ក្រុង​ហ្វារ៉ូ៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​ក្នុង​ក្រុម​ជម្រើស​ជាតិ​បាន​ហើយ​ ជាមួយ​នឹង​គ្រាប់​ទី​១១០ ហើយ​បន្ទាប់​មក​ក៏​ស៊ុត​គ្រាប់​ទី១១១ ក្នុង​ម៉ោង​បន្ថែម​មាន​របួស ដើម្បី​ជួយ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​​ឈ្នះក្រុម​សា.អៀរឡង់ ២-១ ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup ប្រចាំ​ទ្វី​ប​អឺរ៉ុប ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​ហ្វារ៉ូ​​​ (Faro) កាល​ពី​យប់​ថ្ងៃ​ពុធ​។

កីឡាករ Ronaldo វ័យ ៣៦​ ឆ្នាំ ដែល​ទើប​វិល​ត្រឡប់​​ទៅកាន់​ក្រុម​បិសាច​ក្រហម Manchester United វិញ ក្រោយ​​ចាក​ចេញ​ពី​ក្រុម Juventus នោះ ត្រូវ​បាន​អះអាង​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អង្គារ​ថា មាន​ឱកាស​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ព័រទុយហ្គាល់​នាំ​មុខ​ដែរ នៅ​ដើម​វគ្គ​ទី១​ តែ​គួរ​ឱ្យ​ស្ដាយ​ ដែល​គេ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​អត់​ចូល​។

ក្រុម​ភ្ញៀវ​អៀរឡង់ គឺ​ជា​អ្នក​​នាំ​មុខ​មុន ​ជាមួយ​នឹង​គ្រាប់​បាល់ ដែល​បាន​មក​ពី​ការ​តែត​របស់​​ខ្សែ​ការពារ John Egan នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី១ តែ​ការ​តែ​ត​ ២​ គ្រាប់​​របស់​កីឡាករ Ronaldo នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី២ ពោល​ គឺ​ក្នុង​នាទីទី​៨៩ និង ​៩០+៧ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​ មាន​ជ័យជម្នះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​នទាំង​ជួយ​ឱ្យ​គេ បំបែក​កំណត់​ត្រាទៀត​ផង​។

កីឡាករ​ Ronaldo ស៊ុត​បញ្ចូល​ទី​លើស​កីឡាករ ​​Ali Daei ដែល​​ទម្លុះ​សំណាញ់​ទី​បាន ១០៩​គ្រាប់ ក្នុវ​ក្រុម​ជម្រើស​ជាតិ បន្ទាប់​ពីរូបគេ អាច​ធ្វើ​បាន​ស្មើ​នឹង​ចំនួន​គ្រាប់​​បាល់​សរុប​របស់​អតីត​កីឡាករឆ្នើម​អ៊ីរ៉ង់​រូប​នោះ នៅ​ឯ​​ព្រឹត្តិការណ៍ Euro 2020 ដែល​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ជា​ជើង​ឯក​។

ក្រោយ​ជួយ​ឱ្យ​ក្រុម​ឈ្នះ និង​ខ្លួន​ឯង​បំបែក​កំណត់​ត្រា​បាន កីឡាករ Ronaldo បាន​និយាយ​ប្រាប់​​ទូរទស្សន៍ Sky Sports ថា​៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដោយ​មិន​ត្រឹម​ព្រោះ​តែ​ខ្ញុំ​បាន​បំបែកកំណត់​ត្រា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងសម្រាប់​ឱកាស​ពេល​វេលា​ដ៏​ពិសេស ដែលពួក​យើង​មាន​ទៀត​ផង​។ ខ្ញុំ​ត្រូវ​តែ​សរសើរ​នូវ​អ្វី ដែល​ក្រុម​បាន​ធ្វើ​ ដោយ​ពួក​យើង​មាន​ការ​ជឿ​ជាក់​រហូត​ដល់​ទី​បញ្ចប់​។ ខ្ញុំរីក​រាយ​ខ្លាំង​ណាស់​»​។

ក្រុម​ព័រ​ទុយហ្គាល់​ ឈរ​នៅ​លើ​គេ ក្នុង​ពូល ដោយមាន ១០​ ពិន្ទុ ក្រោយ​បញ្ចប់​ ៤ ហ្គេម ខណៈ​ដែល​ក្រុម​លេខ ២ ​ស៊ែប៊ី តាម​ពី​ក្រោយ​តែ ៣ ពិន្ទុ​ ជាមួយ​នឹង​ការ​លេង​តិច​ជាង​ ១ លើក​។

ក្រុម​អៀរឡង់​ ​នៅលើ​តែក្រុម​បាត​​តារាង ​​អាស៊ែបៃហ្សង់ ប៉ុណ្ណោះ ក្រោយ​ចាញ់​ទាំង ៣​ការ​ប្រកួត ក្នុង​នោះ​រួម​ទាំង​បរាជ័យ​ដ៏​គួរ​ឱ្យ​អាម៉ាស់ ១-០ នៅ​ផ្ទះ​ខ្លួន​ឯង កាល​ពី​ខែ​មីនា ក្រោម​ថ្វី​ជើង​របស់​ក្រុម​លុច​សំបួ ដែល​ទើបឈ្នះ​ហ្គេម​ទី២ ក្នុង​វគ្គ​ជម្រុះWorld Cup នេះ ជា​លើក​ដំបូង ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ការមាន​ជ័យ​ជម្នះ​លើ​​ក្រុម​អាស៊ែបៃហ្សង់ ២-១​។​​

ក្រុម​លេខ ១​ ក្នុង​ពូល នឹង​បាន​សិទ្ធិ​ស្វ័យ​ប្រវត្តិ ក្នុង​ការ​​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ សម្រាប់​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup 2022 នា​ប្រទេស​កាតា រី​ឯ​ក្រុម​លេខ ២​ ត្រូវ​ធ្វើ​ការ​ប្រកួត​​វគ្គ​​ចាញ់​ធ្លាក់(Play-off)៕ AFP/VN