ភ្នំពេញ៖ ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អលស្តារ ​លើក​ទី​១ ​ផ្តួចផ្តើម​គំនិត ​និង​រៀបចំ​ឡើង​ ដោយ លោក​ ស៊ន ​អេលីត ​អ្នក​គ្រប់គ្រង​ក្លិប​កីឡា​ប្រយុទ្ធ​នាយកដ្ឋាន​អង្គរក្ស ​បាន​បើក​ការ​ប្រកួត ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​នៅ​ទីតាំង​​​ក្លិប​ផ្ទាល់​ ក្នុង​​ខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ​ ហើយ​ព្រឹត្តិការណ៍​ថ្មី​នេះ​មាន​ការ​​ចូលរួម​ជា​អធិបតី​ពី​សំណាក់​​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ ​និង​ប្រធាន​​​សហព័ន្ធ​កីឡា​ប្រដាល់​​ឃីកបុកស៊ីង​កម្ពុជា ​ព្រម​ទាំង​អ្នក​និយម​គាំទ្រ​ និង​ព្រឹទ្ធាចារ្យ​កីឡា​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

គូ​ប្រដាល់​ ដែល​បាន​ប្រកួត​មាន​កីឡាករ​លំដាប់​​ឆ្នើមៗ​របស់​កម្ពុជា​ចំនួន​ ​៧ ​​គូ ​ដែល​ក្នុង​នោះ​មាន​ប្រកួត​លក្ខណៈ​ប្រដាល់​គុន​ខ្មែរ ​និង​ប្រដាល់​ឃីក​បុកស៊ីង​ចំនួន ​២ ​គូ​ផង​ដែរ ​ខណៈ​ដែល​សកម្មភាព​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​លក្ខណៈ​ទាក់ទាញ​ខ្លាំង​ពី​មហាជន​ចូល​ទស្សនា​តាមរយៈ​ទូរស័ព្ទ​ដៃ​ដែល​មាន​ចំនួន​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​។​

លោក ​ស៊ន ​អេលីត​ អ្នក​ផ្តើម​គំនិត​រៀបចំ​បាន​ឱ្យ​​ដឹង​ថា​៖​ «​ការ​រៀបចំ​ប្រកួត​ប្រដាល់​​គុន​ខ្មែរ​អលស្តារ​លើក​ទី១​នេះ ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ឯក​ឧត្តម ​តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ​ លោក​ ហេង ​សុខឃន​ ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​​ឃីក​បុកស៊ីង​កម្ពុជា ​ព្រម​ទាំង​ព្រឹទ្ធាចារ្យ​កីឡា​ និង​អ្នក​និយម​គាំទ្រ ​ពី​មហាជន​គ្រប់​ស្រទាប់​យ៉ាង​ច្រើន»​។

លោក ​ស៊ន ​អេលីត បាន​​បន្ថែម​ថា​៖ «​ការ​ប្រ​កួតនេះ ​មិន​បើក​ទូលាយ​ឱ្យ​​អ្នក​ទស្សនា​ចូល​មើល​ផ្ទាល់​ទេ​ ប៉ុន្តែ​បាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក ដោយ​​មាន​អ្នក​ចូល​មើល​ដល់​ទៅ ​27K ហើយ​​នៅ​ពេល​ប្រកួត​ចប់ គឺ​ចំនួន​​អ្នក​ចូល​មើល កើន​ឡើង​​ដល់​ទៅ​ 275 ​K ឯណោះ។ ចំពោះ​​ការ​ចំណាយ​សរុប​គ្រប់​ផ្នែក ​អស់​ជាង ​៨ ​០០០ ​ដុល្លារ​ ខណៈ​ដែល​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន ​បាន​ជាង​ពាក់​កណ្តាល​ គឺ​ខ្ញុំ​ចំណាយ​អស់​ប្រហែល​ជា​ ៣ ​០០០ ​ដុល្លារ​ប៉ុណ្ណោះ​ ហើយ​​ក្រៅ​ពី​បងៗ ​អគ្គស្នងការ​រង​ចំនួន​​ ៣ ​នាក់ បាន​ចូលរួម​ជួយ គឺ​​មាន​ឯកឧត្តម ​តែម​ ម៉ឺន​ និង​ លោក​ ហេង​ សុខឃន ​ជួយ​ឧបត្ថម្ភ​ម្នាក់ៗ​ចំនួន​ ១ ​លាន​រៀល»​​។​

