ក្រុង​លីសបោន៖ ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ទៅ​​ចូល​រួម​ហ្វឹក​ហាត់​​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​របស់​ខ្លួន កាល​​ពី​ថ្ងៃ​ចន្ទ ដើម្បី​ជាការ​ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​ខែ​ក្រោយ បន្ទាប់​បាន​ព្រម​ព្រៀង​ទៅ​ប្រកប​អាជីព​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ជា​ថ្មី​ម្ដង​ទៀត​។

ស៊ុបភើស្តារ​វ័យ ៣៦​ ឆ្នាំ រូបនេះ អាច​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​ជម្រើស​ជាតិ​របស់​អតីត​កីឡាករអ៊ីរ៉ង់ Ali Daei ចំនួន ១០៩ គ្រាប់បាន​ហើយ​ ជាមួយ​នឹង​គ្រាប់​បាល់ ១ គ្រាប់ បើ​ធ្វើ​បានពី​ការ​ប្រកួត​ ក្នុង​ជម្រុះ World Cup ​​ទល់​នឹង​ក្រុម​សា.អៀរឡង់ នៅ​ថ្ងៃ​ពុធ​នេះ និង​ក្រុម​​អាស៊ែបៃហ្សង់ នា​ថ្ងៃ​អង្គា ក្នុង​សប្ដាហ៍​បន្ទាប់​​។

កាល​ពី​ថ្ងៃ​សុក្រ ​សប្ដាហ៍​មុន ក្រុម​ Man United បាន​ប្រកាស​ថា ពួក​គេបាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង ក្នុង​ការ​ចុះ​ហត្ថលេខា​យក​​កីឡាករជយលាភី Ballon d''Or ៥ ​សម័យ​ Cristiano Ronaldo ពី​ក្រុមយក្ស​អ៊ីតាលី Juventus​។​

«​ពួក​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង ដែល​ពួក​យើង​អាច​ធ្វើ​បាន ដើម្បី​ឱ្យ​គាត់​មាន​លទ្ធភាព​បំបែក​កំណត់​ត្រា​នោះ​»​។ នេះ​ជា​ការ​និយាយ​ពី​​ខ្សែ​បម្រើ Goncalo Guedes របស់​ក្រុម​ព័រទុយហ្គាល់ ដែល​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ចន្ទ​។

ជាមួយ​គ្នា​នេះ គេ​រំពឹង​ថា កីឡាករ Ronaldo ដែល​ជួយ​ក្លិប​យក្ស​នៅ​អេស្ប៉ាញ Real Madrid ​ឈ្នះ​ពាន​ទាំង​តូច​ទាំង​ធំ​ជាច្រើន​នោះ នឹង​ធ្វើ​ការ​វិល​មក​មាន​វត្តមាន​ ក្នុង​ក្រុម​បិសាច​ក្រហម​វិញ ពេល​ក្រុម​របស់​លោក ​Ole Gunnar Solskjaer បើក​ទ្វារ​កីឡដ្ឋាន Old Trafford ស្វាគមន៍​ក្រុម Newcastle នាថ្ងៃ​ទី ​១១ ខែ​កញ្ញា​នេះ​។

សម្រាប់​​យុទ្ធនាការ​ទាត់​ជម្រុះ ប្រចាំ​តំបន់​អឺរ៉ុប ដើម្បី​ដណ្ដើម​សិទ្ធិ​ទៅ​លេង​ជុំ​ចុង​ក្រោយ ក្នុង​​ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេស​កាតា ​ក្រុម​ព័រទុយហ្គាល់ កំពុងឈរ​លេខ ១ ក្នុង​ពូល​ A ក្រោយ​បញ្ចប់ ៣ ហ្គេម ដោយ​មាន ៧ ពិន្ទុ ​ស្មើ​ក្រុម​លេខ ២ ស៊ែប៊ី។ រីឯ​ក្រុម​លេខ ៣ លុចសំបួ​ មាន​ ៣ ពិន្ទុ ហើយ​ក្រុម​លេខ ៤ សា.អៀរឡង់ និង​លេខ ៥ អាស៊ែបៃហ្សង់ មាន​សូន្យ​ពិន្ទុ​ដូច​គ្នា តែ​ទាំង ៣ ក្រុម​ក្រោយ​នេះ ទើប​លេង​បាន​ ២ លើក​ប៉ុណ្ណោះ​៕ AFP/VN