ស៊ីលវើស្តូន៖ កីឡាករ​ប្រណាំង​ម៉ូតូ​អាជីព Fabio Quartararo ខិត​កាន់​តែ​កៀក​នឹង​ការ​ឈ្នះ​ជើងឯក​ពិភព​លោក​ MotoGP 2021 ហើយ ក្រោយ​ដណ្ដើម​បាន​ជ័យ​ជម្នះជា​​លើក​ទី៥ នៃ​រដូវកាល​​ពី​ការ​ប្រណាំង​ក្នុង​កម្មវិធី British Grand Prix នៅ​អង់គ្លេស កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បាន​បន្លាយ​ការ​នាំ​មុខ​ក្នុង​តារាង​ពិន្ទុ​រួម ៦៥ ​ពិន្ទុ​។

អ្នក​បើកបរ​សញ្ជាតិ​បារាំង Quartararo ក្នុង​ក្រុម Yamaha រូប​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គ្មាន​ផល​ប៉ះពាល់​អាក្រក់​ណាមួយ​ឡើយ​ពី​ការ​ដួល ក្នុង​អំឡុង​ពេល​ជិះ​សាកល្បង​កាល​ពី​ថ្ងៃ​សុក្រ ដែល​ធ្វើ​ឱ្យ​គេ​ក្រោក​ដើរ​ទាំង​លំបាក​នោះ​។

កីឡាករ​ Quartararo ​ចាប់​ផ្ដើម​ការ​ប្រណាំង ដោយ​នៅ​លេខ​រៀង​ទី៣ ហើយ​ក៏​ធ្លាក់​ទៅ​លេខ ៤ មួយ​ភ្លែត បន្ទាប់​ពី​មាន​ការ​ចេញ​ដំណើរ​រាង​យឺត តែ​ក្រោយ​មក​បាន​ស្ទុះ​ទៅ​មុខ​យ៉ាង​លឿន ដោយ​ការ​ជែង​​គូ​ប្រកួត​ម្ដង​មួយៗ ក្នុង​ជុំ​ទី៥​។

បន្ទាប់​មក​អ្នក​ប្រណាំង​វ័យ ២២ ឆ្នាំ បាន​វ៉ា​ដាច់​រហូត​ទៅ​ដល់​ទី​ព្រ័ត្រ​មុនគេ​ជាមួយ​​ថិរវេលា ៤០:​២០,៥៧៩ នាទី ពោល​គឺ​នាំ​មុខ​អ្នក​ទី២ ​កីឡាករ​អេស្ប៉ាញ Alex Rins របស់​ក្រុម Suzuki ចំនួន ២,៦៦០ វិនាទី និង​អ្នក​ទី៣​ ដែល​ជា​កីឡាករ​អេស្ប៉ាញ​ម្នាក់​ផ្សេង​ទៀត Aleix Espargaro របស់​ក្រុម Aprilia ចំនួន ៤,១០៥ វិនាទី​។

«​អំឡុង​ពេល​ប្រណាំង ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​មិន​ជា​តឹងតែង​នោះ​ឡើយ​។ ខ្ញុំ​ចាប់​ផ្ដើម​វ៉ា ម្ដង​មួយ​ៗ​ ហើយ​ពិត​ជា​ប្រសើរ​ណាស់​ ហើយ​បន្ទាប់​មក​ល្បឿន​របស់​ខ្ញុំ​នៅ​​ថេរ​ល្អ​ ដោយ​ខ្ញុំ​មិន​គិត​ថា ត្រូវ​គេ​ជែង​បាន​នោះ​ឡើយ​។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ល្បឿន​ដ៏​ល្អ​នោះ​ តែ​មិន​មែន​ ១០០ ភាគរយ​នោះ​ទេ​»​។ នេះ​ជា​សម្ដី​របស់ Quartararo​។

ក្រោយ​បញ្ចប់​ការ​ប្រណាំង ១២ ​លើក​ ពី​ការ​ប្រណាំង​ទាំង ១៨ ដំណាក់កាល​ Quartararo កំពុង​ឈរ​​លើ​គេ ក្នុង​តារាង​​ពិន្ទុ​សរុប ដោយ​មាន ២០៦ ​ពិន្ទុ ខណៈ​ដែល​អ្នក​លេខ ២ កីឡាករ​អេស្ប៉ាញ Joan Mir របស់​ក្រុម Suzuki មាន​ ១៤១ ​ពិន្ទុ ហើយ​អ្នក​លេខ ៣ កីឡាករ​សញ្ជាតិ​បារាំង Johann Zarco របស់​ Ducati មាន​ ១៣៧ ​ពិន្ទុ​។

ទោះ​ជា​ការ​​នាំ​មុខ​ជាមួយ​នឹង​ពិន្ទុ​ដាច់​ឆ្ងាយ​ក៏​ពិត​មែន ក៏ Quartararo ​បញ្ជាក់​អះអាង​បន្ថែម​ទៀត​ថា​៖ «​វា​មាន​ដំណើរ​ផ្លូវ​វែង​ឆ្ងាយ​ទៀត​។ ខ្ញុំ​មិន​គិត​ពី​អ្វី​ទាំង​អស់​នៅ​ពេល​នេះ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ឥឡូវ​នេះ ខ្ញុំ​កំពុង​មាន​ក្ដី​សុខ និង​អារម្មណ៍​ល្អ​ក្នុង​ការ​បើកបរ​ម៉ូតូ​ប៉ុណ្ណោះ​»​។

ចំណែក​​កីឡាករ Espargaro ទោះ​ជា​មិន​បាន​ទៅ​ដល់​ទី​ព្រ័ត្រ ពី​ការ​ប្រណាំង​ទាំង ២០ ​ជុំ នៅ​អង់គ្លេស​នេះ ក្នុង​នាម​ជា​លេខ ១ ក៏​ដោយ ក៏​ការ​ជាប់​ចំណាត់​ថ្នាក់​​ទី៣ គ្រប់គ្រាន់​ធ្វើ​ឱ្យ​រូប​គេ​រំជួល​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក​បាន​​ដែរ ដោយ​នេះ​មិន​ត្រឹម​តែ​ជាលើក​ដំបូង​របស់​គេ គិត​តាំង​ពី​ឆ្នាំ​ ២០១៤ មក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​បញ្ចប់​ការ​រង់ចាំ​របស់​ក្រុម​ប្រណាំង Aprilia ក្នុង​ការ​បាន​ឃើញ​អត្តពលិក​របស់​ខ្លួនបាន​ឈរ​នៅ​លើ​វេទិកា​ជយលាភី​​នេះ៕ AFP/VN