ក្រុង​ប៉ារីស៖​ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ជា​ពេល​វេលា ដែល​មនុស្ស​ម្នា​ទាំង​ឡាយ ត្រូវ​ត្រឡប់​មក​បំពេញ​ការងារ​របស់​ខ្លួន​វិញ​ហើយ ក្រោយ​បញ្ចប់​​វិស្សមកាល​រដូវក្ដៅ ហើយ​សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ក៏​បាន​​វិល​មក​មាន​សកម្មភាព​លើ​ទីលាន​វិញ ដែល​វា​មាន​រយៈពេល​មិន​ដល់ ៨ សប្ដាហ៍​ផង ក្រោយ​ពី​បាន​លើក​ពាន Euro 2020 នៅ​ឯ​ពហុកីឡដ្ឋាន Wembley របស់​ប្រទេស​អង់គ្លេស​។

៥៣ ​ថ្ងៃ រាប់​ពី​ថ្ងៃ​រីករាយ​នៃ​ការ​មាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​ក្ដី អំឡុង​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក នា​ពេល​រាត្រី​ក្នុង​ទឹក​ដី​នៃ​ក្រុង​ឡុងដ៍ ក្រុម​ដែល​មាន​រហស្សនាម «Azzurri» (ពណ៌ខៀវ) អ៊ីតាលី​នឹង​ទទួល​បាន​វត្តមាន​របស់​អ្នក​គាំទ្រ​ផ្ទាល់​​ខ្លួន​មក​វិញ ពេល​ដែល​ពួក​គេ ត្រូវ​បើក​​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ប៊ុលហ្គារី ក្នុង​ក្រុង​ផ្លូរ៉ង់ សម្រាប់​វគ្គ​ជម្រុះ World Cup​។

ក្រុម​អ៊ីតាលី​របស់​លោក Roberto Mancini មិន​អាច​សម្រាក​ដោយសារ​ស្កប់ស្កល់​នឹង​​​ជោគជ័យ​នេះ​នោះ​ឡើយ ព្រោះ​ថា ដរាប​ណា​ពួក​គេ​មិន​ទាន់​ធានា​​នូវ​សិទ្ធិ​ក្នុង​ការ​បាន​ទៅ​លេង​នៅ​ជុំ​ចុង​ក្រោយ​ នៅ​ប្រទេស​កាតា​ ​ទេ​នោះ គឺ​ពួក​គេ​នឹង​មិន​អាច​​​បំភ្លេច​ចោល​​ទាំង​ស្រុង ​នូវ​ការ​ចងចាំ​នៃ​ការ​ខកខាន​មិន​បាន​ទៅ​លេង​ កាល​ពី​​ព្រឹត្តិការណ៍ World Cup 2018 នោះ​ឡើយ​។​

ក្រុម​អ៊ីតាលី​មិន​ទាន់​ស្គាល់​​ពាក្យ​ថា «ចាញ់​» នោះ​ឡើយ រហូត​ដល់​ទៅ ៣៤ ​ហ្គេម ក្នុង​នោះ​រួម​ទាំង ជ័យជម្នះ​ពី​ការ​ប្រកួត ៣ លើក​ដំបូង ក្នុង​វគ្គ​ជម្រុះ​នេះ ដែល​ចាប់​ផ្ដើម​តាំង​ពី​ខែ​មីនា ហើយ​ឥឡូវ​នេះ ពួក​គេ​កំពុង​ប្រឈម​នឹង​​ការ​ប្រកួត ៣ ដង ក្នុង​រយៈពេល ៨ ថ្ងៃ ដោយ​មាន​ការ​ជួប​ផង​ដែរ ​​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ស្វ៊ីស និង​​មក​ប៉ះ​ក្រុម​លីទុយអានី​នៅ​ផ្ទះ​ខ្លួន​ឯង។

«​ខ្ញុំ​ចង់​ឱ្យ​ក្មេង​ៗ (កូន​ក្រុម) ទាំង​អស់ ដឹង​ពី​ទីកន្លែង​ ដែល​ពួក​គេ​ត្រូវ​បញ្ឈប់​។ ក្នុង​នាម​ជា​ក្រុម​ជម្រើស​ជាតិ​មួយ យើង​នៅ​តែ​អាច​អភិវឌ្ឍ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង នៅ​រវាង​ពេល​នេះ និង​ដល់ World Cup តែ​ជា​ដំបូង យើង​ត្រូវ​បាន​សិទ្ធិ​ទៅ​សិន​»​។ គ្រូ​បង្វឹក​ក្រុម​អ៊ីតាលី លោក Mancini ​បាន​ថ្លែង ក្នុង​សប្ដាហ៍​នេះ​។

ការ​ប្រកួត​របស់​ក្រុម​អ៊ីតាលី នៅ​ថ្ងៃ​អាទិត្យ ក្នុង​ក្រុង​បាសែល​ ទល់​នឹង​ក្រុម​ស្វ៊ីស ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​បំផុត​ជាង​គេ ប្រចាំ​ពូល C អាច​ជា​ជំនួប​មួយ​ដ៏​សំខាន់​ដែរ។ សម្រាប់​តំបន់​អឺរ៉ុប​នេះ មាន​តែ​ក្រុម​ទី១ ក្នុង​ពូល​ទាំង ១០ ក្រោយ​បញ្ចប់​ការ​ទាត់​ជម្រុះ​ប៉ុណ្ណោះ ដែល​ទទួល​បាន​សិទ្ធិ​ស្វ័យ​ប្រវត្តិ​ទៅ​លេង​នៅ​ជុំ​ចុង​ក្រោយ​ ខណៈ​ដែល​ក្រុម​ផ្សេង​ទៀត​ ជាពិសេស​​ក្រុម​លេខ ២ ត្រូវ​​​ប្រកួត​គ្នា​តាម​រូបមន្ត​​បាន​​កំណត់ ដើម្បី​ដណ្ដើម​កៅអី​នៅ​សល់ ៣ ​ចុង​ក្រោយ​ ដែល​នឹង​ធ្វើ​ការ​ប្រកួត​ចាញ់​ធ្លាក់ (Play-off) ក្នុង​ខែ​មីនា​៕ AFP/VN