ភ្នំពេញ៖ កីឡាករ​ជម្រើសជាតិ អ៊ូច ធារិទ្ធ បាន​បង្ហាញ​ការ​មិនពេញ​ចិត្ត​ទៅនឹងការ​កាត់សេចក្តី​របស់​​ចៅ​ក្រម នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ប្រាក់លាន រវាង​រូប​គេ និង ទូច ដេវីត នៅ​លើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ នោះទេ ដោយ ធារិទ្ធ រំពឹង​ថា គេ​នឹង​ត្រូវ​ប្រកាស​ឱ្យ​ឈ្នះ ក្នុងជំនឿចិត្ត ១០០ ភាគ​រយ ប៉ុន្តែបើ​ជា​លទ្ធផល​ជាក់ស្តែង​គេ​ប្រកាស​ឱ្យ ទូច ដេវីត ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៤ ទល់ ១ ទៅ​វិញ។

ការ​រំពឹង​ថា ខ្លួន​គួរ​តែ​ទទួលបាន​ជ័យជម្នះ ដើម្បី​យក​ប្រាក់រង្វាន់លេខ​ ១ ចំនួន ៣,៤ លាន​រៀល​នេះ ដោយ​សារ អ៊ូច ធារិទ្ធ គិត​ថា​ចៅ​ក្រម នឹង​ដក​ពិន្ទុ ទូច ដេវីត អស់​ពី​បទ ទាត់​ចំ​ប្រដាប់ការពារ​(ពងស្វាស)​របស់​គេ នៅ​ទឹក​ទី២ ដែល​ទង្វើ​នេះ គណៈកម្មការ បាន​ទុក​ពេល​ឱ្យ ធារិទ្ធ សម្រួល​ការ​ឈឺចាប់ ដល់ ២ នាទី ទើប​បន្ត​ការ​ប្រកួត​ទៀត​បាន ហើយ ធារិទ្ធ គិត​ទៀត​ថា ការ​ប្រកួត​ទឹក​ទី១ រូបគេ​មានប្រៀប អ៊ីចឹង ទោះបី​ជា​រូបគេ វាយ​ដក​ថយ នៅ​ទឹក​ទី ៣ ចុង​ក្រោយ ក៏​នៅ​តែគេ​​ឈ្នះ​ពិន្ទុ​លើ ទូច ដេវីត ដដែល។

​អ៊ូច ​ធារិទ្ធ បាន​​និយាយ​ថា៖​ «​ពេល​ប្រ​កួត​ចប់ ​គឺ​មុន​ពេល​​ប្រ​កាស​លទ្ធផល​ ខ្ញុំ​ជឿ​ជាក់​ថា ​ខ្ញុំ​ឈ្នះ​ ១០០​ ភាគ​រយ ​ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង​ គឺ​ពិន្ទុ ​ទូច ​ដេវីត ​ឈ្នះ​ខ្ញុំ ​ដោយ​ពិន្ទុ ​​៤ ​ទល់ ​១​ គួរ​ឱ្យ​​ហួស​ចិត្ត​ទៅ​វិញ​។ ​ខ្ញុំ​មិន​តវ៉ា​អ្វី​ទេ ​ប៉ុន្តែ​ហេតុ​ផល​ ខ្ញុំ​វ៉ៃ​មាន​ប្រៀប​ទឹក​ទី១ ​ហើយ​ទឹក​ទី២ ​ដេវីត ​ប្រ​កួត​ខុស​បច្ចេកទេស (ទាត់ចំ​ប្រដាប់ការពារ) ​នាំ​ឱ្យ​ខ្ញុំ​របួស​សម្រាក ​និង​សម្រួល​ចំនួន​ពីរ​នាទី​ ហើយ​​អាជ្ញា​កណ្តាល​ព្រមាន​ដល់​ទៅ​​ពីរ​លើក​ អ៊ីចឹង​គួរ​តែ​ដក​ពិន្ទុ​ ​ទូច ​ដេវីត ​អស់ ​ហេតុ​នេះ​ខ្ញុំ​រំពឹង​ឈ្នះ​ពីរ​ទឹក​ដាច់​ទៅ​ហើយ​។ ​ចំណែក​ទឹក​ទី ​៣ ​ខ្ញុំ​ព្យាយាម​ដក​ថយ​ ការ​ពារ​ជ័យ​ជម្នះ​ ប៉ុន្តែ​លទ្ធផល​ឱ្យ​​ខ្ញុំ​ចាញ់​ទៅ​វិញ»​។

