ភ្នំពេញ៖ ប្រភេទ​កីឡា​លើក​ទម្ងន់​របស់​ហ្វីលីពីន ដែល​ធ្លាប់​តែ​មាន​កម្រិត​ប្រហាក់​ប្រហែល ឬ​ខ្ពស់​ជាង​កីឡា​លើក​ទម្ងន់​របស់​​កម្ពុជា​បន្តិច​បន្តួច​​​នោះ​ គឺ​​ពេល​នេះ បាន​ឈាន​ទៅ​លើ​ចំណុច​កំពូល​ហើយ បន្ទាប់​​ពី​​កីឡាការិនី​លើក​ទម្ងន់ Hidilyn Diaz បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក ទីក្រុង​តូក្យូ ឆ្នាំ​ ២០២០ ជូន​​ប្រទេស​ហ្វីលីពីន ជា​​ប្រវត្តិសាស្រ្ត​លើក​ដំបូង កាល​ពី​ថ្ងៃ​ចន្ទ នៅ​លើ​ប្រភេទ​ទម្ងន់​ ៥៥ គីឡូ​ក្រាម​នោះ។

ផ្ទុយ​ពី​នេះ មន្រ្តី​ជំនាញ​របស់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បាន​អះអាង​ថា សកម្មភាព​ និង​សក្តានុពល​នៃ​ប្រភេទ​កីឡា​លើក​ទម្ងន់​កម្ពុជា​ពេល​នេះ គឺ​​នៅ​ខ្ចី​វស្សា​ ព្រោះ​សហព័ន្ធ​​នេះ ទើប​តែ​បង្កើត​ឡើង​បាន​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ក្នុង​អាណត្តិ​ទី​១ នេះ​ ដែល​​ត្រូវការ​ពេល​វេលា​យូរ​អង្វែង​ទៀត​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​បន្ថែម ទើប​អាច​មាន​លទ្ធភាព​​ឈាន​ទៅ​រក​ការ​ឈ្នះ​បាន​មេដាយ នៅ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​បាន​។

លោក​ សំ ​សុខយី ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​​បាន​ប្រាប់​​ថា៖ «សម្រាប់​ប្រភេទ​កីឡា​​លើក​ទម្ងន់​នេះ​ ត្រូវ​ការ​ពេលវេលា​យូរ​អង្វែង​ទៀត ​ទើប​រំពឹង​ទទួល​បាន​ជយលាភី ​ឬ​ចំណាត់​ថ្នាក់​មេដាយ​ជូន​ជាតិ​ ហើយ​​តាម​ផែនការ​ និង​ចក្ខុ​វិស័​យ​​សហព័ន្ធ​ គឺ​​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១​ នៅ​វៀតណាម​ គឺ​​កីឡា​លើក​ទម្ងន់​ ត្រូវ​ដណ្តើម​ឱ្យ​បាន​មេដាយ​​ ១​»។​

លោក​បន្ត​ថា​៖ «ចំណែក​​ផែនការ​របស់​សហព័ន្ធ​ និង​ផែនការ​របស់​ CAMSOC ​ស្តីពី​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ​លើកទី៣២ ​ឆ្នាំ​ ២០២៣ នៅ​កម្ពុជា គឺ​យើង​កំណត់​មេដាយ​​​មាស​ឱ្យ​​បាន​ ១​ ​​និង​មេដាយ​ប្រាក់​ ឬ​សំរឹទ្ធ ​ទៅ​តាម​លក្ខណៈ​ជាក់​ស្តែង»​។​

ទាក់ទង​ទៅ​នឹង​ស្ថាន​ភាព​​របស់​ក្រុម​ជម្រើស​ជាតិ​កីឡា​លើក​ទម្ងន់​កម្ពុជា លោក​ សំ​ សុខយី បាន​​​លម្អិត​ថា៖ ​«​កីឡាករ​ជម្រើស​​​ជាតិ​កម្ពុជា​យើង ​បច្ចុប្បន្ន​មាន​ ៧ ​នាក់​ (​ស្រី​ ៣ នាក់) និង​​គ្រូ​បង្វឹក​ ២​ នាក់​ ហើយ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម​ ​គេ​ផ្តល់​ជូន​កម្ពុជា​យើង​ចំនួន​ ៧ ​ប្រភេទ​ទម្ងន់ ​ប៉ុន្តែ​កម្ពុជា​យើង​ នៅ​មិន​ទាន់​ហ៊ាន​កំណត់​នៅ​ឡើយ​ ព្រោះ​អត្តពលិក​​យើង​នៅ​មិន​ទាន់​គ្រប់​ប្រភេទ​ទម្ងន់​នេះ​ នៅ​ឡើយ​ទេ»​។​

ចំណែក​លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​ NOCC ​និង​ជា​ប្រធាន​​សហព័ន្ធ​កីឡា​​លើក​ទម្ងន់​កម្ពុជា​បាន​​​ប្រាប់​​ថា​៖ «​កីឡា​លើក​ទម្ងន់ ​គឺ​ជា​ប្រភេទ​កីឡា​ក្នុង​អូឡាំពិក​មាន​ការ​ពេញ​និយម​ នៅ​លើ​ពិភព​​លោក​ ហើយ​សហព័ន្ធ​មាន​យុទ្ធសាស្ត្រ​ដាក់​គោលដៅ​ឱ្យ​​បាន​ចូលរួម​ក្នុង​​​ព្រឹត្តិការ​ណ៍​កីឡា​អូឡាំពិក ​ឆ្នាំ ​២០២៤​ ដោយ​យើង​ត្រូវ​ចំណាយ​ពេល ដើម្បី​​ពង្រឹង​សមត្ថភាព​អត្តពលិក​មាន​ស្រាប់​ និង​ស្វែងរក​អត្តពលិក​​ឆ្នើមៗ និង​​ថ្មី​ៗ​បន្ធែម​ទៀត»​។

លោក​បាន​បន្ថែម​ថា៖ ​«​នេះ​ជា​គោលដៅ​ ប៉ុន្តែ​ត្រង់​ថា​ យើង​ដើរ​ទៅ​ដល់​គោល​ដៅ​កំណត់​ ឬ​យ៉ាង​ណា​ វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​​ជាក់ស្តែង​។ ​

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​នៅ​មាន​ការ​គាំទ្រ​ និង​មាន​ទំនាក់ទំនង​ល្អ​ ជាមួយ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ​ និង​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អាស៊ី ​ដើម្បី​ជា​ដៃគូ​​សកម្មភាព​រស់រវើក​ និង​ត្រៀម​ព្រឹត្តិការណ៍​ប្រកួត​នានា ​ពិសេស​ស៊ីហ្គេម ឆ្នាំ ​២០២១ ​នៅ​វៀតណាម​»។

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បាន​​បញ្ជាក់​ថា​៖ «​យើង​ក៏​មាន​ការ​លំបាក​ក្នុង​ការ​បង្វឹក ​ឬ​ផលិត​កីឡាករ-កីឡាការិនី​ដែរ ​ដោយ​យើង​​ត្រូវ​ការ​ពេល​វេលា​វែង​សមរម្យ​ ទើប​មាន​លទ្ធផល​ល្អ​ជូន​ជាតិ​ ចំណែក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ក្នុង​​ស្រុក គឺ​យើង​ធ្លាប់​បាន​បញ្ជូន​​លោកស្រី​ ទ្រី​ សុថាវី​ ទៅ​សិក្សា​ពី​បច្ចេកទេស ​បទ​ពិសោធ​​គរុកោសល្យ​​នៃ​ការ​បង្វឹក​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​ជប៉ុន ​ផង​ដែរ​​​៕​​