ភ្នំពេញ៖ អ្នក​ប្រដាល់​ជើងខ្លាំង​មានជំនាញ​ទាំង​​ប្រដាល់​សកល ​និង​គុន​ខ្មែរ ​អ៊ូច ​ធារិទ្ធ ​​របស់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ​កំពុង​ទទួល​រង​នូវ​បញ្ហា​លំបាក​ធ្ងន់​ធ្ងរ​ ដោយ​សារ​តែ​ម្តាយ​បង្កើត​ និង​ប្អូន​ស្រី​បាន​ឆ្លង​ជំងឺ​​កូវីដ​ ១៩​ ហើយ​កំពុង​សម្រាក​ព្យា​បាល​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំ​ពិក​​។ ​មិន​តែ​ប៉ុណ្ណោះ​ ប្អូន​ស្រី​ឈ្មោះ​ អ៊ូច​ រាជនី ​ត្រូវ​បាន​ជន​ដៃ​ដល់ ​ចាប់​អារក ​ក្នុង​បន្ទប់​អ្នក​ជំងឺ​​ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ធ្ងរ ​ប៉ុន្តែ​មិន​ប៉ះ​ពាល់​​ដល់​អាយុ​ជី​វិត​ឡើយ​។​​

អ៊ូច​ ធា​រិទ្ធ ​និយាយ​​ថា​៖ «​នេះ​ជា​ទុក្ខ​ជាន់​លើ​ទុក្ខ ​​ដោយ​សារ​ជន​ល្មើស​ម្នាក់​នេះ​ មិន​ដឹង​ថា​មាន​បញ្ហា​ខួរ​ក្បាល ​ឬ​បែក​ថ្នាំ​អ្វី​​នោះ​ទេ ព្រោះ​​ជា​អ្នក​ជងឺ​​កូវីដ​ ១៩​ ដូច​គ្នា ​ហើយ​ស្ថិត​នៅ​ក្នុង​បន្ទប់​តែ​មួយ​ បាន​ចាប់​ប្អូន​ស្រី​​របស់​ខ្ញុំ ​សង្កត់​​អារក​ តែ​ម្ដង​។ ​ចំណែក​ម្ដាយ​របស់​ខ្ញុំ​ ដែល​បាន​ឃើញ​ហេតុ​ការណ៍​ គឺ​ភ្លាមៗ​នោះ​ គាត់​ខំ​ស្ទុះ​ងើប​មក​ជួយ​កូន ​ប៉ុន្តែ​ងើប​មិនរួច ​ហើយ​ត្រូវ​ធ្លាក់​ពី​លើ​គ្រែ​ពេទ្យ​សន្លប់​ថែម​ទៀត​»​។

​​តាម​ព័ត៌មាន​ច្បាស់​ការណ៍ បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ អ៊ូច​ រាជនី បាន​​របួស​ដៃ​ដេរ​ចំនួន​១០ ថ្នេរ ​និង​ដាច់​បំពង់​ក ​ដេរ​ចំនួន ​៦ ​ថ្នេរ​ ចំណែក​ម្ដាយ​​របស់​នាង សន្លប់​ទើប​ដឹង​ខ្លួន​វិញ ​ក្នុង​សភាព​យ៉ាប់​ណាស់​​ ហើយ​ជាមួយ​​ហេតុ​ការណ៍​ដ៏​អាក្រក់ មិន​ធ្លាប់​កើត​មាន​នេះ​ កីឡាករ​ អ៊ូច ធារិទ្ធ ដែលជា​កូន និងបង​ប្រុស ​បាន​ស្នើ​សុំ​ដល់​បង​ប្អូន​រួម​ជាតិ​ ​ដែល​ស្រឡាញ់​រាប់​អាន​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារដ៏កម្សត់​​​មួយ​នេះ​​​ផង​ ​ព្រោះ​ជួប​គ្រោះ​ផ្ទួនៗ​។​

កីឡាករ​ជម្រើសជាតិប្រដាល់សកលកម្ពុជា អ៊ួច​ ​ធារិទ្ធ ​​ដែល​ខំ​ប្រឹង​ហ្វឹក​ហាត់​ឡើង​ប្រ​កួត​ដើម្បី​រក​ប្រាក់​ទ្រ​ទ្រង់​ជីវភាព​ ក្នុង​គ្រួសារ​ទាំង​មូល​នោះ ​បាន​​ប្រាប់​បន្ថែម​ថា​៖ «​ម្តាយ​ខ្ញុំ ​ឈ្មោះ​ ម៉ៃ ​រ៉ាន់​ អាយុ​ ៦០ ​ឆ្នាំ​ និង​ប្អូន​ស្រី​ឈ្មោះ​ អ៊ូច​ រាជនី​ អាយុ​ ១៦ ​ឆ្នាំ​ ត្រូវ​បាន​ជន​ដៃ​ដល់​ចាប់​អារក​ចង់​សម្លាប់ ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ខែ​កក្កដា ឆ្នាំ​២០២១​ ​ខណៈ​​ជន​ល្មើស​ គឺ​មិន​ដែល​ស្គាល់គ្នា​​ពី​មុន​មក​ឡើយ គឺ​គេ​ជា​អ្នក​ជំងឺ​ថ្មី ​ទើប​ចូល​មក​ព្យាបាល​ ហើយ​មិន​ដឹង​ថា ​បែក​ថ្នាំ​ញៀន​ ឬ​មាន​បញ្ហា​ខួរក្បាល​នោះ​ទេ ​ទើប​ធ្វើ​សកម្មភាព​បែប​នេះ​»។​