ចំណែក​ព្រឹទ្ធាចារ្យ​កីឡា​វ័យ​ ៨០ ​ឆ្នាំ ​លោកតា ​ញ៉ូវ​ ម៉ាក់​ ដែល​​ជា​ប្រធាន​ក្លិប​តាឡីដំរីមានរិទ្ធ​ ហើយ​​បាន​ចូលរួម​កម្មវិធី​ប្រកួត​នេះ​ផ្ទាល់ ​បាន​​និយាយ​ថា​៖ «​ស៊ន ​អេលីត ​រៀបចំ​ប្រកួត​នេះ​ល្អ​ណាស់​ ​ព្រោះ​កីឡាករ​ល្អៗ​ទទួល​បាន​ការ​ប្រកួត ​បាន​ប្រាក់​ទ្រទ្រង់​ជីវភាព​ ហើយ​​មួយ​វិញ​ទៀត​ការ​ផ្គូផ្គង​ប្រកួត​ សុទ្ធ​តែ​កំពូល​កីឡាករ​ខ្លាំងៗ​»។​

ជាមួយគ្នា​នេះលោក ​តែម​ ម៉ឺន ​ប្រធាន​សហព័ន្ធកីឡា​​ប្រដាល់​គុន​ខ្មែរ​និយាយ​​ថា​៖​ «កម្មវិធី​ប្រកួត​នេះ​ល្អ​ណាស់ ​ខ្ញុំ​ចូលរួម ​និង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា​​ខ្លះ ​ព្រម​ទាំង​បង្ក​ឱ្យ​​មាន​ការ​ប្រកួត​បន្ត​ទៀត​ទៅ​តាម​​លទ្ធភាព​។ ​ កម្មវិធី​ប្រកួត​ប្រដាល់​​​គុន​ខ្មែរ​អលស្តារ​នេះ​ យើង​ក៏​អាច​ច្របាច់​បញ្ចូល​​ប្រដាល់​ឃីក​​បុកស៊ីង​ផង​ដែរ ​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​របស់​យើង​ថែម​ទៀត»​។​

យោង​តាម​លទ្ធផល​ប្រកួត​បាន​បង្ហាញ​ពី​ការ​កាត់​សេចក្តី​ មាន​​ភាព​យុត្តិធម៌​ល្អ ​ហើយ​​ការ​ប្រកួត​​គូ​ពិសេស​ និង​គូ​ឯក​មាន​ការ​ប្រកួត​​ជក់​ចិត្ត។ ចំពោះ​លទ្ធផល​គូ​សំខាន់ៗ ​​កីឡាករ​ ឡុង ជិន ​​របស់​​ក្លិប​ខ្លារខិន បាន​​ឈ្នះ​ពិន្ទុ​ ​អេលីត ​សាន់ ជា​ម្ចាស់​ផ្ទះ​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ រីឯ​សែន ​រ៉ាដេត​ ស្ថិត​នៅ​ក្លិប​នាយកដ្ឋាន​អង្គរក្ស ដែល​បាន​យក​​​ឈ្នះ​ពិន្ទុ ​ខាំ ​ខ្លានាង​ ​របស់​​​​ក្លិប​ស្វាយប៉ាក​។​

ចំណែក ​ផល ​សោភ័ណ្ឌ​ របស់​​ក្លិប​តាឡីដំរីមានរិទ្ធ បាន​​ឈ្នះ​ពិន្ទុ ​អេលីត ​ភក្តី ​ក្លិប​នាយកដ្ឋានអង្គរក្ស ប៉ុន្តែ​ ​អេលីត ​ចំរើន ​ក្លិប​នាយកដ្ឋាន​អង្គរក្ស​បាន​​ផ្តួល​កីឡាករ​ជើង​ខ្លាំង ​ឃីម​ បូរ៉ា​ មក​ពី​ក្លិប​រស្មីភូមិគាប​​ ខេត្ត​បន្ទាយមានជ័យ​ឱ្យ​​សន្លប់​ក្នុង​ទឹក​ទី២ ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​​​៕