ភ្នំពេញ៖ អ្នក​ប្រដាល់​ជំនាញ​ប្រើ​ក្បាច់​កណ្តាប់​ដៃ​ និង​ជង្គង់​ល្អ​ ​ផាន់​ គ្រាន់​ បាន​សម្រេច​ចិត្ត​បោះបង់​ចោល​មុខ​របរ​លក់​សាច់កាប់ វិល​មក​កាន់​សង្វៀន​ប្រដាល់​ជាថ្មី ខណៈ​ពេលនេះ គ្រាន់ ​ក៏​បាន​ប្តូរ​ពី​​ក្លិប​​មកុដ​រាជសី​ហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ ទៅ​ហ្វឹក​ហាត់​នៅ​ក្លិប​ចាស់​របស់​ខ្លួន​វិញ ​គឺ​ក្លិប​ពុទ្ធ​សេរី​វង្ស​នៃ​សមាគ​ម​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ​ ផងដែរ ប៉ុន្តែ​សម្រាប់​​ការ​បង្ហាញ​ខ្លួន​ ២ លើក​នេះ រូបគេ​បាន​ចាញ់​ជាប់ៗ​គ្នា។

ផាន់ គ្រាន់ ដែលទើប​វិល​មក​ហ្វឹកហាត់ នៅ​ក្លិបចាស់ បាន​ចូល ៤ សប្តាហ៍​នោះ គឺ​បាន​ជួបការ​បរាជ័យ ក្រោម​ស្នា​ដៃ​អ្នក​ប្រដាល់​ជើង​ថ្មី​ កំពុង​ឡើង​ជើង ឡុង បេនលឿន សម្រាប់​ការ​ប្រកួត នៅ​សង្វៀន CNC កាល​ពី​ថ្ងៃទី ១៧ ខែកក្កដា ហើយការ​បង្ហាញ​ខ្លួន​ជា​ថ្មី នៅ​លើ​សង្វៀន CNC ដដែលនេះ ​កាលពី​រសៀល​ថ្ងៃអាទិត្យ ផាន់ គ្រាន់ ​បានបន្ត​ចាញ់ពិន្ទុ​ជើង​ខ្លាំង ឡុង សំណាង។ តែ​ទោះ​បីជា​យ៉ាង​ណា ផាន់ គ្រាន់ នៅតែមានការ​រំពឹង និងជឿជាក់​ថា រូបគេ នឹង​​ស្តា​​មុខ​មាត់​បាន​វិញ សម្រាប់​ការ​ប្រកួតក្រោយៗ​ទៀត។

កីឡាករ​មិនសូវបានកម្ពស់ ផាន់ គ្រាន់ បាន​ប្រាប់ក្រោយការ​ប្រកួត​ថា៖ ​«​ការ​វិល​មក​កាន់​សង្វៀន​នេះ ខ្ញុំ​បាន​ប្រកួតចាញ់ ឡុង បេនលឿន ​ចំណែក​ការ​បន្ត​មក​​ចាញ់​ពិន្ទុ​ ឡុង សំណាង​ នៅ​ថ្ងៃ​នេះ ​ខ្ញុំ​គិត​ថា ​មិន​តូច​ចិត្ត​ទេ​​ ​ព្រោះ​ខ្ញុំ​ទើប​តែ​ហ្វឹក​ហាត់​ពេញ​លេញ​ បាន​​ពីរ​សប្តាហ៍ ​ហើយ​ខ្ញុំ​វ៉ៃ​សម្រុក​ និង​ការពារ​បាន​ល្អ ​​មិន​ឱ្យ​​ចាញ់​សន្លប់​នោះ​ទេ គឺ​ទៅតាម​ក្តី​សង្ឃឹម​របស់​ខ្ញុំ​។​ ជាមួយ​គ្នា​នេះ ​ខ្ញុំ​​ប្តេជ្ញា​ប្រឹង​ប្រែង​បន្ថែម​ទៀត ​ដើម្បី​​ត្រៀម​​ឡើង​​ប្រ​កួត​លើក​ក្រោយៗ​បន្តទៀត ដោយ​​រំពឹងថា នឹង​ទទួល​បាន​​លទ្ធផល​ល្អ​ជាង​នេះ​ ជា​បណ្តើៗ»​។​

ផាន់​ គ្រាន់​ បាន​បន្ថែម​ថា​៖ «​ការ​ខក​ខាន​ប្រ​កួត​យូរ​ ដោយ​សារខ្ញុំ​មាន​ប្រពន្ធ​ និង​មាន​កូន ​១​ ជាប់​រកស៊ី​លក់​សាច់​កាប់ ​ប៉ុន្តែ​ក្នុង​រដូវ​កូវីដ ​១៩ ​​ឆ្លង​រាល​ដាល​នេះ ​ខ្ញុំ​លក់​សាច់​កាប់ ​មិន​ដាច់​ គឺ​បាន​សម្រេច​ចិត្ត​ចូល​ហាត់​ប្រដាល់​​វិញ​ ដើម្បី​ឡើង​ប្រ​កួត​យក​ប្រាក់​ទ្រ​ទ្រង់​ជីវភាព​​។​ ខ្ញុំ​មក​ហាត់​ដំបូង​ ជួបការ​​បញ្ហា​លំបាក​ ​ព្រោះ​​ត្រូវ​សម្រក​ទម្ងន់​មក​ត្រឹម​ ៦៥ ​គីឡូក្រាម ​ទើប​សម្បូរ​​ដៃ​គូ​ប្រ​កួត»។