ប្អូន​ស្រី​របស់ អ៊ូច ធារិទ្ធ និង​ជន​ដៃ​ដល់ ដែល​បានចាប់នាងអាករ ក្នុងបំណង​មនុស្ស​ឃាត នៅ​កន្លែង​ព្យាបាល​​ជំងឺ​កូវីដ ១៩។ រូប​ថត សហការី

ទោះ​ជា​យ៉ាង​ណា​កីឡាករ ​អ៊ួច​ ធារិទ្ធ បាន​​​បញ្ជាក់​​ថា​៖ «​ខ្ញុំ​នៅ​តែ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​សម្រាប់​ការ​ប្រ​កួត ​រក​លុយ​ជួយ​ដល់​​គ្រួសារ​ ​ព្រោះ​មាន​តែ​ខ្ញុំ​ម្នាក់​គត់​ ដែល​ទ្រ​ទ្រង់​ជីវភាព នៅ​ក្នុង​គ្រួសារ​ទាំង​មូល ​ប៉ុន្តែខ្ញុំ​​មាន​ការ​ព្រួយ​បារម្ភ ​ព្រោះបើខ្ញុំ​​ធ្លាក់​ខ្លួន​ឈឺ ​ឬមាន​​របួស​នោះ​ មិន​ដឹង​ថា​បាន​​អ្វី​​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​នោះ​ឡើយ»​។​

ជើង​ខ្លាំងក្នុងទម្ងន់​៦០​គីឡូក្រាម អ៊ួច​ ធារិទ្ធ ​បញ្ជាក់​ថា៖​ «​ខ្ញុំ​នៅ​សល់​គម្រោង​ប្រ​កួត ​ដែល​បាន​ចុះ​កិច្ច​សន្យា​ចំនួន​៣ ​គឺការ​ប្រកួត​​ម៉ារ៉ាតុង ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ជា​មួយ​ ទូច​ ដេវីដ​, ស៊ន ​រ៉ាគីម​និង ​ធន់ ​វណ្ណា ​បន្ទាប់​មក​ជាប់​​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​ នៅ​សង្វៀន​ PNN ​នៅ​ថ្ងៃ​ទី ​៨ ​ខែ​សីហា​ ជា​មួយ​អ្នក​លេង​ជង្គង់​ស្រួច​ ​គង់ ​ហូវ​ មក​ពី​ខេត្ត​សៀម​រាប​ និង​កម្ម​វិធី​ប្រកួត​​ម៉ាសហ្វៃ​មួយ​ប្រ​កួត​ទៀត ​នៅ​សង្វៀន​ថោន​ នា​ថ្ងៃ​​ទី ​១៥​ ខែ​សីហា​ ឆ្នាំ​ ២០២១​ ​នេះ»​។​

ចំណែក​លោក​ ធី​ ណា​រិទ្ធ ​ជាគ្រូ​បង្វឹក​ បាន​និយាយ​ថា​៖ «​អ៊ួច​ ​ធារិទ្ធ ​គ្នា​លំបាក​ខ្លាំង​ណាស់! ​ហាត់​​ឡើង​ប្រ​កួត​នេះ​ ដើម្បី​រក​ប្រាក់​ជួយ​ដល់​ជីវភាព​ក្នុង​គ្រួសារ​ ដែល​គ្នា​រ៉ាប់​រង​ទាំង​ស្រុង​។ ​ចំណែក​ខាង​ក្លិប​ គ្មាន​លទ្ធភាព​ជួយ​ទេ​ បាន​ត្រឹម​ជួយ​អាណិត​ និង​ជួយ​អំពាវ​នាវ ​សុំ​ឱ្យ​​សប្បុរស​ជន មេត្តា​​ជួយដល់​​គាត់​ ​ព្រោះ​​បើ​ការ​ប្រកួត​ញឹក​ញាប់​ពេក​ អាច​ប៉ះ​ពាល់​ដល់​សុខភាព​មិន​ខាន​»។

​គ្រូ​ប្រដាល់​គុនខ្មែរ លោក ​ធី ​ណារិទ្ធ​ បានប្រាប់​ន្ថែម​ថា​៖ «​កន្លង​មក​ អ៊ូច ធារិទ្ធ ​ហាត់​ល្អ​ ប្រកួត​ល្អ ​មាន​អត្តចរិត​​ល្អ​ មិន​ខ្វះ​ទី​ផ្សារ​ប្រ​កួត​ទេ ​ប៉ុន្តែ​ដើម្បី​ប្រាក់​សម្រាប់​ជីវភាព​ ខ្ញុំ​ក៏​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខ​ភាព​ ឬ​គ្រោះ​ថ្នាក់​ដែរ​ ​ព្រោះ​រូបគេ​ត្រូវ​​ប្រ​កួត​សុទ្ធ​តែជាមួយ​​កំពូល​កីឡាករ​ខ្លាំងៗ ​វាយ​សម្រុក​ដូច​គ្នា»​៕​