ក្រុងមេនឆេស្ទ័រ​៖ ក្រុម​អធិរាជស Real Madrid បាន​បរាជ័យ ​ពី​ការ​ព្យាយាម ក្នុង​ការ​ផ្ទេរ​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Kylian Mbappe ពី​ក្រុម Paris Saint Germain (PSG) នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​ ខណៈ​ដែល​កីឡាករ Cristiano Ronaldo បាន​បញ្ចប់​សព្វគ្រប់​ជាផ្លូវ​ការ​ នូវ​ការ​ផ្លាស់​ពី​ក្រុម ​​Juventus ត្រឡប់​ទៅ​ចូល​រួម​ជាមួយ​ក្រុម Manchester United​។

បន្ទាប់​ពី​ដំណើរ​ការ​នៃ​ទី​ផ្សារ នារដូវក្ដៅ ដែល​ឃើញ​ថា ការ​ផ្ទេរ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ពី​ក្រុម Barcelona ទៅ PSG ក្រុម Real បាន​សង្ឃឹម​ថា នឹង​អាច​បង្កើត​នូវ​​រឿង ​ដែល​ធ្វើ​ឱ្យ​ស្រឡាំង​កាំង​មួយ​ផ្សេង​ទៀត ដោយ​ការ​អន្ទង​ចិត្ត​កីឡាករ​វ័យ​ក្មេង​​ដ៏មាន​ទេពកោសល្យឱ្យ​ព្រម​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ារីស មក​កាន់​ក្រុង​ម៉ាឌ្រីដ​។​

សេចក្ដី​រាយការណ៍​ពី​បណ្ដាញ​សារព័ត៌មាន​ជាច្រើន នៅ​អេស្ប៉ាញ បាន​ឱ្យ​ដឹង​ថា ក្រុម Real បាន​ស្នើ​ដេញ​ថ្លៃ​ ចាប់​ពី​ចំនួន​ទឹក​ប្រាក់ ១៥០ លាន​អឺរ៉ូ ($១៧៧,១៤ លាន) រហូត​ដល់​ ២០០ លាន​អឺរ៉ូ (​$២៣៦ លាន) ដើម្បី​ទិញ​យក​កីឡាករ​ជយលាភី​ពាន World Cup ដែល​នឹង​ផុត​កុង​ត្រា ក្នុង​ខែ​មិថុនា​នេះ​។​

ប្រភព​កៀក​នឹង​ក្រុម PSG បាន​ឱ្យ​ដឹង​ថា ក្លិប​គ្មាន​បំណង​ក្នុង​ការ​លក់កីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​សំខាន់​ៗ ក្នុង​ឆ្នាំ ដែល​ពួក​គេ​ កំពុង​ដាក់​គោល​ដៅ​យក​ពាន​ ក្នុង​ក្រប​ខ័ណ្ឌ Champions League នោះ​ឡើយ ហើយ​ប្រភព​នោះ​ប្រាប់​ទៀត​ថា មាន​ការ​សង្ស័យ​ថា តើ​ក្រុម Real កំពុង​ចំណាយ​ក្នុង​តម្លៃ​នោះ​មែន​ ឬ​អត់​?​

ចំណែក​ក្លិប​យក្ស ​នៅ​អង់គ្លេស Man United បាន​ប្រកាស កាល​ពី​សប្ដាហ៍​មុន​ថា ពួក​គេ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ ជាមួយ​ក្រុម​យក្ស​អ៊ីតាលី Juve ដើម្បី​ទិញ​យក​អតីត​កីឡាករ​របស់​ខ្លួន Ronaldo វ័យ ៣៦​ឆ្នាំ ដែល​ជា​ម្ចាស់​ជយលាភី​ពាន​រង្វាន់ Ballon d''Or ៥​ សម័យ​។

ដោយ​ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព ការ​ទទួល​បាន​ទិដ្ឋាការ និង​ការ​ព្រម​ព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួនរួច​រាល់​ហើយ​នោះ កីឡាករ Ronaldo បាន​ឱ្យ​ប្រាប់​ថា រូបគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ ដើម្បី​បង្កើត​នូវ​ឆ្នាំ​ដ៏​ជោគ​ជ័យ​ ដែល​គេ​ធ្លាប់​ទទួល​បាន ក្រោម​ការ​ដឹក​នាំ​របស់​អតីត​អ្នក​ចាត់​ការ​ដ៏​ឆ្នើម Alex Ferguson​។

«​ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ មក​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​។ តោះ​ធ្វើ​ឱ្យ​វា​កើត​ឡើង​ម្ដង​ទៀត​។ Sir Alex (លោក Alex Ferguson​) នេះ ​គឺ​សម្រាប់​លោក​»​។ នេះ​ជាការសរសេរ​របស់​កីឡាករ Ronaldo នៅ​លើបណ្ដាញ​សង្គម Instagram​។

ការ​មក​ដល់​របស់​កីឡាករ Ronaldo ក្នុង​ក្រុម United នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិវេលស៍ Dan James រហូត​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ក្រុម​រួម​លីគ Leeds United ជាមួយ​នឹង​តម្លៃ ដែល​បាន​ដឹង​ ២៥ លាន​ផោន ($៣៤​,​៣៧ លាន)​៕ VN