ក្រុងឡុង​ដ៍​: អ្នក​ចាត់​ការ​ក្រុម​ Tottenham Hotspur (Spurs) លោក Nuno Espirito Santo (Nuno) បាន​អះ​អាង​បញ្ជាក់​ថា វា​ជា​រឿង​សំខាន់​ចាំ​បាច់​ណាស់ ដែល​ក្លិប​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ក្លា ក្នុង​រក្សា​ទុក​កីឡាករ Harry Kane បន្ត​ទៀត ដោយ​គាត់​បាន​ឱ្យឈ្មោះ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស​ថា ជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​ល្អ​បំផុត​របស់​ពិភពលោក​។​

កីឡាករ Kane បាន​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​យ៉ាង​យូរ​ចំពោះ​រូប​គេ កាល​ពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​​គេ​បាន​​ប្រកាស​ថា ប​ន្ត​ស្នាក់​នៅ​ជាមួយ​ក្រុម Spurs នៅ​រដូវក្ដៅ​នេះ ក្រោយ​ពី​ទទួល​ស្គាល់​ថា ខ្លួន​មិន​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្ទេរ​ទៅ​ក្រុម​​ Manchester City​ បាន​នោះ​ឡើយ​។

កីឡាករ​វ័យ ២៨​ ឆ្នាំ ចង់​ទៅ​ចូល​រួម​ជាមួយ​ជើង​ឯក​ Premier League យ៉ាង​ខ្លាំង ក្រោយ​ពី​មាន​ការ​ខក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ៗ ជាមួយ​នឹង​ការ​មិន​មាន​ពាន​រង្វាន់​អ្វី​សោះ​ ក្នុង​ដៃ​របស់​ក្រុម​ Spurs រយៈ​ពេល ១៣​ ឆ្នាំ​។

តែ​ក្រុម​ Man City មិន​អាច​បំពេញ​តាម​ការ​ទាម​ទារ​របស់​ក្រុម Spurs នូវ​ចំនួន​ទឹក​ប្រាក់ ១៥០ លាន​ផោន ($២០៦ លាន) សម្រាប់​តម្លៃ​ខ្លួន​របស់​កីឡាករ Kane ដែល​ចុង​ក្រោយ ទទួល​ស្គាល់នូវ​​ស្ថាន​ភាព​ជាក់​ស្ដែង ហើយ​​និយាយ​ថា រូប​គេ នឹង​ផ្ដោត​អារម្មណ៍ ១០០ ភាគ​រយ ដើម្បី​ជួយ​ក្រុម​នៅ​ភាគ​ខាង​ជើង​ក្រុង​ឡុងដ៍​នេះ​។

«​សម្រាប់​ពួក​យើង វា​អាច​និយាយ​បាន​ថា ការ​ដែល​យើង​អាច​រក្សា​ទុក​កីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​លោក នេះ​គឺ​ជារឿង​សំខាន់​ណាស់​។ ខ្ញុំ​គិត​ថា គ្រប់​កីឡាករ​ទាំង អស់ ត្រូវ​តែ​បង្ហាញ​នូវ​ការ​ជឿ​ជាក់​នេះ ដើម្បី​អាច​ឱ្យ​ពួក​យើង​សម្រេច​រឿង​ល្អ​ៗ​ជាមួយ​គ្នា​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Nuno​។

ទោះ​បី​ជា​អាច​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម Man City ជាថ្មី​ម្ដង​ទៀត ក្នុង​ខែ​មករា​ក៏ដោយ ក៏​វត្ត​មាន​របស់​កីឡាករ Kane គឺ​ជា​កម្លាំង​ជំរុញ​ដ៏​ធំ​សម្រាប់​ក្រុម Spurs ដែល​ឈ្នះ​ទាំង​អស់​ពី​ការ​ប្រកួត​បើក​ឆាក ២ លើក​ដំបូង ក្នុង​ក្រប​ខ័ណ្ឌ Premier League ក្រោម​ការ​ដឹក​នាំ​របស់​លោក Nuno​។

Kane គឺ​ជា​កីឡាករ​ទី២ ក្នុង​បញ្ជី​កំណត់​ត្រា​នៃកីឡាករ​រក​គ្រាប់​បាល់​របស់​ក្រុម Spurs ជាមួយ​នឹង​ចំនួន ២២២ គ្រាប់ ដោយ​តាម​​ពី​ក្រោយ​អតីត​កីឡាករ លោក Jimmy Greaves ចំនួន ៤៥​គ្រាប់​​។

ដោយ​ត្រូវ​បាន​សួរ​ថា តើ​ការ​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​របស់​លោក Greaves ពេល​នេះ នឹង​ក្លាយ​ជា​គោល​ដៅ​របស់ Kane ឬ? លោក Nuno បាន​តប​ថា​៖​ «​ខ្ញុំ​រីក​រាយ ដែល​គេ​នឹង​នៅ​ជាមួយ​ពួក​​យើង។ ហើយ​ខ្ញុំ​គិត​ថា គ្រប់​កីឡាករ​ទាំង​អស់​ ត្រូវ​តែ​មាន​គោល​ដៅ​ផ្ទាល់​ខ្លួន​ និង​មាន​កំណត់​ត្រា​ត្រូវ​បំបែក​ តែ​គ្រប់​យ៉ាង​ ត្រូវ​ស្ថិត​ក្នុង​ក្រុម​តែ​មួយ​»​។

អ្នក​ចាត់​ការ​សញ្ជាតិព័រទុយហ្គាល់ បាន​បន្ថែម​ថា​៖ «ខ្ញុំ​មិន​ដឹង​​ថា ជា​កីឡាករប្រភេទ​អ្វី​នោះ​ឡើយ ដែល​មាន​ភាព​អាត្មានិយម​គិត​តែ​ពី​ស្ថាន​ភាព​ខ្លួន​ឯង​។ នេះ​គឺ​ជា​ការ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​។ យើង​ត្រូវ​តែ​មាន​ជោគ​ជ័យ និង​ធ្វើ​ការ​ប្រកួត​ប្រជែង ហើយ​គ្រប់​កីឡាករ​ទាំង​អស់ សុទ្ធ​តែ​មាន​សារសំខាន់​ដូច​គ្នា​»​។​

ជាមួយ​ក្រុម Spurs កីឡាករ Kane បាន​ចាញ់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ចំនួន ២ លើក សម្រាប់​កម្មវិធី​លីគ​ខាប់ ម្ដង​ក្នុង​ក្របខ័ណ្ឌ Champions League ហើយ​បរាជ័យ ២ លើក ក្នុង​ការ​ប្រជែង​ជើង​ឯក នៅ Premier League​៕ AFP/VN