The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សង្វៀន​ PNN ដាក់​ជើង​ខ្លាំង​កំពុង​ល្បី​ឱ្យ​វ៉ៃ​គ្នា ​ជំនួស​​គូ​ខ្សែ​ក្រវាត់​




សង្វៀន​ PNN ដាក់​ជើង​ខ្លាំង​កំពុង​ល្បី​ឱ្យ​វ៉ៃ​គ្នា ​ជំនួស​​គូ​ខ្សែ​ក្រវាត់​

Content image - Phnom Penh Post
យ៉ន ពិសី និងកាន់ ម៉េងហុង ត្រូវ​ដាក់​ឱ្យ​ប្រកួត​គ្នាក្នុងតម្លៃ​ខ្លួនខ្ពស់ ក្នុង​ម្នាក់ៗ​បានជាង​ ៤០០ ដុល្លារ។ សហ​ការី

សង្វៀន​ PNN ដាក់​ជើង​ខ្លាំង​កំពុង​ល្បី​ឱ្យ​វ៉ៃ​គ្នា ​ជំនួស​​គូ​ខ្សែ​ក្រវាត់​

ភ្នំពេញ៖ សង្វៀន​​ប្រដាល់ ​PNN ​​បាន​បញ្ចប់ការ​ប្រកួត​វគ្គជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​នៅជុំ​ទី​១​ ហើយ ហើយ​ក៏​បាន​រក​ឃើញ​បេក្ខភាព​ឆ្នើម​ទាំង​ ៨ នាក់ សម្រាប់​ត្រៀម​ប្រកួត​ជុំទី​២ ទៅ​តាម​រូបមន្ត​បាន​កំណត់​ផង​ដែរ ដោយ​ក្នុង​នោះ កីឡាករ ​ប៊ុន ​សុធា ​ត្រូវ​​ប៉ះ​​ ​ឡុង ​រ៉ាមី​ ឯ ​សេក​ គឹមសាន្ត​ ​​ជួប បឺត ​សង្ឃឹម​ ​ខណៈ ​អ៊ូច ​ធារិទ្ធ​ ត្រៀម​តទល់​ជាមួយ​ ​ធន់ ​អៀនឡៃ​ និង​ ​វ៉ាន់ ​វឿន​ ​ត្រូវ​ប្រឈម​នឹង អេលីត ​ចំរើន​។​

ជាមួយ​គ្នា​នេះ លោក​ តាំង​ លីហួរ​ អ្នក​សម្របសម្រួល​ប្រចាំ​សង្វៀន​ប្រដាល់​ PNN ​បាន​​ប្រាប់​ថា សង្វៀន​ PNN ​បាន​សម្រាក​ការ​ប្រកួត​ជម្រុះ​ខ្សែ​ក្រវាត់​ចំនួន​ ២ សប្តាហ៍ ​ដើម្បី​ទុក​ពេល​វេលា​គ្រប់គ្រាន់​ឱ្យ​​កីឡាករ​ទាំង​ ៨ ​នាក់ ​បាន​សម្រាក ​និង​ហ្វឹកហាត់​បន្ថែម​​បាន​ល្អ​ផង ​ព្រម​ទាំង​​​មាន​សមត្ថភាព​ខ្ពស់​​ផង។​

លោក លីហួរ បាន​បន្ថែម​ថា៖​ «ទោះ​ជា​សម្រាក​ គ្មាន​​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ ប៉ុន្តែ​យើង​បាន​​ដាក់​ជំនួស​ដោយ​គូ​ប្រកួត​មិត្តភាព ​ដែល​ជ្រើសរើស​កីឡាករ​មាន​ប្រជាប្រិយ​ពេញ​និយម​ និង​មាន​សមត្ថភាព​មក​​ប្រកួត​ជំនួស ​ហើយ​អាទិត្យ​នេះ គូ​ប្រដាល់​​កម្រិត​គូ​ឯក​ប្រចាំ​សប្តាហ៍ យើង​​ផ្តល់​ជូន​កីឡាករ ​យ៉ន ​ពិសី ​និង​ កាន់​ ម៉េងហុង ឱ្យ​ប្រកួត​គ្នា ​ក្នុង​ប្រភេទ​ទម្ងន់​ ៥៤ ​គីឡូក្រាម​ ខណៈ​គូ​នេះ ត្រូវ​បាន​ផ្តល់​តម្លៃ​ខ្លួន​ពិសេស ​លើស​ពី​ការ​ប្រកួត​មុនៗ ​ដោយ​ម្នាក់់​ទទួល​បាន​ជាង​ ៤០០ ​ដុល្លារ​ឯ​ណោះ​»។​

