ក្រុង​ឡុង​ដ៍: កីឡាករ Pierre-Emerick Aubameyang ធ្វើ​បាន​ហ៊ែត​ទ្រិក (ស៊ុត​បញ្ចូល​ទី ៣ គ្រាប់) ដើម្បី​ជួយ​​លើក​ក្រុម Arsenal ឱ្យ​ងើប​ចេញ​ពី​ការ​​រុំ​ព័ទ្ធ​​ដោយ​បញ្ហា​បាន​ខ្លះ ជាមួយ​នឹង​ការ​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​ West Bromwich Albion យ៉ាង​ចាស់​ដៃ​ ៦-០ ពី​ការ​ប្រកួត​ ក្នុង​កម្មវិធី​លីគ​ខាប់ (League Cup) ជុំទី២ កាល​ពី​ថ្ងៃ​ពុធ​។

បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Brentford និង Chelsea ក្នុង​ការ​ប្រកួត​បើក​ឆាក ២​ លើក​ដំបូង នៅ​ក្រប​ខ័ណ្ឌ Premier League ធ្វើ​ឱ្យ​ក្រុម​កាំភ្លើង​ធំ Arsenal ធ្វើ​ដំណើរ​មក​ដល់​កីឡដ្ឋាន Hawthorns ជាមួយ​នឹង​ភាព​ចលាចល បន្ទាប់​ពី​មាន​នូវ​ការ​ចាប់​ផ្ដើម​រដូវកាល​​ដ៏​សែន​អាក្រក់​បំផុត​របស់​ខ្លួន​។

ក្រុម​របស់​លោក Mikel Arteta ត្រូវ​បាន​ហ៊ោ​ចំអក ក្រោយ​ពី​ចាញ់​ក្រុម Chelsea ២-០ នៅ​ផ្ទះ​ខ្លួនឯង កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​មាន​អ្នក​គាំទ្រ ១ ក្រុម នាំ​គ្នា​ទៅ​ហ៊ុំព័ទ្ធ​ឡាន​របស់​អ្នក​ចាត់​ក្រុម Arsenal និង​ស្រែក​ឱ្យ​គាត់​ចាក​ចេញ​ពី​ក្រុម ខណៈ​ដែល​គាត់​បើក​ចេញ​ពី​កីឡដ្ឋាន​។

ដើម្បី​ទប់​ទល់​នឹង​ទិដ្ឋ​ភាព​ដ៏​គួរ​ឱ្យ​សោក​សៅ​នេះ លោក Arteta មិន​អាច​បណ្ដោយ​​ឱ្យ​មាន​ការ​បរាជ័យ​បាន​ទៀត​ទេ ក្នុងការ​​ប៉ះ​ជាមួយ​ក្រុម West Brom ប្រចាំ​​ក្រប​ខ័ណ្ឌទី ២ Championship ដែល​ទុក​ឱ្យ​កីឡាករ​ជម្រើស​ ១១ ​នាក់​ដំបូង​របស់​ខ្លួន​សម្រាក​ទាំង​អស់ ហើយ​បន្ថែម​ដោយ​កីឡាករ​ទើប​បង្ហាញ​ខ្លួន​ដំបូង​ជាមួយ​ក្រុម​ដល់​ទៅ ៧​ នាក់​។

​សំណាង​ល្អ​សម្រាប់​លោក Arteta កីឡាករ Aubameyang អាច​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជាលើក​ទី នៅ​រដូវ​កាល​នេះ ក្រោយ​សះ​ស្បើយ​ពី​ជំងឺ​កូវីដ ១៩ ហើយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង ស៊ុត ២ គ្រាប់​ដំបូង មុន​នឹង​កីឡាករ​ Nicolas Pepe និង Bukayo Saka ជួយ​បន្ថែម​ម្នាក់ ១​ គ្រាប់​ពី​លើ​។​​​

ក្រោយ​មក​ទៀត Aubameyang ក៏​មាន​ឱកាស ធ្វើ​បាន​ហ៊ែតទ្រិក មុន​នឹង​ដៃ​គូ​ប្រយុទ្ធ Alexandre Lacazette ជួយ​ឱ្យ​ក្រុម​កាំ​ភ្លើង​ធំ​ឈ្នះ​ផ្លូវ​ការ ៦-០​។

