ភ្នំពេញ៖ ក្រុម​មិន​ទាន់​ស្គាល់​ការ​ចាញ់​ដូចគ្នា គឺ​ភ្នំពេញក្រោន និង​វិសាខា នឹង​ត្រូវ​​ប្រកួត​គ្នា នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​ការ​វិល​មក​ជួប​គ្នា​រវាង​ក្រុម​សម្បូរ​ធនធាន​កីឡាករ​ទាំង​ ២ នេះ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា នឹង​អាច​ផ្តល់​ផល​ចំណេញ​ទៅ​លើ​ដល់​​ក្រុម​អង្គរ​ថាយហ្គឺរ ណាហ្គាវើល និង​​ព្រះខ័នរាជ​ស្វាយរៀង ដែល​​កំពុង​ឈរ​នៅ​ក្នុង​តំបន់​កំពូល​តារាង​ទាំង​ ៥ ជាមួយ​គ្នា។

តាមរយៈ​ការ​បង្ហាញ​ខ្លួន​នៅ​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ ២០២១ ​នេះ ទាំង​ក្រុម​វិសាខា និង​ភ្នំពេញ​ក្រោន សុទ្ធ​តែ​ធ្វើ​បាន​ល្អ ព្រោះ​ធនធាន​កីឡាករ​បរទេស និង​កីឡាករ​ក្នុង​ស្រុក​របស់​ក្រុម​ទាំង​ ២ ​នេះ សុទ្ធ​តែ​មាន​គុណភាព​លេង​​បាន​ល្អ​ដូច​គ្នា ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ គឺ​គិត​ត្រឹម​ពេល​នេះ មាន​តែ វិសាខា និង​ភ្នំពេញក្រោន នេះ​ទេ ដែល​មិន​ទាន់​ស្គាល់​ការ​ចាញ់ ខណៈ​ក្រុម​ធំៗ​ផ្សេង​ទៀត បាន​ជួប​ការ​បរាជ័យ​អស់​ហើយ។

គិត​មក​ដល់​ពេល​នេះ ក្រុម​វិសាខា ដែល​កំពុង​ឈរ​នៅ​លេខ​ ២ បាន​បញ្ចប់​ការ​ប្រកួត​ ៨ ​​លើក​ហើយ ដោយ​ឈ្នះ ៥ និង​ស្មើ ៣ មាន​ ១៨ ​ពិន្ទុ គឺ​តិច​ជាង​ក្រុម​លេខ​ ១ អង្គរ​ថាយហ្គឺរ ១ ពិន្ទុ​ប៉ុណ្ណោះ ចំណែក ភ្នំពេញក្រោន ទើប​ប្រកួត​បាន​ ៦ ​ដង ​ទេ ដោយ​ឈ្នះ ៥ និងស្មើ ១ មាន ១៦ ​ពិន្ទុ និង​កំពុង​ឈរ​នៅ​លេខ​ ៤។

សម្រាប់​ការ​ជួបគ្នា​ទាំង​ ២ ​លើក កាល​ពី​ឆ្នាំ​ ២០២០ ​ក្រុម​វិសាខា និង​ភ្នំពេញ​ក្រោន បាន​បញ្ចប់ការ​ប្រកួត​ដោយ​លទ្ធផល​ស្មើ ២-២ នៅ​ជើង​ទី​ ១ និង​ បន្ត​ស្មើគ្នា ០-០ នៅ​ជើងទី​ ២ ចំណែក​​ការ​ជួបគ្នា​ជា​ថ្មី នៅ​​កីឡដ្ឋាន​របស់​ភ្នំពេញក្រោន​ លើក​នេះ លោក ហុក សុចិត្រា បាន​មើល​ឃើញ​ថា អាច​នឹង​មាន​ភាព​តានតឹង​ខ្លាំង ហើយ​ភាគរយ​នៃ​ការ​ឈ្នះ​របស់​ក្រុម​ទាំង​ ២ គឺ​មាន​ដូចគ្នា។

អគ្គលេខាធិការ​ក្លិប​បាល់ទាត់​វិសាខា​លោក ហុក សុចិត្រា បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ ​«​សម្រាប់​ការ​រៀបចំ​ក្រុម គឺ​យើង​បាន​ត្រៀម​​បាន​ល្អ​ទាំង​កីឡាករ​បាន​ជុំ​គ្នា​ល្អ ហើយ​គោលដៅ​របស់​យើង​វិញ យើង​​ត្រូវ​ការ​ឈ្នះ គឺ​មិន​ថា​ ជួប​ក្រុម​ណា ជា​ក្រុម​ណា​ទេ ដើម្បី​រក្សា​ភាព​មិន​ដែល​ចាញ់​របស់​យើង។ តែ​ទោះបី​ជា​យ៉ាង​ណា ការ​ប្រកួត​នេះ ​ពិត​ជា​មាន​ភាព​តានតឹង​មែន ព្រោះ​ក្រុម​ទាំង​ ២ កំពុង​តែ​មាន​សម្ទុះ​​ល្អ និង​មាន​ការ​រៀប​ចំ​ក្រុម​ល្អ​ដូច​គ្នា អ៊ីចឹង​លទ្ធភាព​នៃ​ការ​ឈ្នះ​ គឺ​មាន ៥០ ទល់​ ៥០ ​ភាគរយ​ដូចគ្នា»។

យ៉ាងណា​មិញ ក្រុម​កំពុង​ឈរ​នៅ​លេខ​ ១ មាន​ ១៩ ពិន្ទុ ​អង្គរ​ថាយហ្គឺរ ​ក្រុម​ឈរ​នៅ​លេខ​ ៣ មាន​ ១៧ ពិន្ទុ ណាហ្គាវើលដ៍ និង​ក្រុម​ឈរ​នៅ​លេខ​ ៥ មាន​ ១៦ ពិន្ទុ ព្រះខ័នរាជ​ស្វាយរៀង អាច​នឹង​ទទួល​បាន​ផលចំណេញ​ពី​ការ​ប្រឈម​​មុខ​ដាក់​គ្នា​រវាង​ក្រុម​ម្ចាស់​ផ្ទះ ​ភ្នំពេញក្រោន និង​វិសាខា លើក​នេះ ព្រោះ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ ​ក្រុម​ទាំង​ ៣ នេះ សុទ្ធ​តែ​ត្រូវ​ជួប​ក្រុម​មាន​កម្រិត​លេង​ទាប​ជាង​ខ្លួន ដែល​ពួក​គេ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ដណ្តើម​បាន​​ ៣ ពិន្ទុ​បន្ថែម តែ​ក្រុម​ស្វាយរៀង ក៏​មិន​អាច​មើល​រំលង​ក្រុម​ម្ចាស់​ផ្ទះ​គិរីវង់សុខសែនជ័យ​បាន​នោះ​ដែរ​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-សូលទីឡូអង្គរ vs ណាហ្គាវើលដ៍ កីឡដ្ឋាន SRU ៣:៣​០

-គិរីវង់ vs ព្រះខ័ន​រាជស្វាយរៀង កីឡដ្ឋាន​គិរីវង់ ៣:៣០

-ភ្នំពេញ​ក្រោន vs វិសាខា កីឡដ្ឋាន Smart RSN ៦:៣០

២ ​ប្រកួត ​នៅ​ថ្ងៃ​អាទិត្យ

-អាស៊ីអឺរ៉ុប vs អង្គរថាយហ្គឺរ កីឡដ្ឋាន AEU ៣:៣០

-អគ្គិសនីកម្ពុជា vs ខេត្ត​ព្រៃវែង កីឡដ្ឋាន EDC ៣:៣០