ភ្នំពេញ៖ សហព័ន្ធកីឡាទោចក្រយាន ​និង​គណៈ​កម្មការ ​CAMSOC បាន​សម្រេច​ជ្រើស​រើសយក​តំបន់​មួយ​កន្លែង​នៃ​ជើង​ភ្នំ​គូលែន​ ស្ថិតក្នុង​​ស្រុក​បន្ទាយ​ស្រី​ ​ខេត្ត​សៀម​រាប ​​ សម្រាប់​ជា​កន្លែង​បោះ​ជំរំ​ហ្វឹក​ហាត់ របស់​ក្រុម​ជម្រើស​ជាតិ​កីឡា​កង់​ភ្នំ ​ដើម្បី​បង្កើន​នូវកម្លាំងកាយ​ និង​បច្ចេកទេស​ ហើយ​ទីលាន​ ដែល​មានកម្រិត​បច្ចេកទេស​ល្អនេះ ​ក៏នឹង​ប្រើ​សម្រាប់​ត្រៀម​បម្រុង​​ព្រឹត្តិការណ៍​កីឡាស៊ី​ហ្គេម​ លើក​ទី​៣២​ ឆ្នាំ​ ​២០២៣ ​ពេល​កម្ពុជា ​ធ្វើជា​​ម្ចាស់​ផ្ទះ​ ផង​ដែរ។

ជាមួយគ្នា​នេះ ​ក្រុម​កីឡាករ កីឡាការិនី​​ជម្រើសជាតិ​​កីឡា​ទោចក្រយាន ដែល​កំពុង​​បោះ​ជំរំ​ហ្វឹកហាត់ ​ត្រៀម​​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ​លើក​ទី​៣១ ​នៅ​ប្រទេស​វៀតណាម ឆ្នាំ​ ២០២១ ដែលបាន​លើកពេល ទៅធ្វើ​នៅឆ្នាំ​ ២០២២ នោះ ក៏​​កំពុង​តែ​មាន​សក្តានុពល ​ខណៈ​ដែល​កម្រិត​បច្ចេកទេស ​បាន​កើន​ឡើង​។ ​នេះ​តាម​ការ​ឱ្យ​​ដឹង​ពី​លោក ​នូ​ ចំរើន ​ជាអគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​​ទោ​ចក្រយាន​កម្ពុជា​។​

លោក​ នូ ​ចំរើន ​បាន​​ប្រាប់​ថា ការ​បោះ​ជំរំ​នេះ​ មាន​ក្រុម​ជម្រើស​ជាតិ​កីឡាក​កង់​ភ្នំ ​សរុប​ចំនួន​ ១១ ​នាក់ ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី ​​៤ ​ខែ​ មេសា ​ឆ្នាំ​ ​២០២១ ​មក ​ក្រោម​ការ​ផ្គត់​ផ្គង់​របស់​ក្រ​សួង​អប់​រំ​ យុវជន​ និង​កីឡា ​ដែល​មាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា ​គ្រប់​គ្រង​ជា​មួយ​សហព័ន្ធ ហើយ​​នេះ​ជាយុទ្ធសាស្ត្រ​ដ៏​សំខាន់មួយ ​ដើម្បី​ពង្រឹង​សមត្ថភាព​អត្តពលិក ​ជាមួយ​នឹង​ការ​បន្ថែម​នូវការ​អប់រំ​ផ្លូវចិត្ត ​គឺ​ជា​ទីលាន​ស្តង់​ដារ​ស្រាប់ ​ដែល​ត្រៀម​សម្រាប់​ស៊ីហ្គេម ឆ្នាំ​ ២០២៣។

អគ្គលេខាធិការ​រូបនេះ បាន​បន្ថែម​ថា៖ ​«ជា​មួយ​គ្នា​នេះ​ ​ក្រុម​ជម្រើស​ជាតិ​ប្រ​ភេទ​កង់​គក់ ​ដែល​កំពុង​តែ​ហ្វឹក​ហាត់​នៅ​ប្រទេស​បារាំង ​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សមាគម​ប្រណាំង​កង់​កម្ពុជា​នោះ ​នឹង​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​ឆាប់ៗ ហើយយើង​​ក៏នឹង​​ត្រូវ​ដាក់​ទៅ​ឱ្យ​​បោះជំរំហ្វឹក​ហាត់​ ជា​មួយ​គ្នា​ ​ព្រោះ​ទី​លាន ​ដែល​គណៈ​កម្មការ ​CAMSOC និង​សហព័ន្ធ​អន្តរជាតិ ​សម្រេច​នៅ​ទឹក​ដី​សៀម​រាប ​ជា​ទីលាន​នោះ ​គឺ​មាន​សក្តានុពល​ល្អ​តាម​បច្ចេកទេស»​។​

ចំណែក​លោក អ៊ុច​ សុខវិបុល ​គ្រូ​បង្វឹក​ជម្រើសរើស​ជាតិ​កីឡាទោចក្រយាន​ បាន​អះអាង​ថា ​ការដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​ ការអប់រំសុខភាព​ ផ្លូវចិត្ត ​បន្ថែម​លើ​ការហ្វឹកហាត់បង្កើន​បច្ចេកទេស​ គឺជា​យុទ្ធសាស្រ្ត​សំខាន់​ ជួយ​ជំរុញ​​ឱ្យ​​​អត្តពលិក ​ដែល​នៅ​មាន​បទពិសោធ​តិច ​អាច​ពង្រឹង​អភិវឌ្ឍ​សមត្ថភាព​រីកចំរើន​ខ្លាំង​ មាន​កម្រិត​បច្ចេកទេស​ និង​សមត្ថភាព​ចូលរួមប្រកួត​ប្រជែង​​​នៅលើ​ឆាក​អន្តរជាតិ ​ដោយ​ក្លាហាន​។

​គ្រូបង្វឹករូបនេះ​ បាន​បន្ថែម​ថា​៖ «​អត្តពលិក​ និង​គ្រូ​បង្វឹក​សរុប ​១១ ​នាក់​ ក្នុង​នោះ​មាន​កីឡាការិនី​ជម្រើសជាតិ​កីឡា​ទោចក្រ​យាន​ ២ រូប ​ដែល​កំពុង​ទទួល​កា​របណ្តុះ​បណ្តាល​ក្នុង​ជំរំ​ហ្វឹកហាត់​ នៅ​ទីលាន​អន្តរជាតិ​ខេត្តសៀមរាប​នេះ នឹងត្រូវ​​ត្រៀមចូល​រួម​ស៊ីហ្គេម លើកទី៣១ នៅប្រទេស​វៀតណាម ​ជា​លើក​ដំបូង ​ហេតុ​នេះ​យើង​ត្រូវ​បន្ថែម​ការអប់​រំ​សុខភាពផ្លូវចិត្ត ​​ផ្លូវ​កាយ​ហ្វឹកហាត់​បង្កើន​បច្ចេកទេស ​ដើម្បី​សមត្ថភាពឱ្យ​​បាន​រីក​ចំរើន​ ដើម្បី​បន្សាំ​ខ្លួន​ជា​មួយ​​​ទីតាំង​ធម្ម​ជាតិ​ ក្នុង​តំបន់​ដែល​ជា​ទី​លាន​ស្តង់​ដារ​អន្តរជាតិ ​គឺ​ល្អ​ជាង​​ការ​ប្រមូល​ផ្តុំ ​នៅ​ភ្នំពេញ ​ដូច​ឆ្នាំ​មុនៗ​កន្លង​មក​នោះ​ឆ្ងាយ​ណាស់​»​៕​