ក្រុងរីយោដឺហ្សេនេរ៉ូ​: អ្នក​ចាត់​ការ​ក្រុមមេឃខៀវ Manchester City លោក Pep Guardiola (Pep) បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​មាន​គម្រោង​ចាក​ចេញ​ពី​ក្លិប​ជើង​ឯក​លីគ​កំពូល​អង់​គ្លេស នៅ​ពេល​ដែល​កុង​ត្រា​បច្ចុប្បន្ន​នរបស់​គាត់​ ត្រូវ​បញ្ចប់​ ក្នុង​ឆ្នាំ​២០២៣ ហើយ​សង្ឃឹម​ថា ចុង​ក្រោយ នឹង​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​។

លោក Pep បាន​ប្រាប់​ថា​៖ «​ក្រោយ​រយៈ​ពេល ៧ ​ឆ្នាំ ជាមួយ​ក្លិប​នេះ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​សម្រាក​បន្តិច​។ ខ្ញុំ​នឹង​ត្រូវ​មើល​នូវ​អ្វី ដែល​យើង​បាន​ធ្វើ និង​ថ្លឹង​ថ្លែង​នូវ​កម្លាំង​ជំរុញ​ចិត្ត សម្រាប់​អនាគត​។ ហើយ​ក្នុង​ដំណាក់​កាល​នេះ ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ ក្នុង​ក្រុម​ជម្រើស​ជាតិ​ ដូច​ជា​ក្រុម​នៅ​តំបន់​អាមេរិក​ឡាទីន ឬ​តំបន់​អឺរ៉ុប។ ខ្ញុំ​ចង់​មាន​បទ​ពិសោធន៍ ក្នុង​ការ​ប្រកួត​ប្រជែង ក្នុង​កម្មវិធី Copa America​»​។

តែ​យ៉ាង​ណា​ក្ដី លោក​ Pep ដែល​បច្ចុប្បន្ន មាន​វ័យ ៥០ ​ឆ្នាំ មិន​បាន​មាន​រំពឹង​ថា ក្រុម​ជម្រើស​ជាតិ​នោះ គឺ​ប្រេស៊ីល​នោះ​ទេ​។

«​មែន​ហើយ​! ក្រុម​ជម្រើស​ជាតិ នឹង​ក្លាយ​ជា​ជំហាន​បន្ទាប់​​។ ខ្ញុំ​យល់​ថា​ គ្រូ​បង្វឹក​របស់​ក្រុម​ប្រេស៊ីល នឹង​តែង​តែ​ជា​ជន​ជាតិ​ប្រេស៊ីល​។ ខ្ញុំ​មិន​ឃើញ​គ្រូបង្វឹក​បរទេស ដឹក​នាំ​ក្រុម ដូច​ប្រេស៊ីល​ឡើយ​»​។ នេះ​ជា​ប្រសាសន៍​របស់​លោក Pep ក្នុង​​ព្រឹត្តិការណ៍​អនឡាញ ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​ប្រេស៊ីល XP Investimentos ហើយ​ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​ទូរទស្សន៍ ESPN Brasil​។

អតីត​កីឡាករ​របស់​ក្រុម​អ្នក​បុណ្យ Barcelona រូប​នេះ ដឹក​នាំ​ក្រុម Man City ឱ្យ​លើក​ពាន​ក្រប​ខ័ណ្ឌ Premier League ៣​ដង​ ក្នុង​ចំណោម​ការ​ធ្វើ​តួនាទី ៥​ រដូវកាល​របស់​លោក​ ហើយ​កាល​ពី​រដូវកាល​មុន ជួយ​ឱ្យ​ក្រុម​យក្ស​នៃ​ក្រុង​មេនឆេស្ទ័រ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ​ក្របខ័ណ្ឌ Champions League តែ​ចាញ់​ក្រុម​រួម​លីគ Chelsea ១-០​។

នៅ​មុន​នោះ​ លោក​ឈ្នះ​ពាន​លំដាប់​កំពូល​របស់​អឺរ៉ុប ២​ដង​ជាមួយ​ក្រុម Barcelona និង​ពាន​ក្របខ័ណ្ឌ La Liga ៣ ដង​ផង​ដែរ​ ជាមួយ​ក្លិប​យក្ស​តំបន់​កាតាឡាន់ ព្រម​ទាំង​លើក​ពាន​រង្វាន់​ទាំង​តូច​ទាំង​ធំ​ជាច្រើន​ជាមួយ​ក្រុម​ Bayern Munich នៅ​អាល្លឺម៉ង់​។

តែ​យ៉ាង​ណា លោក​នៅ​មិន​ទាន់​ធ្លាប់​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ ឬ​ក៏​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​ឡើយ ក្នុង​កម្រិត​អន្ត​រជាតិ​។​

ព្រឹត្តិការន៍​ជួប​គ្នា​តាម​អន​ឡាន កាល​ពី​ថ្ងៃ​ពុធ​នេះ ក៏​មាន​ផង​វដែរ​នូវ​វត្ត​មាន​របស់​អតីត​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិប​តី អ្នក​ស្រី Hillary Clinton និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ប៉ាគីស្ថាន នាង Malala Yousafzai ដែល​ជា​​ម្ចាស់​ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​៕ AFP/VN