ក្រុង​តូក្យូ​៖ អត្តពលិក​តេក្វាន់​ដូ​ Zakia Khudadadi បាន​​ចូល​រួម​ប្រកួត​ជាលើក​ដំបូង​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក Tokyo Paralympic Games 2020 នៅ​ក្រុង​តូក្យូ នា​​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​ក្លាយ​ជា​ស្ត្រី​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ដំបូង​គេ ដែល​ធ្វើ​បែប​ហ្នឹង គិត​តាំង​ពី​ព្រឹត្តិការណ៍ Athens 2004 នៅ​ប្រទេស​ក្រិក។

កីឡាការិនី​វ័យ ២២​ ឆ្នាំ និង​មិត្ត​រួម​ជាតិ​របស់​នាង Hossain Rasouli បានមក​ដល់​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ឆ្លង​កាត់​តាម​​ក្រុង​ប៉ារីស ប្រទេស​បារាំង បន្ទាប់​ពីកីឡាការិនី​ Khudadadi បាន​ធ្វើ​ការ​អំពាវ​នាវ​ តាម​រយៈ​ខ្សែ​វីដេអូ​មួយ ដើម្បី​ឱ្យមាន​​ការ​ជួយ​ជម្លៀស​នាង ​ចេញ​ពី​ក្រុង​កាប៊ូល បន្ទាប់​ពី​ក្រុម​តាលីបង់​ចូល​មក​កាន់​អំណាច​។

កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍ អត្តពលិក Khudadadi បាន​ដើ​រ​ចូល​ទីលាន​ប្រកួត នៅ Makuhari Messe ក្នុង​ក្រុង​ឈីបា (Chiba) ក្បែរ​រាជធានី​តូក្យូ ដោយ​មាន​ពាក់​មួក​ការ​ពារ ដើម្បី​ធ្វើ​ការ​ប្រកួត​បើក​ឆាក​នៃ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ ក្នុង​ប្រភេទ​កីឡា​ប្រយុទ្ធ​របស់​ជនជាតិ​កូរ៉េ នៅ​ឯ​ព្រឹត្តិការណ៍​កីឡាប៉ារ៉ាឡាំពិក​។ នាង​បាន​ក្លាយ​ជា​ស្ត្រី​អាហ្វហ្គានីស្ថាន​ ទី​២ ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​ សម្រាប់​ជន​ពិការ​ ដែល​ចាប់​ផ្ដើម​មាន​ឡើង តាំង​ពី​ឆ្នាំ​១៩៦០ មក​។​​

«​ខ្ញុំ​រីក​រាយ​ ដែល​នាង​ (Khudadadi) អាច​មក​ដល់​ប្រទេស​ជប៉ុន»​។ នេះ​ជា​សម្ដី​​របស់​កីឡាការិនី Ziyodakhon Isakova ដែល​ត្រូវបាន​ស្រង់​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Kyodo News ​បន្ទាប់​ពី​​អត្តពលិករបស់អ៊ូសបេគីស្ថានរូប​នេះ មាន​ជ័យ​ជម្នះ​ដោយ​ពិន្ទុ ១៧-១២ លើ​កីឡាការិនី Khudadadi ពី​ការ​ប្រកួត​លើ​វិញ្ញាសា​តេក្វាន់​ដូ ក្នុង​ប្រភេទ​​ទម្ងន់​ក្រោម ៤៩ គ.ក​។

កីឡាការិនី Khudadadi មិន​បាន​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​នោះ​ឡើយ​។ ទាំង​រូប​នាង និង​មិត្ត​រួម​ជាតិ Rasouli ដែល​ជា​អត្តពលិក​ផ្នែក​អត្តពលកម្ម បាន​សម្ដែង​ចេតនា​យ៉ាង​ច្បាស់​លាស់​ ក្នុង​ការ​មិន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​​។​

មន្ត្រី​របស់គណៈ​កម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ (IPC) បាន​ឱ្យ​ដឹង​ថា នឹង​មិន​មាន​អត្តពលិក​អាហ្វហ្គានីស្ថាន​រូប​ណា និយាយ​ទៅកាន់​បណ្ដាញ​សារព័ត៌មាន ក្នុង​ក្រុង​តូក្យូ​នេះឡើយ​​ ដោយ​ពាក់​ព័ន្ធ​នឹង​សុវត្ថិភាព​របស់​អត្តពលិក​ជា​ចម្បង​។

អ្នក​នាំ​ពាក្យ​របស់ IPC​ លោក Craig Spence បាន​ប្រាប់​ឱ្យ​ដឹង ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ថា​៖ «​យើង​បាន​ទុក​ឱ្យ​ពួក​គេ​ត្រៀម​ខ្លួន ២-៣ ​ថ្ងៃ​កន្លង​ទៅ​នេះ ដោយ​គិត​តែ​លើការ​ប្រកួត​​ប៉ុណ្ណោះ​ ព្រោះ​នេះ​ជា​ក្ដី​ស្រមៃ​របស់​ពួក​គេ ក្នុង​ការ​បាន​ចូល​រួម​ប្រកួត​»​។

«​ឥឡូវ​នេះ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ពិភាក្សា​ពី​អ្វី នឹង​កើត​មាន​ ក្នុង​កម្មវិធី​បិទ ហើយ​ពី​ទី​កន្លែង ដែល​ពួក​គេ​ត្រូវ​ទៅ​បន្ទាប់​ពី​នេះ​»​។​ នេះ​ជាការ​បន្ថែម​របស់​លោក Spence​៕ AFP/VN