ភ្នំពេញ៖ នាយ​បេស​ក​កម្ម​នៃ​ប្រតិភូ​កីឡា​កម្ពុជា​ លោក វ៉ាត់ ចំរើន បាន​​ប្រាប់​​ថា ក្រុម​អត្តពលិកទាំង ​៣​ នាក់របស់​កម្ពុជា បាន​នឹងកំពុង​ត្រៀមខ្លួន​យ៉ាង​ល្អ ទាំងការ​ហ្វឹក​ហាត់ សុខភាព និងការ​ស្នាក់នៅ ហូបចុក ដើម្បី​ត្រៀម​ខ្លួន​ប្រកួតទៅ​តាមជំនាញ​របស់​ពួកគេ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ទី​ក្រុង​តូក្យូ ឆ្នាំ ​២០២០ ប៉ុន្តែ​លោក​បាន​អះអាង​ថា យើង​មិន​រំពឹងឡើយ ​ក្នុង​ដណ្តើម​បាន​​លទ្ធផល​ល្អ គឺបើ​អាច​ត្រឹម​បំបែកកំណត់ត្រា​ចាស់ ឬឯតទគ្គកម្ម​របស់​ខ្លួន​ឯង វា​ល្អ​ពេក​ទៅ​ហើយ។​

លោក ​វ៉ាត់ ​ចំរើន ដែល​​​ជា​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា (​NOCC) ផង​នោះ ​បាន​ប្រាប់ ​​ភ្នំពេញ​ ប៉ុស្តិ៍ ពី​ប្រទេស​ជប៉ុន ​មក​​ថា៖ ​«ស្ថាន​ភាព​ទូ​ទៅ ​ព្រម​ទាំង​សុខ​ភាព​របស់​ក្រុម​យើង ​ល្អ​ប្រ​សើរ​ គឺ​​ការ​ស្នាក់​នៅ​ មាន​ផា​សុខភាព​ល្អ​ ចំណែក​​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ មាន​អាហារ​គ្រប់​ប្រភេទ​ តាម​តម្រូវ​ការ ​គ្រប់​ជាតិ​សាសន៍ ​និង​បើក​ទទួល ​២៤​ ម៉ោង​តែ​ម្តង»​។​​

នៅ​ពេល​សួរ​ពី​ក្តី​រំពឹង​នៃ​​លទ្ធផល​​ការ​​​ប្រ​កួត​​​របស់​អត្តពលិកកម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​អូឡាំ​ពិក លើក​នេះ លោក​ វ៉ាត់ ​ចំរើន​ ​បាន​ពន្យល់​​តាម​បច្ចេកទេស​ក្នុង​កីឡា​ថា​៖ ​«ជា​ធម្មតា​បង​ប្អូន​ជន​រួម​​ជាតិ​ ពិត​ជា​រង់​ចាំ​ និងចង់​ដឹង​ពី​លទ្ធផល​ ជាមិន​ខាន​ ប៉ុន្តែ​បើ​ផ្អែក​ទៅ​លើ​ការ​ពិត​ លើ​​បច្ចេកទេស​ក្នុង​កីឡា​ និងកម្រិត​សមត្ថ​ភាព​របស់​យើង គឺ​យើង​មិន​អាច​​ចំណាត់​ថ្នាក់​ ឬ​ទទួល​បាន​ជយ​លាភី​នោះ​ទេ»​។​

ចំពោះបញ្ហា​នេះ លោក វ៉ាត់ ចំរើន បាន​លើក​​យក​ទិសដៅ និង​គោល​បំណង ​​២ ចំណុច មក​ពន្យល់​។ លោក​ថា ទី​១ ​ព្រឹត្តិការណ៍​កីឡា​ ក្នុង​កម្រិត​អូ​ឡាំពិក​អន្តរជាតិ ​ជា​បេសកកម្ម​កាតព្វកិច្ច ​ដែល​យើង​ខក​ខាន​មិន​បាន ​ព្រោះ​​សិទ្ធិ​នេះ ​ទទួល​ពី​គណៈ​កម្មការ​រៀប​ចំ ​ផ្តល់​តាម​ធម្ម​នុញ្ញ​អូឡាំពិក​ បង្ក​​ឱ្យ​បាន​​ចូល​រួម​ជា​លក្ខណៈ​ការ​ផ្តល់​សិទ្ធិ​​អនុគ្រោះ​ មិន​មែន​ចូល​តាម​ប្រ​កួត​ជម្រុះ​ទេ ​ហេតុ​នេះ​​ការ​ប្រ​កួត ​គឺ​យើង​បាន​ដឹង​ពី​លទ្ធផលទៅហើយ។

​ក្រុម​អត្តពលិកកម្ពុជា រួមទាំង​គ្រូ​បង្វឹក និងថ្នាក់​ដឹកនាំ​ បានថត​ជុំ​គ្នា នៅ​ទីក្រុង​តូក្យូ ប្រទេសជប៉ុន។ រូប​ថត សហការី

