ក្រុង​ឡុងដ៍៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​នាំ​យក​ខ្សែ​ការពារ​​ជប៉ុន​ TakehiroTomiyasu ពី​ក្រុម​នៅ​អ៊ីតាលី Bologna ជាមួយ​នឹង​តម្លៃ ១៩​ លាន​ផោន ($២៧,២ ​លាន) កាល​ពី​ថ្ងៃ​អង្គារ​។

ក្លិប​​នៅ​ក្របខ័ណ្ឌ Premier League អង់គ្លេស​បាន​ឱ្យ​ដឹង​ថា កីឡាករ Tomiyasu បាន​​ព្រមព្រៀង​​ចុះ​ហត្ថលេខា​ក្នុង​កុងត្រា​ជាមួយ​ក្លិប ដែល​​ត្រូវ​គេ​ជឿ​ថា កិច្ចសន្យា​ដំបូង​មាន​​រយៈពេល ៤ ​ឆ្នាំ និង​ជម្រើស​​​បន្ត​ ១​ រដូវកាល​ទៀត​។​​

កីឡាករ​វ័យ ២២ ​ឆ្នាំ TakehiroTomiyasu អាច​លេង​ទាំង​តំណែង​ការពារ​កណ្ដាល និង​ការ​ពារ​ស្លាប​ខាង​ស្ដាំ ដែល​វា​ជា​ការ​ផ្ដល់​ឱ្យ​អ្នក​ចាត់​ការ​ក្រុម​លោក Mikel Arteta នូវ​ជម្រើស​ថ្មី​មួយ​បន្ថែម​ទៀត បន្ទាប់​​ពី​កីឡាករ Hector Bellerin ត្រូវ​បាន​ក្រុម​នៅ​អេស្ប៉ាញ​ Real Betis ខ្ចី​ជើង​។

លោក​ Arteta បាន​ប្រាប់​ថា៖ «កីឡាករ Takehiro គឺ​ជា​ខ្សែ​ការពារ​ដ៏​រឹងមាំ​ម្នាក់ ដោយ​មាន​បទពិសោធ​យ៉ាង​ល្អ នៅ​ក្រប​ខ័ណ្ឌ Serie A និង​​ក្នុង​កម្រិត​ជាមួយ​ក្រុម​ជម្រើសជាតិ។​ គេ​ជា​ខ្សែ​ការពារ​មាន​ភាព​បត់​បែន ​រហ័ស​រហួន ដោយ​​មាន​​គុណភាព​ការពារ​យ៉ាង​ល្អ​​ បច្ចេកទេស​ខ្ពស់ និង​មាន​ភាព​នឹង​នរ​ក្នុង​ការ​គ្រប់គ្រង​បាល់​»​។​

កីឡាករ Tomiyasu ធ្វើ​ការ​បង្ហាញ​ខ្លួន​បាន ៦៣​ ដង នៅ Serie A ជាមួយ​ក្រុម Bologna ក្នុង​រយៈពេល ២ ​រដូវកាល​នេះ​។ គេ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន ២៣ ​លើក ហើយ​​រូប​គេ​ក៏​ជា​សមាជិក​របស់​ក្រុម​សាមូរ៉ៃ​ដែរ សម្រាប់​ការ​ប្រកួតក្នុង​ព្រឹត្តិការណ៍កីឡា​អូឡាំពិក Tokyo Games​ 2020 នៅ​ក្រុង​តូក្យូ ដែល​ទើប​បញ្ចប់ទៅ​ថ្មី​ៗ​នេះ​។

ក្រុម Arsenal បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​បាត​តារាង​នៃ​ក្របខ័ណ្ឌ​​ Premier League បន្ទាប់​ពី​ចាញ់​ទាំង​អស់​ពី​ការ​ប្រកួត ៣ ​លើក​ដំបូង ដោយ​ក្នុង​នោះ​ត្រូវ​គេ​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​ ៩ ​គ្រាប់ និង​​​មិន​អាច​ទម្លុះ​សំណាញ់​ទី​ក្រុម​គូ​ប្រជែង​បាន​សូម្បី ១ គ្រាប់​៕ AFP/VN