ផាន់ គ្រាន់ បាន​បង្ហាញ​ការ​អប​អរ​ដល់​គូ​ប្រកួត ឡុង បេនលឿន ដែល​បាន​យក​ឈ្នះ​លើ​រូបគេ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១។ រូប​ថត សហការី

កីឡាករ​ដដែល​នេះ បាន​ប្រាប់​ទៀត​ថា៖​ «ចំណែក​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ ខ្ញុំ​ហាត់​ពី​បច្ចេក​ទេស ​ហេតុ​នេះ​ការ​​ប៉ះ​ ឡុង បេនលឿន និង ឡុង ​សំណាង ​គេ​ខ្លាំង​ដែរ ​មិន​ហ៊ាន​ប្រាថ្នា​ខ្ពស់​ទេ ​ហើយ​ការ​ប្រកួត​ចាញ់​នេះ​ ក៏​គិត​ថា ​ជា​ការ​ចាប់​ផ្តើម​ឡើង​វិញ​​។​ ទោះ​យ៉ាងណា ការ​ប្រកួត​ចុង​ក្រោយនេះ ​​ខ្ញុំ​វ៉ៃ​ចាញ់​ ឡុង សំណាង ​មិន​មែន​ចាញ់​ដាច់​ទេ ហើយ​សប្បាយ​ចិត្ត ​ព្រោះ​ខកខាន​ប្រ​កួត​យូរ ​វា​គាំង​​ៗ ​ប៉ុន្តែ​​បាន​​ប្រឹងប្រែង​​អស់ពី​​លទ្ធភាព​។ ខ្ញុំ​ស្ទង់​ពី​សមត្ថភាព​ខ្លួនឯង ហើយ​​ខ្ញុំគិត​​ថា ​នឹង​វ៉ៃ​បាន​ល្អ​ឡើង​វិញ​ ក្នុង​ការ​ប្រ​កួត​ក្រោយៗ​ទៀត​»​។​

ចំពោះ​ការ​ផ្លាស់​ប្តូរ​ក្លិបថ្មី មក​នៅ​ក្លិប​ចាស់​វិញនេះ ​ផាន់ ​គ្រាន់ បាន​​បញ្ជាក់​ថា​៖ «​លោក​ប្រធាន​ក្លិប​ចាស់​ គាត់​ផ្តល់​ឱកាស​ឱ្យ​​ខ្ញុំ​មក​ហាត់​ឱ្យ​​បាន​ជាប់​លាប់​ ដោយ​ហូបចុក និង​ដេក​នៅ​​ក្នុង​ក្លិប​តែ​ម្តង ​ដើម្បី​ត្រៀម​ប្រ​កួតឱ្យ​​បាន​ល្អ​ ព្រោះ​ខ្ញុំ​នៅ​ធ្វើ​មុខ​របរ​លក់​សាច់​កាប់ ​ពិត​ជា​រក​ចំណូល ​មិន​បាន​ទេ​ ហើយ​បើ​ខ្ញុំ​ហាត់​បាន​ល្អ ​នឹង​មាន​ទី​ផ្សារ​ប្រ​កួត​ច្រើន​ ដ្បិតអី​​តាម​សង្វៀន​ ខ្ញុំ​នៅ​មាន​ឈ្មោះ​ជា​កីឡាករ​ល្បី​ពេញ​និយម​នៅ​ឡើយ​។ ​ខ្ញុំ​ប្រ​កួត​ មិន​ដែល​លក់​ខ្លួន​ទេ ​គឺ​ចាញ់ ​ឬ​ឈ្នះ​ តាម​សមត្ថភាព​​ពិត​ៗ ​ពិសេស​ក្នុង​ការ​ស្វែង​រក​ទី​ផ្សារ​ប្រកួត​ គឺ​ឱ្យ​​តែ​ហាត់​ល្អ​ មាន​កម្លាំង​ល្អ ​សង្វៀន​ប្រដាល់​ណា​ក៏ចាប់​គូ​ឱ្យ​ប្រកួត​ដែរ»​។

