ក្រុង​ប៉ារីស៖ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​ប្រគល់​ឱ្យ​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) ​​នូវ​ទឹក​ប្រាក់​ចំនួន ១៧១ ​លាន​អឺរ៉ូ ($២០១​លាន) ដែល​រឹបអូស​បាន​ពី​ក្រុម​មន្ត្រី​បាល់ទាត់​ពុក​រលួយ​។ នេះបើ​យោង​តាម​ការ​ប្រកាស​របស់​ស្ថាប័ន​គ្រប់គ្រង​បាល់​ទាត់​អន្តរជាតិ​មួយ​នេះ កាល​ពី​ថ្ងៃ​អង្គារ​។​

ភាគ​ច្រើន​នៃ​សាច់​ប្រាក់​នោះ បាន​មក​ពី​ការ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​សហរដ្ឋអាមេរិក ក្រោយ​កើត​មាន​រឿង​អាស្រូវ ដែល​មាន​ឈ្មោះ​ថា «FIFAgate» ដែល​បាន​ផ្ទុះ​ឡើង ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០១៥ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​នាយក​ប្រតិបត្តិ​បាល់​កីឡាបាល់​ទាត់​ពិភព​លោក ៧ ​រូប ក្នុង​ក្រុង​ហ៊្សូរិច ហើយ ២-៣ ខែ​ក្រោយ​មក នាំ​ឱ្យ​មាន​ការ​ចាកចេញ​ពី​តំណែង​របស់​លោក Sepp Blatter ដែល​ជា​ប្រធាន​ FIFA តាំង​ពី​ឆ្នាំ​ ១៩៩៨​។

«ប្រាក់​នេះ ត្រូវ​បាន​រឹប​អូស​ពី​គណនី​ធនាគារ​របស់​អតីត​មន្ត្រី ដែល​មាន​ពាក់ព័ន្ធ ហើយ​​​ក្រោយ​មក​ត្រូវ​បាន​កាត់​ទោស​ជា​ច្រើន​ឆ្នាំ​នៃ​គម្រោង​ពុក​រលួយ​ ក្នុង​វិស័យ​កីឡា​បាល់ទាត់​»​។ នេះ​ជា​ការ​ឱ្យ​ដឹង​ពី FIFA ក្នុង​សេចក្ដី​ប្រកាស​ ដែល​ផូស្ត​តាមរយៈ​វេបសាយ​របស់​ខ្លួន​។​

ជាមួយ​គ្នា​នេះ សហ​ព័ន្ធ​បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​បាន​បង្កើត​មូលនិធិ​​មួយ​ឈ្មោះ «​World Football Remission Fund» (មូលនិធិ​អនុគ្រោះ​វិស័យ​កីឡា​បាល់ទាត់​ពិភព​លោក) ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ដាន​ពី​មូល​និធិ​របស់ FIFA ដើម្បី​ប្រើប្រាស់​ប្រាក់​នេះ ជួយ​គាំទ្រ​ជា​ហិរញ្ញវត្ថុ​ដល់​គម្រោង​​ពាក់ព័ន្ធ​នឹង​បាល់​ទាត់ ដែល​ជះ​​ឥទ្ធិពល​វិជ្ជមាន​ដល់​សហគមន៍​នៅ​ទូទាំង​ពិភព​លោក​ទាំង​មូល​។​

លោក Gianni Infantino ដែល​មក​ជំនួស​តំណែង​លោក Blatter ដើម្បី​ធ្វើ​ជា​ប្រធាន​របស់ FIFA ស្វាគមន៍​ចំពោះ​ការ​ព្រមព្រៀង​នេះ​។​

«​ខ្ញុំ​មាន​ក្ដី​រីករាយ​ក្នុង​ការ​បាន​​ឃើញ​លុយ​ទាំង​នោះ ដែល​ត្រូវ​បាន​ផ្ទេរ​យក​ទាំង​ខុស​ច្បាប់​ពី​វិស័យ​បាល់ទាត់ ឥឡូវ​នេះ កំពុង​វិល​ត្រឡប់​មក ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​វត្ថុ​បំណង​​ដ៏​ត្រឹមត្រូវ​វិញ​ហើយ​ ដូច​ដែល​វា​ត្រូវ​តែ​បែប​ហ្នឹង​តាំង​ពី​ដំបូង​»​។​ នេះ​ជា​ប្រសាសន៍​របស់​លោក Infantino​។

លោក​ Infantino បាន​បន្ថែម​ថា​៖ «​វា​ជា​រឿង​ពិសេស​ណាស់​ក្នុង​ការ​បាន​ឃើញនូវ​ជំនួយ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​តាមរយៈ​មូលនិធិ​របស់ FIFA ដែល​អាច​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​មនុស្ស​ជាច្រើន ក្នុង​រង្វង់​ពិភព​នៃ​កីឡា​បាល់​ទាត់ ដោយជា​ពិសេស​តាមរយៈ​កម្មវិធី​យុវជន និង​សហគមន៍​»​។​​​​

លើស​ពី​នេះ​ទៀត ប្រព័ន្ធ​យុត្តិធម៌​របស់​អាមេរិក​នៅ​បន្ត​ស៊ើប​អង្កេត​វិស័យ​បាល់​ទាត់​ពិភព​លោក​​ដដែល ជា​ពិសេស​នោះ ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​កាតា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ World Cup 2022 ដោយ​មាន​ការ​សង្ស័យ​ថា អាច​នឹង​មាន​​ទិញ​សំឡេង​ឆ្នោត​៕ AFP/VN