ការ​​ដាក់​កីឡាករ​ជើង​ខ្លាំង ​កំពុង​ល្បី ​គឺ​កីឡាករ​ជម្រើសជាតិ កាន់ ម៉េងហុង និង​អ្នក​ប្រយុទ្ធ​វ៉ៃ​មិន​ដក​ថយ យ៉ន ពិសី ឱ្យ​ជួប​គ្នា​លើក​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ក្លាយជា​ជំនួប​ដ៏​ស្វិតស្វាញ និង​ជក់​ចិត្ត​មួយ ខណៈ​ភាគី​ទាំង​ ២ សុទ្ធ​តែ​អះអាង​ពី​ការ​រំពឹង​ឈ្នះ​ដូច​គ្នា។

លោក​ ឡុង​ សាលវ័ន្ត ​គ្រូ​បង្វឹក​ ​យ៉ន​ ពិសី​ ប្រាប់​ថា​៖​ «យ៉ន ​ពិសី​ ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ ហើយ​មួយរយៈ​នេះ​ គេ​បាន​ឈ្នះ​ជើង​ខ្លាំងៗ​ជា​ច្រើន​នាក់​ តែ​ការ​ជួប​ ​កាន់ ​ម៉េងហុង ​នេះ ​វា​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ​ ​ព្រោះ​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​ល្អ និង​​ឆ្នើម​ដូច​គ្នា​ហើយ​ទឹក​ចិត្ត​ប្រកួត​ក៏​​ចូល​វ៉ៃ​មិន​ចេះ​ញញើត​ដៃ​គូ​ដែរ»​។

«​សម្រាប់​ខ្ញុំ​ជា​គ្រូ​បង្វឹក​ផ្ទាល់ ​គឺ​មាន​ទំនុក​ចិត្ត​ឈ្នះ​ត្រឹម​ ៦០​ ភាគរយ​ប៉ុណ្ណោះ​ ​ព្រោះ​សុទ្ធ​តែ​ខ្លាំង​ដូច​គ្នា​ ហើយ​សម្រាប់​ការ​ជួប​គ្នា​របស់​អ្នក​ទាំង​ ២ នេះ ​ខ្ញុំ​គិត​ថា​ ​ទោះ​អ្នក​ណា​​ចាញ់​ ឬ​ឈ្នះ​ គឺ​ពិត​ជា​ស្វិតស្វាញ​ និង​តឹងតែង​មិន​ខាន»​។ លោក ឡុង សាលវ័ន្ត បាន​បន្ថែម។

ចំណែក​ កាន់ ​ម៉េង​ហុង ​ដែល​មក​ពី​សមាគម​ប្រដាល់​កីឡា​ក្រសួង​មហាផ្ទៃ​បាន​​និយាយ​ថា​៖ «​ខ្ញុំ​ហាត់​ និង​ត្រៀម​បាន​ល្អ ​ហើយ​ការ​ប្រកួត​នេះ ​សង្ឃឹម​ឈ្នះ​ ៨០ ​ភាគរយ​។​ ​ការ​ប្រកួត​នេះ​លំបាក​ដែរ​ ព្រោះ​ យ៉ន ពិសី គាត់​ខ្ពស់​ជាង​ និង​វាយ​ចូល​វាយ​សម្រុក​ខ្លាំង​ គឺ​លំបាក​ទប់ទល់​ណាស់»​។​

ចំណែក​លោក​ ស្វាយ​ សុខុន ជា​គ្រូ​បង្វឹក ​​និយាយ​ថា៖​ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​កាន់ ​ម៉េងហុង ​នឹង​ឈ្នះ​ ៨០ ​ភាគរយ»​។​ ​គួរ​បញ្ជាក់​ថា កាន់ ម៉េងហុង និង យ៉ន ពិសី សុទ្ធ​តែ​ទទួល​បាន​ជយលាភី​ពី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ​ឆ្នាំ​ ២០២០​ រីឯ​​បទពិសោធ​ឡើង​សង្វៀន​​​វិញ​កីឡាករ​ យ៉ន​ ពិសី​ ធ្លាប់​​ប្រកួត​បាន​ ២៨​ ​ឈ្នះ​​ ១៦ ​ចាញ់​​ ១០​​ ​និង​ស្មើ​ ២​ ​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ ​៦​ ដង​ ​ហើយ​ ​កាន់​ ម៉េង​ហុង​ ​ប្រកួត​បាន​ ​៤២​ ដង ​ឈ្នះ​​ ៣៣ ​​ចាញ់​ ៥​ ​និង​ស្មើ​ ៤ ដង ​ក្នុង​នោះ​ផ្តួល​គេ​ឱ្យ​​សន្លប់​បាន​​​ ១៣ ​​ដង៕​

អត្ថបទគួរចាប់អារម្មណ៍