លោកស្រី ​សែម ​សុផានី ​ភរិយា​ ផាន់​ គ្រាន់​ បាន​និយាយ​ថា​៖ «​ពី​មុន​ខក​ខាន​ប្រកួត​យូរ​ដោយ​សារ​គាត់​ជួយ​រកស៊ី​ខ្ញុំ ​គឺ​លក់​សាច់​កាប់​ ប៉ុន្តែ​ក្នុង​កូវីដ​នេះ​ គ្មាន​លក់​អ្វី​ដាច់​ បាន​ចំណូល​ទេ​​ទើប​សម្រេច​ឱ្យ​គាត់​ចូល​ហាត់ ​ដើម្បី​ឡើង​ប្រកួត​ប្រដាល់​វិញ ​ស្វែង​រកថវិកា​​​ជួយ​ជីវភាព​ក្នុង​គ្រួសារ​​ព្រោះ​ពួក​យើង​មាន​កូន​ ១ ​អាយុ​ជាង ​១ ខួប​ហើយ​»។

ទោះ​យ៉ាង​ណា លោក​ស្រី​ សែម ​សុផានី​ បាន​ប្រាប់​បន្ថែម​ថា៖ ​«​មុខ​របរ​ប្រដាល់​នេះ អាណិត​ប្តី​ណាស់​ ​ព្រោះ​​ក្រោយ​ប្រ​កួត​ម្តងៗ ​គាត់​ឈឺ​ និង​រង​របួស​ជា​ញឹក​ញាប់ ​ទើប​ខ្ញុំ​នាំ​គាត់​រក​ស៊ី​មួយ​រយៈ​ តែ​ពេល​នេះ​លក់​មិន​ដាច់ ​ទើប​ចូល​ហាត់​ប្រដាល់​វិញ​ទៅ​។​ ​គាត់​ហាត់​នៅ​នឹង​ក្លិប​ផ្ទាល់ ដោយ​ហូប​ចុក​ស្នាក់​នៅ​មិន​មក​ផ្ទះ​ទេ»​។​

ចំណែក​លោក​ ណន ​រិទ្ធ ជា​​គ្រូ​បង្វឹក បាន​​និយាយ​ថា​៖ «​ផាន់​ គ្រាន់​ មក​ហាត់​វិញ ​គឺ​មិន​ខ្វះ​ទេ​សង្វៀន​ប្រកួត​។ ​សង្វៀនមួយ​ចំនួន​ ​ក៏​ចង់​បាន​ដែរ ​ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ចាប់​គូ ​ឬ​ចុះ​កិច្ច​សន្យា​ទេ ដោយ​​រង់​ចាំ​ហាត់​បាន​ល្អ​មួយ​ខែ​ទៀត​សិន​ ដើម្បី​បំប៉ន​កម្លាំង​ និង​បច្ចេកទេស​ឱ្យ​​ល្អ​សិន​ ​ព្រោះ​វា​ខាន​​ប្រ​កួត​យូរ​ហើយ​ដែរ»​។​​

គួរ​រំឭកថា​ ផាន់​ គ្រាន់​ ជា​កីឡាករ​ល្បី​មួយ​រូប ​ធ្លាប់​នៅ​ក្លិប​កង​រាជអាវុធ​ហត្ថ​ ក្រុង​ភ្នំពេញ​ជា​មួយ​គ្រូ​ចាស់ ​ផាន់ ​ផាណាត​ បន្ទាប់​មក​ផ្លាស់​ទៅ​នៅ​ក្លិប​ពុទ្ធ​សេរី​វង្ស​ រួច​បាន​បន្ត​មក​នៅ​ក្លិប​មកុដរាជសីហ៍​ ជា​មួយ​លោក​គ្រូ​ គង់ ​ចាន់​ធីណា​ ហើយ​ឥឡូវ​បាន​​វិល​មក​​នៅ​ក្លិប​ចាស់​ជា​មួយ​លោក​គ្រូ​ ណន​ រិទ្ធ ​វិញ ​ខណៈ​ដែល​បទ​ពិសោធ​ប្រ​កួត​បាន​ជាង ​១០០​ ដង ​ចាញ់​តិច​បំផុត​ និង​ធ្លាប់​ឈ្នះបាន​​ខ្សែ​ក្រវាត់​ចំនួន​​ ២ ​ស្ថាប័ន​ និង​ឈ្នះ​ពាន​ជា​ច្រើន​ជា​ទៀត​។

ផាន់ ​គ្រាន់​ ត្រូវ​បាន​គេស្គាល់​ថា​ ជា​​កីឡាករ​ឡើង​ប្រកួត ដើម្បី​​រក​ប្រាក់​ជួយ​គ្រួសារ​ និង​មាន​ចរិត​ស្លូត​បូត​ល្អ​ ប៉ុន្តែ​ដោយ​បញ្ហា​ប្តូរ​ក្លិប​ញឹក​ញាប់ ​មិន​ទាន់​មាន​ក្រប​ខ័ណ្ឌ​ជា​ប៉ូ​លិស ​ឬ​ទាហាន ​ដូច​កីឡាករ​​រួម​ជំនាន់​នៅ​ឡើយ​ទេ​៕​​