ក្រុង​ប៊ែរឡាំង៖ Wolfsburg ដណ្ដើម​បាន​ចំណាត់​ថ្នាក់​ទី១ ក្នុង​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​អាទិត្យ ជាមួយ​នឹង​ជ័យ​ជម្នះ ១-០ លើ​ក្រុម RB Leipzig តែ​ជោគជ័យ​របស់​ក្រុម​ម្ចាស់​ផ្ទះ ត្រូវ​បាំង​​ដោយ​ការ​ដួល​សន្លប់​របស់​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន​។​​

ក្រុម​ Wolfsburg អត់​ធ្វើ​ការ​អបអរ​​ឡើយ ក្រោយ​សំឡេង​កញ្ចែ​​​ចុង​ក្រោយ​បន្លឺ​ឡើង ដោយសារ​​​មាន​ហេតុការណ៍ ដែល​អ្នក​គាំទ្រ​ម្នាក់​ដួល​សន្លប់​ ក្នុង​អំឡុង​ពេល​​ប្រកួត ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់ប្រញាល់ ក្រោយ​ពី​បាន​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​រួច​។​

«​ក្នុង​កាលៈទេសៈ​នេះ វា​មិនមែន​ជា​រឿង​សមរម្យ​នោះ​ឡើយ ក្នុង​ការ​ធ្វើ​ការ​អបអរ​។ ក្នុង​​នាម​ក្លិប​ទាំង​មូល គំនិត​របស់​យើង​ កំពុង​គិត​ទៅ​កន្លែង​ផ្សេង​ហើយ​ពេល​នេះ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ​​ Wolfsburg គឺ​ខ្សែ​បម្រើ Maximilian Arnold​។

ក្រុម​ម្ចាស់​ផ្ទះ មាន​គ្រាប់​បាល់​ជ័យ​ជម្នះ មិន​​យូរ​ប៉ុន្មាន បន្ទាប់​ពី​ហ្គេម​ចាប់​ផ្ដើម​វិញ ក្រោយ​សម្រាក​តង់​ទី១ ដោយ​​ខ្សែ​ការពារ​ឆ្វេង Jerome Roussillon ប្រតិកម្ម​តប​យ៉ាង​រហ័ស នៅ​ពេល​មាន​ឱកាស​ស៊ុត​បាល់ ដែល​អ្នក​ចាំទី Peter Gulacsi របស់​ក្រុម​ Leipzig ​ផ្ដួល​ខ្លួន​ទះ​ ហើយ​ប្លាត​មក​ត្រូវ​ជើង​។

ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី លោក Mark van Bommel ឥឡូវ​នេះ Wolfsburg គឺ​ជា​ក្រុម​តែ ១ គត់ ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អាល្លឺម៉ង់ ដែល​ឈ្នះ​ទាំង​អស់​ពី​ការ​ប្រកួត​បើក​ឆាក ៣ ហ្គេម​ដំបូង នៅ​រដូវកាល​នេះ​។

វា​ជា​លទ្ធផល​ដ៏​គួរ​ឱ្យ​ខក​ចិត្ត​សម្រាប់​គ្រូបង្វឹក​លោក Jesse Marsch ដែល​ក្រុម​​ Leipzig របស់​លោក ទើប​បំបាក់​ក្រុម Stuttgart ៤-០ កាល​ពី​ប្រកួត​មុន ដើម្បី​ស្គាល់​រសជាតិ​នៃ​ជ័យជម្នះលើក​ទី១​ ក្រោយ​ពី​ចាញ់​ក្នុង​ប្រកួត​បើក​ឆាក​ដំបូង សម្រាប់​រដូវកាល​ថ្មី​នៅ​ផ្ទះ​របស់​ក្រុម Mainz​៕ AFP/VN