លោក​បន្ត​ថា ​និយាយ​ឱ្យ​ចំ គឺ​ធ្វើ​យ៉ាងណា​​ឱ្យ​​ទទួល​បាន​​ភាពល្អ​​ប្រសើរ​ជាង​មុនប៉ុណ្ណោះ ពោល​គឺ​អាច​​បំបែក​ឯតទគ្គកម្ម​ខ្លួន​ឯង​។ ចំណែក​​ទី​២ ​ប្រ​សិន​បើ​កម្ពុជាបាន​ចូល​ប្រ​កួត​ប្រជែង​នូវ​ប្រភេទ​កីឡា​មួយ​ណា​ក៏​ដោយ ​តាម​រយៈ​ការ​ឆ្លង​ផុត​វគ្គ​ប្រកួត​ជម្រុះ​តាម​តំបន់​ ឬ​ទ្វីប នោះទើប​យើង​​មាន​​រំពឹង​ដណ្តើម​យក​ចំណាត់​ថ្នាក់​ ឬ​​ស្វែង​រក​មេដាយ​។​

យ៉ាង​ណា​ក៏​ដោយ លោក​ វ៉ាត់ ​ចំរើន បាន​បញ្ជាក់​ថា៖​ «​យើង​មិន​អាច​និយាយ​អ្វី​ ដែល​ជា​ការ​បំបាក់​ទឹក​ចិត្ត​ដល់​អត្តពលិក​យើង​នោះ​ឡើយ​ ព្រោះ​​គោល​ដៅ​ធំ​បំផុត​របស់​អត្តពលិក​យើង ​គឺ​បំបែក​ឯតទគ្គកម្ម​ខ្លួន​ឯង​ មិន​មែន​ទៅ​បំបែក​ឯតទគ្គកម្ម ​ជា​មួយ​គេ​នោះ​ទេ​ ហេតុនេះ​យើង​មិន​អាច​ដណ្តើម​បាន​មេ​ដាយ​នោះ​ឡើយ​ ពី​ព្រឹត្តិការ​ណ៍​កីឡា​ដ៏​​ធំ​នេះ​ ​ព្រោះ​សូម្បី​តែ​ជាប់​ជា​​បេក្ខភាព​ប្រ​កួត​ប្រជែង​តាម​បច្ចេកទេស​ ក៏​​មិន​បាន​ផង ​គឺអត្តពលិក​របស់យើង ​ទទួល​បាន​ត្រឹម​សិទ្ធិ​អនុគ្រោះ​ប៉ុណ្ណោះ​»​។​

អ្នក​ជំនាញកីឡា​រូបនេះ បានបន្ថែម​ថា៖​ «តែ​ទោះ​បី​ជា​យ៉ាង​ណា​ យើង​មាន​ផល​ចំណេញ​ព្រោះ​យើង​​បាន​​​កំណត់​ត្រា ​និង​​បទ​ពិសោធ ព្រមទាំង​បាន​ដឹង​​ពី​របៀប​រៀប​ចំ​ យល់​ដឹង​ពី​និតិ​វិធី​ព្រម​ទាំង​ស្វែង​​យល់​ពី​​លក្ខណៈ​រៀប​ចំ​មុន​ប្រ​កួត​ ពេល​ប្រ​កួត ​និង​ក្រោយ​ប្រ​កួត ​ក្នុង​នាម​តំណាង​ប្រទេស​ជាតិ​មួយ ​ជា​សមាជិក​ពេញ​សិទ្ធិ​ បាន​បំពេញ​បេសកកម្ម​ ជា​កាតព្វកិច្ច​ ក្នុង​​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​អន្តរាជាតិ​»។

គួរបញ្ជាក់ថា សម្រាប់​​កម្ម​វិធី​ប្រកួត​របស់​អត្តពលិក​កម្ពុជា​ទាំង​ ៣ នាក់ គឺ​កីឡាហែលទឹក ហែម ប៊ុច និង ឃឿន ប៊ុន​ពេជ្រ​មរកត ​​ត្រូវ​ប្រ​កួត​​វិញ្ញា​សា​ហែលសេរី ៥០ ម៉ែត្រ ដូចគ្នា​ នៅ​មជ្ឈ​មណ្ឌល​កី​ឡា​ហែល​ទឹក Tokyo Aquatics Centre នា​​​ម៉ោង ១៩:០០ ​ថ្ងៃទី​ ៣០ ខែ​កក្កដា (ត្រូវ​នឹង​ម៉ោង ៥​ ល្ងាច ​​នៅ​កម្ពុជា) ចំណែក​កីឡាករអត្តពលកម្ម ប៉ែន សុគង់ នឹង​ត្រូវ​ប្រ​កួត​រត់​ល្បឿន​ ចម្ងាយ ១០០ ម៉ែត្រ នៅ​ព​ហុ​កី​ឡ​ដ្ឋាន Olympic Stadium វេ​លា​ម៉ោង ១១:៣០​ នា​ថ្ងៃ​ទី ៣១ ខែ​កក្កដា​នេះ (ត្រូវ​នឹងព្រឹក​​ម៉ោង ៩:៣០ ​នៅ​កម្ពុជា)៕