ទីក្រុង​ម៉ាឌ្រីដ៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Antoine Griezmann បាន​ធ្វើ​ការ​វិល​ត្រឡប់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទី​ផ្សារ​ដោះដូរ​កីឡាករ ដោយការ​​ទៅ​ចូលរួម​ជាមួយ​ក្រុម Atletico Madrid ដែល​មាន​រយៈពេល​ត្រឹម​តែ ២ ឆ្នាំ ក្រោយ​ពី​បាន​ចាកចេញ​មក​លេង​ឱ្យ​ក្រុម​គូ​ប្រជែង Barcelona​។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​ក្លិប​យក្ស​នៅ​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ពុធ​។​

កីឡាករ ​Griezmann វ័យ ៣០ ឆ្នាំ ដែល​ស៊ុត​បញ្ចូល​ទី​បាន ១៣៣ ​គ្រាប់ កាល​ពី​នៅ​លេង​ជាមួយ​ក្រុម ​Atletico នោះ គឺ​ជា​លើក​ទី​១ ដែល​រូប​គេ បាន​វិល​មក​ទ្រនំ​ចាស់​ក្នុង​​កិច្ច​សន្យា​​ខ្ចី​ជើង ១ ឆ្នាំ​​ ជាមួយ​នឹង​ជម្រើស​បន្ត​ថែម ១ ​ឆ្នាំ​ទៀត​។ ក្រុម​ប្រចាំ​ក្របខ័ណ្ឌ La Liga បាន​ប្រាប់​ឱ្យ​ដឹង។​

នៅ​លើ​វេបសាយ​ផ្លូវ​ការ​របស់​ខ្លួន ក្លិប Atletico បាន​សរសេរ​ប្រយោគ​យ៉ាង​ខ្លី​ថា​៖ «​សូម​ធ្វើ​ការ​ស្វាគមន៍​ក្នុង​ការ​ត្រឡប់​មក​វិញ Griezmann!​»។

ក្រុម​ Barca បាន​និង​កំពុង​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ហិរញ្ញវត្ថុ រហូត​ត្រូវ​ព្រម​ដោះលែង​ឱ្យ​ម្ចាស់​ជយលាភី​ពាន Ballon d''Or ៦​​ សម័យ Lionel Messi ទៅ​ចូលរួម​ជាមួយ​ក្រុម​នៅ​បារាំង Paris Saint-Germain កាល​ពី​ខែ​មុន ហើយ Griezmann ក៏​ជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​មាន​ប្រាក់​ខែ​ខ្ពស់​​បំផុត​របស់​ក្លិប​ដែរ តាំង​ពី​ចុះ​ហត្ថលេខា​យក​មក​ក្នុង​ឆ្នាំ​ ២០១៩ ជាមួយ​នឹង​តម្លៃ​ ១២០ លាន​អឺរ៉ូ (​$​១៤១,៦ ​លាន)។

ក្លិប​យក្ស​នៅ​តំបន់​កាតាឡាន់​បាន​​អះអាង​ពី​ការ​ចាកចេញ​នេះ ដោយ​ឱ្យ​ដឹង​ថា ក្លិប Atletico នឹង​ក្លាយ​ជា​អ្នក​ចំណាយ​ប្រាក់​ខែ​ឱ្យ​កីឡាករ​រូប​នេះ ហើយ​បញ្ជាក់​បន្ថែម​ថា កិច្ច​ព្រមព្រៀង​នេះ មាន​រួម​បញ្ចូល​ទាំង​ការ​ផ្ទេរ​ជា​អចិន្រ្តៃយ៍​​ផង​ដែរ នៅ​ពេល​កិច្ច​សន្យា​ខ្ចី​ជើង​ត្រូវ​បាន​បញ្ចប់​។

មិន​មាន​ក្លិប​ណា​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ ពី​តម្លៃ​នៃ​កិច្ច​សន្យា​នេះ​ឡើយ តែ​មាន​សេចក្ដី​រាយការណ៍​ថា ស្ថិត​ក្នុង​តម្លៃ​ប្រមាណ​ជា ៤០ លាន​អឺរ៉ូ ($៤៧​,២ ​លាន)។ ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន ក្លិប Barca បាន​ឱ្យ​ដឹង​ថា​៖ «​ក្លិប FC Barcelona សូម​អរគុណ​ដល់​កីឡាករ Antoine Griezmann សម្រាប់​ការ​ប្ដូរ​ផ្ដាច់ និង​ការ​លះ​បង់​របស់​គេ​ចំពោះ​ក្លិប ហើយ​សូម​ជូនពរ​ឱ្យ​​គេ​​ជួប​នូវ​ភាព​ជោគជ័យ​នា​ពេល​អនាគត​»​។

ការ​វិល​មក​កាន់​ក្លិប​ចាស់​របស់​ខ្លួន​វិញ​នេះ មាន​ន័យ​ថា កីឡាករ Griezmann ក៏​បាន​រួម​លេង​ជាថ្មី​ម្ដង​ទៀត​ដែរ ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម គឺ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អ៊ុយរូហ្គាយ Luis Suarez ដែល​ចែក​ផ្លូវ​ពី​ក្រុម Barca មក​រួម​រស់​ជាមួយ Atletico កាលពី ១២​ ខែ​កន្លង​ទៅ​។​

ជាមួយ​គ្នា​នេះ ក៏​មាន​សេចក្ដី​រាយការណ៍​ដែរ​ថា ក្រុម Barca របស់​លោក Ronald Koeman កំពុង​រៀបចំ​ស្នើ​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់ Luuk de Jong របស់​ក្រុម​រួម​លីគ Sevilla ដើម្បី​យក​មក​ជំនួស Griezmann​។

ការ​ចាកចេញ​របស់ Griezmann គឺ​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ព្រោះ​រូប​គេ​បាន​ចូល​លេង​រហូត ក្នុង​ចំណោម​ការប្រកួត​ទាំង ៣ លើក​ដំបូង​របស់​ក្រុម Barca នៅ​រដូវកាល​ថ្មី​នេះ ហើយ​នេះ​អាច​ចាត់​ទុក​ថា ជា​ការ​ផ្ទេរ​ដ៏​ធំ​មួយ​ដែរ ​ប្រចាំ​រដូវក្ដៅ​នេះ បន្ទាប់​ពី​ Messi ផ្លាស់​ទៅ​ក្រុម PSG និង Cristiano Ronaldo ចេញ​ពី​ Juventus ត្រឡប់​ទៅ​ប្រកប​អាជីព​នឹង​ក្រុម Man United ម្ដង​ទៀត​៕ AFP/VN