​អ៊ូច ​ធារិទ្ធ បាន​​បញ្ជាក់​ថា៖ ​«​ខ្ញុំ​ជា​កីឡាករ​រង​គ្រោះ និង​មាន​​របួស​ ដោយ​​ពង​ស្វាស​ខ្ញុំ​ លិច​ចូល​ក្នុង​សល់​តែ​មួយ​គ្រាប់ ​ហើយ​ការ​ឡើង​ប្រ​កួត​បន្ត​សឹង​តែ​មិន​កើត​ ទើប​ព្យាយាម​ថយ​ និង​ទប់​ទល់​។​ ​ខ្ញុំ​មើល​ប្រដាល់​ថៃ​ បើ​អាជ្ញា​កណ្តាល​ ព្រ​មាន​ពីរ​លើក​អ៊ីចឹង​ ​កីឡាករ​រង​គ្រោះ​ ធានា​ឈ្នះ​ ១០០ ​ភាគ​រយ ​ប៉ុន្តែ​គុន​ខ្មែរ ​ខ្ញុំ​មិន​សូវ​យល់​ទេ​ ម្តង​ឱ្យ​​ខាង​រង​គ្រោះ​ ម្តង​ឱ្យ​​ខាង​កីឡាករ​ល្មើស​។ ​ខ្ញុំ​មិន​ប្តឹង​តវ៉ា​ទេ​ តែ​សុំ​ប្រ​កួត​សង​សឹក​ វ៉ៃ​កុំ​ឱ្យ​​ខុស​បច្ចេកទេស​អ៊ីចឹង​ទៀត គឺ​ធានា​ឈ្នះ​ ១០០ ​ភាគ​រយ​»​។​

ជុំ​វិញ​បញ្ហា​នេះ លោក​ ជួប ​វុត្ថា​ ជា​ពិធី​ករ ​និង​ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់ នៅ​សង្វៀន​ថោន បាន​​​និយាយ​ថា​៖ «​បើ​ប្រដាល់​នៅថៃ​ ទូច ​ដេវីត ​មិន​អាច​ឈ្នះ ​អ៊ូច ​ធារិទ្ធ ​បាន​ទេ ​ប៉ុន្តែ​គុន​ខ្មែរ ​គេ​មាន​ច្បាប់​ប្រ​កួត​ដោយ​ឡែក​ពី​គ្នា ហើយ​​ខ្ញុំ​មិន​សូវ​ច្បាស់​ដែរ​»។

​លោក​បន្ថែម​ថា​៖​ «គោល​ដៅ​ និង​បំណង​របស់​សង្វៀន​ថោន ​ដែល​ប្រ​កួត​លក្ខណៈ​គុន​ខ្មែរ​ចំនួន ​៣ ​ទឹក​នេះ​ គឺ​ជំរុញ ​និង​លើក​ទឹក​ចិត្ត ​ព្រម​ទាំង​ផ្តល់​អាទិភាព​ឱ្យ​​កីឡាករ​ណា ​ប្រ​កួត​​សម្រុក​ខ្លាំង ​គឺ​​មិន​អាចវាយ​​លំៗ ​ឬ​បន្ធូរ​ដៃ​ឱ្យ​​ដៃ​គូ​នោះ​ទេ​ ហេតុនេះ​​បើ​ខ្ញុំ​មើល​ការ​ផ្តល់​ពិន្ទុ​នេះ ​អាច​ទទួល​យក​បាន ​ឬ​បើ​ឱ្យ​​សម​ភ្នែក​ តាម​ការ​ពិន័យ​ដក​ពិន្ទុ​ ដេវីត ​គឺ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ ​ព្រោះ​ខុសពី​​តួនាទី​ គឺ​ទុក​ឱ្យ​​ខាង​សហព័ន្ធ ទៅ»​។​

លោក ​តែម ​ម៉ឺន ​ប្រធាន​​សហព័ន្ធកីឡា​​ប្រដាល់​គុន​ខ្មែរ ​​បាន​ប្រាប់​​ថា​៖ «​ការ​ផ្តល់​ពិន្ទុ​ពេល​ខ្លះ​ ក៏មិន​មែន​សុក្រឹត​ ១០០​ ភាគ​រយ​ដែរ ​ប៉ុន្តែ​សម្រាប់​គូ​ផ្តាច់​ព្រ័ត្រ​នេះ​ គ្មាន​ការ​ប្តឹង​តវ៉ា​ទេ ​គឺ​គ្រាន់​តែ​ដឹង​ថា ​អ៊ូច ធារិទ្ធ រអ៊ូ​ខ្លះ​ក្រៅ​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ​»។

លោក​បាន​បន្ថែម​ថា​៖ «​ក្នុង​ការ​ប្រ​កួត​នេះ ​បើ ​អ៊ូច​ ធារិទ្ធ ​​របួស​ប្រ​កួត​មិន​កើត​ គឺ​នឹង​ផ្តល់​ជ័យ​ជម្នះ​ ទោះ​ការ​វ៉ៃ​នោះ​ អចេតនា​ ឬ​ចេតនា​ក៏​ដោយ​ ប៉ុន្តែ​ក្នុង​ករណី​ អ៊ូច ​ធារិទ្ធ ​សម្រាក​ ២ នាទី​ហើយ ​បន្ត​ការ​ប្រ​កួត​បាន​វិញ​​ យើង​ត្រូវ​បូក​សរុប​ពិន្ទុ​រួម​ទាំង ​៣ ​ទឹក អ៊ីចឹង​​ឃើញ​ថា​កីឡាករ​ ទូច ​ដេវីត ​មាន​ពិន្ទុ​ឈ្នះ ​គឺ​សម្រេច​តាម​លទ្ធផល​ពី​ចៅ​ក្រម​​តែ​ម្តង​។ ទោះ​យ៉ាងណា ក្នុង​នាម​សហព័ន្ធ ​យើង​នៅ​តែ​ទទួល​ការ​ចូល​រួម​រិះ​គន់ ​ដើម្បី​ស្ថាបនា​កែ​លម្អ​​ជា​និច្ច»​៕​