ក្រុង​មេនឆេស្ទ័រ៖ Cristiano Ronaldo បញ្ចប់​សព្វ​គ្រប់​នូវ​ការ​ផ្ទេរ​ត្រឡប់​ដ៏​គួរ​ឱ្យ​រំជួល​ចិត្ត​​មក​​ក្រុម​ចាស់ Manchester United (United) កាល​ពី​ថ្ងៃ​សុក្រ​ ពោល​គឺ​​​រយៈពេល ១២ ​ឆ្នាំ​ ក្រោយ​​ចាកចេញ​ក្នុង​នាម​ជា​កីឡាករ​​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក​ ហើយ​ភារកិច្ច​របស់​រូបគេ​នាពេល​នេះ គឺ​ការ​ជួយ​ជំរុញ​ឱ្យ​ក្រុម​បិសាចក្រហម​វិល​ទៅកាន់​ទី​កំពូល​នៅ​អង់គ្លេស និង​អឺរ៉ុប​វិញ​។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ព័រទុយហ្គាល់​វ័យ ៣៦ ​ឆ្នាំ ​ធ្វើ​ការ​វិល​ត្រឡប់​មក​កាន់​ក្របខ័ណ្ឌ​ Premier League វិញ​ទាំង​ប្រញាប់ប្រញាល់ ដោយ​ចែក​ផ្លូវ​ជាមួយ​​ក្រុម​យក្ស​នៅ​អ៊ីតាលី Juventus ដែល​ជា​ការ​ស្វែងរក​ឱកាស​ចុង​ក្រោយ ដើម្បី​បាន​ឈ្នះ​ពាន Ballon d''Or ជាលើក​ទី៦ និង​ពាន​ក្របខ័ណ្ឌ​ Champions League​។

Ronaldo ធ្វើ​ដំណើរ​មក​ដល់​ក្រុម United ​​ដោយ​ការ​ចាកចេញ​ពី​ក្លិប​នៅ​ប្រទេស​កំណើត Sporting Lisbon ក្នុង​ឆ្នាំ​ ២០០៣ ក្នុង​នាម​ជាកីឡាករ​មាន​រូប​រាង​ស្គម​កំព្រឹង​ ក្នុង​វ័យ ១៨ ​ឆ្នាំ តែ​ពេញ​ទៅ​ដោយ​ទិចនិក​នៃ​ការ​លេង​បាល់​យ៉ាង​ច្រើន​។

ក្នុង​រយៈពេល ៦ ឆ្នាំ ក្រោម​ការ​បង្ហាត់​បង្រៀន​​ពី​អតីត​អ្នក​ចាត់​ការ​ដ៏​ឆ្នើម លោក Alex Ferguson រូបរាង និង​លទ្ធផល​​របស់​គេ ត្រូវ​បាន​កែ​ប្រែ​ទាំង​ស្រុង ដោយ​ការ​រួម​ចំណែក​នាំ​ឱ្យ​ក្រុម United ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ជើងឯក​​ Premier League ៣ ​ដង និង​ពាន Champions League​ ក្នុង​ឆ្នាំ​ ២០០៨ ដែល​ជា​ពាន​ចុង​ក្រោយ​​របស់​លោក Ferguson នៅ​អឺរ៉ុប​។​​​​

ប៉ុន្តែ​​ United នៅ​មិន​អាច​រារាំង​មហិច្ឆតា​របស់​ Ronaldo ក្នុង​ការ​ចង់​ផ្លាស់​ទៅ​​​អេស្ប៉ាញ ខណៈ​​ដែល​ពេល​នោះ ក្រុម​ Real Madrid ​បាន​ស្នើ​​តម្លៃ​ជា​កំណត់ត្រា​របស់​ពិភព​លោក ៨០ ​លាន​ផោន ($១១០ ​លាន) ក្នុង​ឆ្នាំ​ ២០០៩​។ ក្រុម Real ឈ្នះ​ពាន​​រង្វាន់​ជាច្រើន​ពី​ចំណែក​ដ៏​សំខាន់​​​របស់​​ Ronaldo ក្នុង​រយៈពេល ៩ ឆ្នាំ​។​

រូប​គេ​បាន​បំបែក​កំណត់ត្រា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រប់​កាល​របស់​ក្លិប ជាមួយ​នឹង​អត្រា​លើស​ពី ១ គ្រាប់ ក្នុង ១ ហ្គេម​ ដោយ​ការ​ទម្លុះ​សំណាញ់​ទី ៤៥០ ​ដង​ ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន ៤៣៨ ​លើក​។

បន្ទាប់​ពី​បាន​បញ្ចប់​ការ​រង់ចាំ​ដ៏​យូរ​​របស់​ក្រុម Real ក្នុង​ការ​ឈ្នះ​ពាន​ Champions League លើក​ទី១០ Ronaldo ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱក្រុម​អធិរាជស​លើក​ពាន​ធំ​របស់​អឺរ៉ុប​នេះ ៣ ​ដង​ជាប់​គ្នា ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៦ និង​ឆ្នាំ​ ២០១៨​។​

នោះ​ហើយ ជា​អ្វី​ដែល​ក្រុម United កំពុង​ទន្ទឹង​រង់ចាំ​ចង់​ឱ្យ​កីឡាករ​ចាស់​វស្សា​ Ronaldo ធ្វើ​បែប​ហ្នឹង​ម្ដង​ទៀត ដោយសារ​ពួក​គេ​មិន​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​នោះ​ឡើយ គិត​តាំង​ពី​លោក Ferguson ចូល​និវត្តន៍ ក្នុង​ឆ្នាំ​ ២០១៣ ហើយ​ក៏​​​មិន​បាន​ទៅ​​លេង​នៅ​ Champions League ​ទៀងទាត់​​ដែរ ក្នុង​ចន្លោះ​ប៉ុន្មាន​ឆ្នាំ​នេះ​។

ភាព​រីក​ចម្រើន​កើត​មាន​បណ្ដើរ​ៗ ក្នុង​ រយៈ​ពេល​ជិត ៣ ​ឆ្នាំ​នេះ គិត​តាំង​ពី​លោក​ Ole Gunnar Solskjaer ចូល​មក​ជំនួស​តំណែង​របស់​លោក Jose Mourinho តែ​បុរស​សញ្ជាតិ​ន័រវែស នៅ​មិន​ទាន់​ដឹក​ក្រុម​ឱ្យ​ឈ្នះ​ពាន​អ្វី​ឡើយ​ ដោយ​បាន​បញ្ចប់​នៅ​ត្រឹម​ចំណាត់​ថ្នាក់​លេខ ២ ពី​ក្រោយ​ក្រុម​គូ​ប្រជែង​ Manchester City នៅ​ Premier League កាល​ពី​រដូវកាល​មុន​។

បទ​ពិសោធ ក្នុង​ការ​ផ្លាស់​ទៅ​អ៊ីតាលី​របស់​ Ronaldo ក៏​អាច​ជា​សញ្ញា​ព្រមាន​ផង​ដែរ​នូវ​អ្វី ដែល​អាច​ជា​ការ​សម្រេច​ចិត្ត​ខុស ក្នុង​ការ​វិល​មក​វិញ​នេះ​។ ក្រុម Juventus បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ២ ដង ក្នុង​រយៈពេល ៣ ​ឆ្នាំ មុន​​ការ​មក​ដល់​របស់​ Ronaldo ក្នុង​ឆ្នាំ​ ២០១៨ ជាមួយ​នឹង​តម្លៃ​ខ្លួន ១១២ លាន​អឺរ៉ូ ($១៣២ លាន)៕ AFP/VN