ក្រុង​ញ៉ូវយ៉ក​៖ កីឡាករវាយកូន​បាល់​ (តិន្នីស) អាជីព Novak Djokovic និយាយ​ថា ការ​នៅ​ជាមួយ​នឹង​ពេល​វេលា​ចំពោះ​មុខ​ និង​ការ​ដោះ​ស្រាយ​​បញ្ហា​ប្រឈម​នានា គឺ​ជា​អាវុធ​សម្ងាត់​របស់​គេ ក្នុង​ការ​អត់​ធ្មត់​ជាមួយ​​អារម្មណ៍ និង​សម្ពាធ សម្រាប់​ការ​ព្យាយាម​បង្កើត​ប្រវត្តិ​សាស្ត្រ​ ក្នុង​វិស័យ​កីឡា​តិន្នីស​។​

កីឡាករ​សញ្ជាតិ​ស៊ែប៊ី ដែល​បច្ចុប្បន្ន មាន​ចំណាត់​ថ្នាក់​លេខ ១ ពិភពលោក រូបនេះ បាន​ធ្វើ​ដំណើរ​ទៅ​ជុំ​ទី ២ នៃ​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពានលំដាប់​​ Grand Slam ប្រចាំឆ្នាំចុង​ក្រោយ​គេ​ គឺ​កម្មវិធី US Open 2021 នៅ​សហរដ្ឋ​អាមេរិក ដោយ​ការ​ទម្លាក់​កីឡាករ​វ័យ​ក្មេង Holger Rune របស់​ដាណឺម៉ាក ជាមួយ​នឹង​ជ័យ​ជម្នះ ៣-១ គឺ​ ៦-១ ៦-៧ ៦-២ និង ៦-១​។​

កីឡាករ ​Djokovic វ័យ ៣៤ ​ឆ្នាំ​ កំពុង​ប្រឹង​ប្រែង​ឱ្យ​បាន​ឈ្នះ​ពាន​ពី​កម្មវិធី US Open ដើម្បី​​ធ្វើ​បាន​ឥត​ខ្ចោះ ក្នុង​ការ​ក្លាយ​ជា​អត្តពលិក​បុរស​ទី១ ដែល​ឈ្នះ​ពាន Grand Slam ប្រចាំ​ឆ្នាំ​ទាំង​អស់ គិត​តាំង​ពី​អតីត​កីឡាករ​ឆ្នើម​សញ្ជាតិ​អូស្ត្រាលី Rod Laver ធ្វើ​បាន​ក្នុង​ឆ្នាំ ​១៩៦៩​ និង​ដើម្បី​បាន​​កាន់​ពាន​ពី​ព្រឹត្តិការណ៍ធំ​ៗ​ជាកំណត់​ត្រា ២១ ​ដង​។

«​អ្នក​មាន​ទាំង​​ការ​រំពឹង​ទុក និង​សម្ពាធ​ជាច្រើន ​មិន​ត្រឹម​តែ​ពី​សហគម​ន៍​កីឡា​តិន្នីស​ទាំង​មូល​នោះ​ទេ តែ​ថែម​ទាំង​ខ្លួន​ខ្ញុំ​ផង​ដែរ​។ ដោយ​ជាក់​ស្ដែង ខ្ញុំ​ចង់​ឱ្យ​ខ្លួនឯង​ឈ្នះ​ពាន​រង្វាន់ និង​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​។ គ្មាន​អ្វី​ត្រូវ​សង្ស័យ​ឡើយ នោះ​ហើយ​ជា​កម្លាំង​ជំរុញ​ចិត្ត​របស់​ខ្ញុំ​»​។ នេះ​ជាសម្ដី​របស់ Djokovic​។​

កីឡាករ Djokovic បាន​បន្តទៀត​ថា​៖ «​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ខិត​ខំ​ ក្នុង​ការ​ធ្វើ​ឱ្យ​ខ្លួន​ឯងមាន​នូវ​ទម្រង់លេង​ល្អ​បំផុត ​ជារៀង​រាល់​ថ្ងៃ​។ វា​ទទួល​បាន​នូវ​​ថាម​ពល​មហាសាល ក្នុង​ការ​នៅ​ជាមួយ​នឹង​បច្ចុប្បន្ន​ភាព​។ ​ការ​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ផ្នែក​ខាង​ផ្លូវ​ចិត្ត និង​អារម្មណ៍ ឱ្យ​នៅ​ក្នុង​ពេល​វេលា​ចំពោះ​មុខ​ ហើយ​ព្យាយាម​ដោះ​ស្រាយ​វា​ ក្នុង​វិធី​បែប​នេះ ដែល​នឹង​ផ្ដល់​ផល​ឱ្យ​អ្នក​យ៉ាង​​អស្ចារ្យ​»​។​

«​ខ្ញុំ​មាន​ទម្លាប់​ផ្ទាល់​ខ្លួន​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ។ ខ្ញុំ​គ្រាន់​តែ​ប្រឹង​ប្រែង​ធ្វើ​រឿង​​នានា ​ការ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​មនុស្ស​​ម្នា​ជាច្រើន មាន​វិធី និង​ដំណើរ​ផ្លូវ ក្នុង​ការ​ប្រកួត​ប្រជែង​សម​នឹង​ខ្លួន​ខ្ញុំ ដែល​ខ្ញុំ​ដឹង​ច្បាស់​ថា បាន​ធ្វើ​រួច​ហើយ​កាល​ពី​អតីត​»​។ នេះ​ជាការ​បន្ថែម​របស់ Djokovic។​

កីឡាករ Djokovic មាន​បទ​បិសោធ​លើក​​ពាន​លំដាប់​ Grand Slam ២០​ដង​រួច​ហើយ ដោយ​ក្នុង​នោះ ៣ដង ​នៅ​លើ​ទីលាន នាក្រុង​ញ៉ូវយ៉ក​នេះ ហើយ​មាន​ទម្លាប់​ជា​ច្រើន​ ក្នុង​ការ​ធ្វើ​រឿង​អ្វី​ផ្សេង ពេល​ជួប​នឹង​​ស្ថាន​ភាព​តាន​តឹង​។

«​មាន​រឿង​ជា​ច្រើន​ ដែល​អ្នក​តែង​អាច​ពឹង​ពាក់​បាន​ជានិច្ច សូម​​ត្រឡប់​ទៅ ​ពេល​អ្នក​កំពុង​ជួប​ប្រទះ​នូវ​ភាពច្របូក​ច្របល់​ផ្នែក​ផ្លូវ​ផ្លូវ​អារម្មណ៍​។ នៅ​ពេល​វា​មាន​ច្រើន​ជ្រុល​ពេក ខ្ញុំ​បាន​អនុវត្ត​នូ​វ​​វិធី​ ដែល​ខ្ញុំ​អាច​ដោះ​ស្រាយ​ជាមួយ​នឹង​ភាព​ច្របូក​ច្របល់​ខាង​​ផ្លូវ​អារម្មណ៍​នោះ​បាន​»​។ Djokovic បញ្ជាក់​បន្ថែម​៕ AFP/VN