ក្រុង​ទូរីន៖ ក្រុម​សេះ​បង្កង់ Juventus ភ្លាត់​រង​បរាជ័យ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​លទ្ធផល ១-០ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ភ្ញៀវ Empoli ក្នុង​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Serie A កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​នេះ​ជា​ហ្គេម​ដំបូង​ ដែល​ធ្វើ​ឡើង ដោយ​ចប់​យុគ​សម័យ​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo​។

១ គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ Leonardo Mancuso នៅ​ពាក់​កណ្ដាល​ផ្លូវ​នៃ​វគ្គ​ទី១ សម្រាប់​ការ​ប្រកួត​នា​កីឡដ្ឋាន Allianz ល្មម​គ្រប់គ្រាន់​ជួយ​ឱ្យ​ក្រុម​ភ្ញៀវ Empoli មាន​ជ័យជម្នះ ហើយ​ធ្វើ​ឱ្យ​ក្រុម Juve មាន​តែ ១ ពិន្ទុ ពី​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​បើក​ឆាក ២ ហ្គេម​ដំបូង​។​

ស៊ុបភើស្តារ Ronaldo បាន​សម្រេច​ចិត្ត​សុំ​ចែក​ផ្លូវ​ជាមួយ​ក្រុម​យក្ស​អ៊ីតាលី កាល​ពី​ថ្ងៃ​សុក្រ មុន​នឹង​មាន​ការ​ព្រមព្រៀង​វិល​ទៅ​ចូលរួម​​ជាមួយ​ក្រុម​ចាស់ Manchester United ដែល​ជា​ការ​ផ្ទេរ​មួយ​ធ្វើ​ឱ្យ​បាល់ទាត់​អឺរ៉ុប​ស្រឡាំងកាំង​។​

គ្រូ​បង្វឹក​របស់​ក្រុម​សេះ​បង្កង់ លោក Massimiliano Allegri បាន​លើក​ស្មា​របស់​គាត់ ហើយ​និយាយ​ថា ជីវិត​ត្រូវ​ដំណើរ​ទៅ​មុខ នៅ​ពេល​ដែល​គាត់​បាន​បង្ហើប​ប្រាប់ កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម Ronaldo ប្រាប់​គាត់​ថា រូប​គេ​ចង់​ចាកចេញ​។

ក្រុម​ Juve បាត់​នូវ​ភាព​មុត​ស្រួច នៅ​ចំពោះ​មុខ​ទី ដែល​នេះ អាច​ជា​អ្វី​ដ៏​អាក្រក់​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​ជីវិត​ដោយ​គ្មាន​វត្តមាន​របស់​កីឡាករ​អន្តរជាតិ​ព័រទុយហ្គាល់​វ័យ ៣៦ ​ឆ្នាំ ដែល​កាល​ពី​រដូវកាល​មុន គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ Serie A និង​ដែល​ទម្លុះ​សំណាញ់​ទី​បាន​ជាង ១០០ គ្រាប់ ឱ្យ​ក្រុម​ដែល​មាន​រហស្សនាម​ថា «Old Lady»(ស្ត្រី​វ័យ​ចំណាស់) ក្នុង​​រយៈពេល ៣ រដូវកាល។

ក្រុម Juve បាន​បញ្ចប់​ការ​ប្រកួត​ជាមួយ​នឹង​ការ​មិន​ពេញ​ចិត្ត​របស់​អ្នក​គាំទ្រ ដែលស៊ាំ​នឹង​ការ​មើល​​ក្រុម​របស់​ខ្លួន​ ដែល​មាន​ភាព​ក្លៀវ​ក្លា​នៅ​ Serie A តិច​ជាង​មុន ហើយ​កំពុង​បារម្ភ​ពី​ឱកាស​ក្នុង​ការ​ដណ្ដើម​ជើងឯក​លីគ​កំពូល​ពី​ក្រុម​គូ​ប្រជែង​​​ Inter Milan​។

លោក Allegri បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ DAZN ថា​៖ «យប់​នេះ ក្រុម​ចាប់​ផ្ដើម​បាន​ល្អ ក្រោយ​មាន​ការ​ស៊ុត​បញ្ចូលទី ពួក​យើង​ចាប់​ផ្ដើម​បែកបាក់​ ហើយ​យើង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ស្ថិត​ក្នុង​ដៃ​របស់​ Empoli​។ វា​ជា​រឿង​ចាំ​បាច់​ ក្នុង​ការ​មាន​ភាព​អត់ធ្មត់​ជាង​នេះ​ លេង​ជា​ក្រុម និង​មិនមែន​លេង​តែ​ឯង​​ទេ​។ ​កីឡាករ​ជា​ច្រើន​បាន​បង្កើត​កំហុស»៕​ AFP/VN