុឱ្យ​បានច្បាស់លាស់ មុន​នឹង​ឈាន​ទៅ​ដល់​​ការ​អនុវត្ត​តាម​ច្បាប់ និងសម្រេចជា​ផ្លូវការ ដើម្បីបញ្ចប​បញ្ហា​ដ៏ចម្រូងចម្រាស​នេះ។

ខ្សែ​ការពារ ឈង់ ប៊ុនណាត បានចាប់ទាញ សុះ ស៊ូហាណា របស់​ក្រុមណាហ្គាវើលដ៍ ក្នុងការ​ប្រកួត នៅ​ទឹក​ដី​ខេត្តសៀម​រាប។ រូប​ថត ណាហ្គាវើលដ៍

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​​ប្រាប់​ភ្នំពេញប៉ុស្តិ៍ នៅ​​ថ្ងៃពុធនេះ​ថា៖​ «រឿង​នេះ យើង​​ត្រូវការ​ពិនិត្យមើល​ទៅ​លើវីដេអូ និង​អ្វីៗ​ផ្សេង​ៗ​ទៀត ដើម្បី​មាន​ប្រតិកម្ម តប ប៉ុន្តែ​ពេល​នេះ យើងអត់​ទាន់​មាន​ប្រតិកម្ម​អ្វី​ទាំងអស់ ដោយសារ​ខាងជំនាញ​កំពុងតាម​ដាន​លើការងារ​នេះ អ៊ីចឹង​យើងគួរទុក​ពេល​​ឱ្យ​ក្រុម​ជំនាញ​ ធ្វើការងារ​សិនថា ​តើកំហុស​នេះ វា​កើត​ឡើង​ដោយ​អាជ្ញាកណ្តាលមែន ឬក៏​កីឡាកររូប​នោះ បាន​បង្កើតកំហុស ដូច​ការ​សម្រេច​របស់អាជ្ញាកណ្តាលមែន ហេតុនេះ​យើង​ត្រូវ​រង់ចាំ​ការ​វាយ​តម្លៃ​របស់​ក្រុមជំនាញ​សិន ទើប​​យើង​ អាច​សម្រេច​ជា​រួមបាន»។

គួរបញ្ជាក់​ថា កីឡាករ ស្រាំង ទិត្យឈី ​​របស់​អង្គរ​ថាយហ្គឺរ ត្រូវបានពិន័យ​កាត​​ក្រហម នៅនាទីទី ៧៩ គឺ​បន្ទាប់ពី​រូបគេ បានបង្កើតកំហុស ដោយ​យក​ដៃ​ទៅប៉ះបាល់ នៅ​ក្នុងតំបន់​គ្រោះ​ថ្នាក់ ធ្វើឱ្យ​ក្រុមណាហ្គាវើលដ៍ ទទួល​បាន​បាល់​ពិន័យ ​១១ ម៉ែត្រ ហើយខ្សែ​ប្រយុទ្ធ Marcio ជាអ្នក​ធ្វើបានសម្រេច នៅនាទីទី​៧៣ តែ​ត្រូវបាន​កីឡាករ ថន សីហា តាម​ស្មើ​ឱ្យក្រុម​អង្គរ​ថាយហ្គឺរ វិញ នៅនាទីទី​ ៨៣។

បន្ទាប់មក​ខ្សែ​ការពារ​ ឈង់ ប៊ុនណាត ​ត្រូវបាន​ពិន័យកាត​ក្រហមម្នាក់​ទៀត នៅនាទីទី​៨៦ ពីបទ​ចាប់ទាញខ្សែបម្រើ​របស់​ណាហ្គាវើលដ៏ សុះ ស៊ូហាណា ហើយ​នៅ​ក្នុងពេល​ក្រុម​អង្គរ​ថាយហ្គឺរ នៅសល់សមាជិក លើ​ទីលាន​ត្រឹម​ ៩ នាក់នេះ ខ្សែ​ប្រុទ្ធ នុប តុលា ក៏​រកបាន​គ្រាប់បាលជ័យជម្នះ​​ដ៏​រំភើបឱ្យក្រុម​របស់​ខ្លួន នៅនាទីទី ៩០+៥ ហើយ​វា​ក៏ជា​ជ័យជម្នះ​លើក​ដំបូង ដែល​ក្រុម​ណាហ្គាវើលដ៍ រក​បាននៅ​លើទឹក​ដី​ខេត្ត​សៀមរាប ផងដែរ ខណៈជំនួប​នៅ​ទី​នេះ​កន្លងមក ត្រូវបាន​គ្រូ​បង្វឹក​ក្រុមណាហ្គាវើលដ៍ លោក មាស ចាន់ណា បានប្រាប់មុនការ​ប្រកួត​ថា បានត្រឹមចាញ់ និងស្មើ អង្គរ​ថាយហ្គឺរ ប៉ុណ្ណោះ៕

កីឡាករ នុប តុលា (លេខ​ ១៣) របស់ណាហ្គាវើលដ៍ បាន​ស្រែក​អបអរ ក្រោយ​រូបគេ​បាន​រលឃើញ​គ្រាប់​បាល់ជ័យជម្នះ នៅ​នាទីទី៩០+៥។ រូប​ថត ណាហ្គាវើលដ៍