ក្រុង​ប៉ារីស៖ Lionel Messi ចាប់​ផ្ដើម​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ ពេល​ធ្វើ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ជាមួយ​ក្រុម​ថ្មី Paris Saint-Germain (PSG) កាល​ពី​ថ្ងៃ​អាទិត្យ តែ​ខ្សែ​ប្រយុទ្ធ Kylian Mbappe លេច​ធ្លោ​យ៉ាង​ខ្លាំង ជាមួយ​នឹង​ការ​ម៉ៅ​ផ្ដាច់​ម្នាក់​ឯង​ទាំង ២ គ្រាប់ ក្នុង​ជ័យ​ជម្នះ​ ២-០ លើ​ក្រុម​ម្ចាស់ផ្ទះ Reims ពី​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Ligue 1​។

Messi ដែល​ពាក់​អាវ​លេខ ៣០ ងើប​ចេញ​ពី​កៅអី​កីឡាករ​បម្រុង​នៅ​នាទីទី​៦៦ ដើម្បី​ចូល​លេង​ជំនួស Neymar ក្នុង​ហ្គេម នៅ​ឯ​កីឡដ្ឋាន Auguste-Delaune ដែល​អ្នក​គាំទ្រ​ចំនួន ២១ ០០០ នាក់ ​នាំ​គ្នា​ស្រែក​ហៅ​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន​មុន​ហ្នឹង នៅ​ពេល​គេ​ចេញ​មក​កម្ដៅ​សាច់​ដុំ​។​

ស៊ុបភើស្តារ​វ័យ ៣៤ ​ឆ្នាំ មិន​បាន​ចូល​លេង​តាំង​ពី​មក​ដល់​ក្រុង​ប៉ារីស ដោយ​ការ​ចាកចេញ​ពី​ក្រុម​​ Barcelona ជិត ៣ ​សប្ដាហ៍​កន្លង​ទៅ ដោយ​ការ​បង្ហាញ​វត្តមាន​ក្នុង​​ហ្គេម​ចុង​ក្រោយ ឃើញ​នៅ​ឯ​​ព្រឹត្តិការណ៍​​ Copa America វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​ថ្ងៃទី​ ១១ ខែ​កក្កដា ដែល​នៅ​ទីនោះ រូប​គេ​បាន​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជួយ​ឱ្យ​ក្រុម​ជម្រើស​​ជាតិ​របស់​ខ្លួន​ ឈ្នះ​ជើងឯក​ជាមួយ​នឹង​ការ​មាន​ជ័យជម្នះ​លើ​ក្រុម​ប្រេស៊ីល​។​​

ម្ចាស់​ជយលាភី​ពាន Ballon d''Or ៦ ​សម័យ នឹង​ត្រូវ​រង់ចាំ​គ្រាប់​បាល់​ទី១ ​ជាមួយ​​ក្រុម​ថ្មី និង​ការ​ចាប់​ផ្ដើម​ក្នុង​ជម្រើស​ដំបូង​ ដែល​អាច​​កើត​មាន ពេល​ក្រុម PSG បើក​ទ្វារ​កីឡដ្ឋាន Parc des Princes ស្វាគមន៍​ក្រុម​​​​ Clermont ក្នុង​ប្រកួត​បន្ទាប់ នាថ្ងៃទី​ ១១ ខែ​កញ្ញា​។

«​ខ្ញុំ​រីករាយ​ដែល​គេ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​។ វា​ជា​ការ​សំខាន់​ណាស់​សម្រាប់​រូប​គេ»​។ នេះ​ជា​ប្រសាសន៍​របស់​គ្រូបង្វឹក​ក្រុម PSG លោក Mauricio Pochettino ដែល​បាន​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ Amazon Prime ក្រោយ​ការ​បង្ហាញ​ខ្លួន​​លើក​ទី​១ ដែល​​ជា​ល្អ​ប៉ុន្មាន​​របស់ Messi ក្នុង​ឯកសណ្ឋាន​របស់​ក្រុម​អ្នក​មាន​នៅ​បារាំង​។​

អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន លោក Pochettino ​បន្ថែម​ថា​៖ «​គេ​នៅ​ឆ្ងាយ​ពី​ទម្រង់​លេង​កម្រិត​​កំពូល​របស់​គេ​ណាស់​ តែ​គេ​ធ្វើ​ការ​ហ្វឹកហាត់​បាន​យ៉ាង​ល្អ ហើយ​គេ​នឹង​មាន​ភាព​ពេញ​បរិបូរណ៍​ក្នុង ២ ​សប្ដាហ៍​បន្ទាប់ ពោល​គឺ​ក្រោយ​សម្រាក​ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ ហើយ​ប្រាកដ​ណាស់ យើង​កំពុង​រង់ចាំ​មើល​នូវ​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​គេ​»​។

សប្ដាហ៍​ដែល​ជិត​មក​ដល់​ហ្គេម​នេះ មិនមែន​គ្រប់​គ្នា​ចាប់​អារម្មណ៍​រឿង​រ៉ាវ​របស់​ Messi​ នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ គឺ​គ្រប់​គ្នា​និយាយ​ពី​បញ្ហា​អនាគត​របស់​កីឡាករ ​ Mbappe ដោយ​មាន​សេចក្ដី​រាយការណ៍​ថា​ ក្លិប​យក្ស​នៅ​អេស្ប៉ាញ Real Madrid ត្រូវ​បាន​បដិសេធ​ទាំង ២ ​ដង សម្រាប់​ការ​ស្នើ ដើម្បី​ទិញ​យក​​​ខ្សែ​ប្រយុទ្ធ​ជយលាភី​ពាន World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ​។

ការ​ស្នើ​ចុង​ក្រោយ​បំផុត​ត្រូវ​បាន​ដឹង​ថា ប្រមាណ​ជា ១៨០ ​លាន​អឺរ៉ូ ($២១២ លាន) ដែល​ជា​តម្លៃ​ខ្ពស់​កប់​ពពក សម្រាប់​កីឡាករ​ម្នាក់ ដែល​កុងត្រា​របស់​គេ នឹង​អស់​សុពលភាព​នៅ​ដំណាច់​រដូវកាល​នេះ ហើយ​​ដែល​នឹង​មាន​សិទ្ធិ​ចរចា​ដោយ​សេរី​ជាមួយ​ក្លិប​ណា​ក៏​បាន​ ក្នុង​ខែ​មករា ដោយ​ក្លិប​​ PSG មិន​ទទួល​បាន​សូម្បី ១ សេន ពី​ការ​ចុះ​កុងត្រា​នោះ​។

តម្លៃ​ដែល​ស្នើ​នោះ គឺ​ស្មើ​ផង​ដែរ​នឹង​ចំនួន​ទឹក​ប្រាក់​ ដែល​ក្រុម PSG បាន​ចំណាយ​ឱ្យ​ទៅ​ក្រុម​រួម​លីគ Monaco កាល​ពី​ឆ្នាំ​ ២០១៧ ដើម្បី​ទិញ​យក​កីឡាករ Mbappe ដែល​បាន​បង្ហាញ​ចេតនា​​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​ចង់​ចាកចេញ​ទៅ​ក្លិប​ផ្សេង ដោយ​នេះ​​អាច​ជា​ភាគរយ​ខ្ពស់ ដែល​វា​​ជា​ការ​លេង​លើក​ចុង​ក្រោយ​ឱ្យ​ក្រុម​ក៏​ថា​បាន​។

ជាមួយ​នឹង​ទី​ផ្សារ​ដោះដូរ​កីឡាករ ត្រូវ​ដល់​កាល​កំណត់​​នៅ​ថ្ងៃ​អង្គារ កីឡាករ​វ័យ ២២ ​ឆ្នាំ ហាក់​ដូច​ជា​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​វង្វេងវង្វាន់​នឹង​ការ​និយាយ​ពី​ការ​ផ្លាស់ប្ដូរ​ក្លិប​នោះ​ឡើយ ខណៈ​ដែល​រូប​គេ​នៅ​តែ​រក​គ្រាប់​បាល់​បាន​ ដោយ​​ការ​ស៊ុត​ ២ គ្រាប់ ដែល​ជួយ​ឱ្យ​ក្រុម PSG ឈរ​លេខ ១ ក្នុង​តារាង​ពិន្ទុ​របស់​លីគ​កំពូល​ជាមួយ​នឹង​ការ​មាន ១២ ​ពិន្ទុ ​ពេញ​ពី​ការ​ប្រកួត​ទាំង ៤ ​ហ្គេម​ដំបូង​នេះ​៕ AFP/VN