ក្រុង​ញូវយ៉ក៖ កីឡាការិនី​វាយ​កូន​បាល់​ (តិន្នីស) អាជីព​លំដាប់​លេខ ៣ ពិភព​លោក Naomi Osaka បាន​ចេញ​ដំណើរ​យុទ្ធនាការ​ការពារ​តំណែង​​ជើងឯក​របស់​ខ្លួន ជាមួយ​នឹង​ជ័យជម្នះ​ជាលើក​ទី១៦​ ដង​បន្ត​បន្ទាប់ ក្នុង​កម្មវិធី US Open កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​កីឡាករ​ក្រិក StefanosTsitsipas បាន​ទម្លាក់ Andy Murray ក្រោយ​តទល់​គ្នា​ ៥ សិត​។

កីឡាការិនី​ Osaka ដែល​កំពុង​ប្រឹងប្រែង​ឱ្យ​បាន​លើក​ពាន​ពី​កម្មវិធី​លំដាប់ Grand Slam នៅ​សហរដ្ឋអាមេរិក​នេះ ​ជាលើក​ទី៣ ក្នុង​រយៈពេល ៤ ឆ្នាំ​នោះ បាន​យក​ឈ្នះ​កីឡាការិនី​លំដាប់​លេខ ៨៧ ពិភព​លោក Marie Bouzkova របស់​សា.ឆែក ក្នុង​លទ្ធផល ២-០ គឺ ៦-៤ និង ៦-១ ដើម្បី​បន្ត​ដំណើរ​ទៅ​ជុំ​ទី២ ដោយ​​ត្រូវ​ឡើង​ទៅ​​ប៉ះ​​កីឡាការិនី​ស៊ែប៊ី Olga Danilovic​។

«​វា​មាន​អារម្មណ៍​ដូច​ជា​ចម្លែកៗ​ម៉េច​មិន​ដឹង​ទេ ពេល​បាន​ធ្វើ​ការ​ប្រកួត​នៅ​ចំពោះ​មុខ​អ្នក​គ្រប់​គ្នា​ម្ដង​ទៀត​។ ខ្ញុំ​មាន​អារម្មណ៍​សុខ​ស្រួល​ពិត​មែន​នៅ​ទីនេះ​។ ខ្ញុំ​ត្រឹម​តែ​មាន​ក្ដី​រីករាយ ដែល​បាន​ឈ្នះ​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Osaka ក្រោយ​ការ​ប្រកួត​បញ្ចប់​។​

កីឡាការិនី​ឆ្នើម​សញ្ជាតិ​ជប៉ុន​វ័យ ២៣​ ឆ្នាំ​រូប​នេះ អាច​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ជើងឯក​កម្មវិធី US Open ផ្នែក​នារី​ជាប់ៗ​គ្នា​ទី១ គិត​តាំង​ពី​កីឡាការិនី​អាមេរិក Serena Williams ដែល​គ្មាន​វត្តមាន​ទេ ​នៅ​ឆ្នាំ​នេះ ដោយសារ​មាន​របួស​ ធ្វើ​បាន​ ៣ ​ដង ​បន្ត​បន្ទាប់​គ្នា ក្នុង​ចន្លោះ​ពី​ឆ្នាំ ​២០១២ ដល់​​ឆ្នាំ​ ០១៤។

ចំណែក​ឯ​ការ​ប្រកួត​ប្រជែង​ផ្នែក​បុរស​វិញ កីឡាករ​ចំណាត់​ថ្នាក់​លេខ ៣ ពិភព​លោក​ Tsitsipas បាន​បញ្ឈប់​ដំណើរ​របស់​កីឡាករសញ្ជាតិ​អង់គ្លេស Murray ដែល​ធ្លាប់​ឈ្នះ​ពាន​លំដាប់ Grand Slam ៣ ​ដង ក្រោយ​ពី​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ ៥ សិត​ ដោយ​ចំណាយ​ពេល​រហូត​ដល់​ទៅ ៤​ ម៉ោង និង​ ៤៩ ​នាទី​។

អតីត​កីឡាករលំដាប់​លេខ ១ ពិភព​លោក Murray ដែល​បច្ចុប្បន្ន ធ្លាក់​ទៅ​ដល់​ចំណាត់​ថ្នាក់​លេខ ១១២ ធ្វើ​បាន​ល្អ​នៅ​សិត​ដំបូង ដោយ​បាន​យក​ឈ្នះ​​ក្នុង​ពិន្ទុ ៦-២ តែ​ចាញ់​ក្នុង​សិត​ទី​២ ជាមួយ​នឹង​លទ្ធផល ៧-៦ វិញ​។​ ចំណែក​សិត​ទី៣ ​កីឡាករ Tsitsipas ចាញ់​ជាមួយ​នឹង​ពិន្ទុ ៦-៣ តែ​ក៏​បាន​យក​ឈ្នះ ២ សិត​ចុងក្រោយ​ ក្នុង​លទ្ធផល​ ៦-៣ និង ៦-៤​។

កីឡាករវ័យ​ ៣៤ ​ឆ្នាំ Murray ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​អូឡាំពិក ២ ដង​នោះ បាន​រង​បរាជ័យ​​លើក​ទី​១ ក្នុង​ចំណោម​ការ​ប្រកួត ១៥ ​ដង ក្នុង​​ជុំទី១ នៅ ​​US Open នេះ​។​

ក្រោយការ​ប្រកួត​ចប់ កីឡាករ Tsitsipas បាន​និយាយ​ថា៖ «​ការ​មាន​បរិយាស​ដ៏​គួរ​​ឱ្យ​រំភើប​នៅ​ទីនេះ គឺ​ជា​អ្វី​ដែល​យើង​កំពុង​រង់ចំាំ​គ្រប់​គ្នា​។ លទ្ធផល​នេះ មិនមែន​បាន​មក​ងាយ​ៗ​នោះ​ឡើយ ដោយ​ខ្ញុំ​ត្រូវ​លះ​បង់​យ៉ាង​ច្រើន​នៅ​លើ​ទីលាន ដើម្បី​ដណ្ដើម​បាន​ជ័យជម្នះ​មក​វិញ​»​។

កីឡាករ Tsitsipas ដែល​ជា​ជើងឯក​រង​នៅ​ក្នុង​កម្មវិធី French Open ឆ្នាំ​នេះ នៅ​ជុំទី​២ ត្រូវ​​ជួប​ជាមួយ​នឹង​កីឡាករ​សញ្ជាតិ​បារាំង Adrian Mannarino ដែល​យក​ឈ្នះ​មិត្ត​រួម​ជាតិ​ក្នុង​លទ្ធផល ៣-២ គឺ ៦-៣ ៦-៤ ៦-៤ ៦-៣ និង ៦-៣​៕ AFP/VN