ក្រុង​តូក្យូ៖ ព្រះចៅ​អធិរាជ​ប្រទេស​ជប៉ុន បាន​ប្រកាស​បើក​ដំណើរការ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក Tokyo Paralympics 2020 នាក្រុង​តូក្យូ ជា​ផ្លូវ​ការ​ក្នុង​កីឡដ្ឋាន​ទទេ​ស្អាត (អត់​មាន​ទស្សនិកជន) កាល​ពី​ថ្ងៃ​អង្គារ ដោយ​អត្តពលិក​ទាំង​អស់​កំពុង​ត្រៀម​ខ្លួន ដើម្បី​ប្រកួត​ប្រជែង​កីឡា​ចម្រុះ និង​បំបែក​កំណត់ត្រា​ ទោះបី​ជា​ត្រូវ​បាន​ពន្យារពេល ១ ឆ្នាំ​ ដោយសារ​វិបត្តិ​រោគ​រាតត្បាត​ក៏​ដោយ​។

ព្រះចៅ​អធិរាជ Naruhito ទ្រង់​មាន​ព្រះ​បន្ទូល​បើក​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​នេះ ជាមួយ​នឹង​ការ​ព័ទ្ធ​ជុំវិញ​​ទៅ​ដោយ​កៅអី​ទំនេរ​ចម្រុះ​ពណ៌​ដ៏​ច្រើន នៅ​​ឯ​ពហុកីឡដ្ឋាន Olympic ដែល​មាន​ចំណុះ​ផ្ទុក ៦៨ ០០០ ​​កៅអី ដោយ​ច្បាប់​ទប់​ស្កាត់​ការ​ឆ្លង​វីរុស ​ហាម​ឃាត់​អ្នក​គាំទ្រ​មិន​ឱ្យចូល​រួម​ស្ទើរ​គ្រប់​ការ​ប្រកួត​​។​

«ខ្ញុំ​សូម​ប្រកាស​បើក​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ហ្គេម​ Tokyo Paralympic Games 2020​ ជា​ផ្លូវ​ការ​»​។ នេះ​ជា​ ព្រះ​បន្ទូល​ប្រកាស​បើក​របស់​ព្រះចៅ​អធិរាជ Naruhito​។

ការ​ប្រារព្ធ​ពិធី​បើក​នេះ កើត​ឡើង​​ចំពោះ​មុខ​ភ្ញៀវ វីអាយភី (VIP) និង​មន្ត្រី​ប្រមាណ ៨០០ ​នាក់​ប៉ុណ្ណោះ តែ​មាន​អារម្មណ៍​ពិសេស ខណៈ​ដែល​ក្រុម​ចំនួន ១៦២ រីករាយ​នឹង​ពេលវេលា ដែល​ពួក​គេ​រង់ចាំ​យ៉ាង​យូរ​ក្នុង​ការ​ប្រកួត​ប្រជែង​កីឡា​ ដែល​ជា​ទី​ចាប់​អារម្មណ៍​លំដាប់​ពិភព​លោក​នេះ​។

ការ​ប្រារព្ធ​នេះ យក​ពាក្យ «We Have Wings​» (​យើង​មាន​ស្លាប​ហោះ​ហើរ) ជា​ពាក្យស្លោក​ ដោយ​បាន​សាង​ព្រលាន​យន្តហោះ​​តូច​មួយ​នៅ​លើ​វាលស្មៅ​របស់​កីឡដ្ឋាន និង​និទាន​រឿង​យន្តហោះ​ស្លាប​ម្ខាង​ហោះ​ទៅ​លើ​មេឃ​។

ការ​ដើរ​ក្បួន​​​របស់​​អត្តពលិក​ជន​ពិការ និង​មន្ត្រី​ពាក់​ព័ន្ធ​ប្រមាណ​ជា ៣ ៤០០ នាក់ បាន​ចូល​ទៅ​ក្នុង​ពហុកីឡដ្ឋាន ដោយ​មាន​ពាក់​ម៉ាស់ តែ​បាន​​គ្រវី​ទង់ និង​រាំរែក ក្រោយ​ខក​ចិត្ត​ដោយសារ​ការ​ពន្យារ​ពេល និង​បារម្ភ​ពី​ការ​អាច​នឹង​រំសាយ​ចោល​តែ​ម្ដង​។

ប្រធាន​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ លោក Andrew Parsons បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ អាច​ជា​ផ្លេតហ្វម​នៃ​ការ​ផ្លាស់​ប្ដូរ​។

លោក Parsons បាន​ថ្លែង​ថា​៖ «​មនុស្ស​ជាច្រើន​មាន​ចម្ងល់​ថា ថ្ងៃ​នេះ​នឹង​កើត​មាន​ឡើង​ឬ? មនុស្ស​ជាច្រើន​គិត​ថា វា​មិន​អាច​ទៅ​រួច​ទេ​ តែ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ពី​មនុស្ស​ជា​ច្រើន ព្រឹត្តិការណ៍​កីឡា​ដែល​ផ្លាស់​ប្ដូរ​ច្រើន​បំផុត​នៅ​លើ​លោក កំពុង​ត្រៀម​ខ្លួន​ដំណើរការ​ហើយ​»​។

ហ្គេម​ដែល​រយៈពេល ១៣ ​ថ្ងៃ​ និង​​ដែល​មាន​​មេដាយ​មាស​សរុប ៥៣៩ ទុក​សម្រាប់​ឱ្យ​អត្តពលិក​ធ្វើ​ការ​ដណ្ដើម​គ្នា​ពី​ ២២ ​ប្រភេទ​កីឡា​ផ្សេង​គ្នា​នេះ បាន​លេច​ឡើង​​ ២ សប្ដាហ៍​ ក្រោយ​កម្ម​វិធី​បិទ​កីឡា​អូឡាំពិក​ ដែល​ក៏​បាន​កើត​ឡើង​ស្ទើរ​ទាំង​ស្រុង​ផង​ដែរ ជាមួយ​នឹង​ការ​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត ដោយសារ​ការ​បារម្ភ​ខ្លាច​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​៕ AFP/VN