«​វា​ពិត​ជា​ល្អ​ណាស់​។ ការ​ស៊ុត​បាន​ ៦ គ្រាប់​ក្រៅ​ផ្ទះ ហើយ​បិទ​មិន​ឱ្យ​របូត​គ្រាប់​បាល់​បាន ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​រីក​រាយ​ណាស់​»​។ នេះ​ជាសម្ដី​របស់​​លោក Arteta ដែល​ក្រុម​របស់​លោក នឹង​ត្រូវ​ជួប​ជាមួយ​​​ AFC Wimbledon នៅ​ផ្ទះ​ខ្លួន​ឯង ក្នុង​ជុំ​ទី ៣​។

អ្នក​ចាត់​ការ​សញ្ជាតិអេស្ប៉ាញ បាន​បន្ត​ថា​៖ «​ឥរិយាបថ​ ដែល​ក្រុម​មាន តាំង​ពី​ចាប់​ផ្ដើម​ដំបូង គឺ​ល្អ​។ យើង​មាន​ការ​សោក​ស្ដាយ ដែល​មិន​អាច​ឈ្នះ ២ ​ហ្គេម​ដំបូងនៅ​លីគ​។ នៅ​ពេល​ដែល​អ្នក​ចាញ់ រឿង​ដ៏​​សំខាន់​បំផុត​ គឺ​ត្រូវ​ឈ្នះ​ហ្គេម​បន្ទាប់ ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​មក​វិញ​»​។

តែ​យ៉ាង​ណា វា​មិន​បាន​ធ្វើ​ឱ្យ​លោក Arteta ដក​ដង្ហើម​បាន​ស្រួល​នោះ​ឡើយ ដោយ​សារ​នៅ​ចុង​សប្ដាហ៍​នេះ ពួក​គេត្រូវ​ប្រឈម​នឹង​ការ​ធ្វើ​ដំណើរ​ដ៏​គួរ​ឱ្យ​ញញើត​ទៅ​ផ្ទះ​របស់​​ក្រុម​ជើងឯក​លីគ​កំពូល Manchester City ដែល​នៅ​ទី​នោះ​ លោក Arteta ធ្វើ​តួនាទី​ជា​ជំនួយ​ការ​របស់​លោក​ Pep Guardiola មុន​នឹង​ចាក​ចេញ​ទៅ​ដឹក​នាំ​ក្រុម​លំដាប់​កំពូល​នៅ​ក្រុង​ឡុងដ៍​ Arsenal។

ការ​ប្រកួត​ចាញ់​ក្រុម​ Man City នឹង​ធ្វើ​ឱ្យ​មាន​កាន់​ខ្លាំង​បន្ថែម​ទៀត​ចំពោះ​លោក Arteta ដែល​បាន​សុំ​ឱ្យ​អ្នក​គាំទ្រ​របស់ Arsenal ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ ក្នុង​កំលុង​ពេល​វេលា​ដ៏​លំបាក​ ដែល​គាត់​ពណ៌នា​ថា ជា​រឿង​មិន​ធ្លាប់​កើត​មាន​មក​ពី​មុន ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។

លោក​ Arteta បាន​បន្ថែម​ថា​៖ «​យើង​មិន​ដឹង​ថា អ្វី​ដែល​យើង​ត្រូវ​ប្រឈម​ជាមួយ​នៅ​ចុង​សប្ដាហ៍​នេះ នឹង​ក្លាយ​ជា​ហ្គេមមួយ​​ខុស​គ្នា​ដាច់​ស្រឡះ​​។ ខ្ញុំ​មិន​ដឹង​ថា​ អ្វី ដែលនឹង​កើត​ឡើង​ ក្នុង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករនោះ​ឡើយ​។ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ការ​ចាក​ចេញ​ខ្លះ​ ជា​ការ​រៀប​ចំ​របស់​ក្លិប​​»​៕ AFP/VN