ភ្នំពេញ៖ ជើង​ខ្លាំង ខាំ ខ្លានាង និង ខាំ កូនខ្លា ដែលជា​បងប្អូន​សិស្ស​រួមក្លិបស្វាយ​ប៉ាក របស់​​លោក​គ្រូ បឺត សំខាន់ បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ឡើង​ប្រកួតសង​សឹកជាមួយ​អ្នក​ប្រដាល់ សែន រ៉ាដេត និង ធន់ អៀនឡេង ក្នុង​កម្ម​វិធី Mas Fight ១ ទឹក​​មាន ​៩ នាទី នៅលើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យនេះ ដោយពួកគេ មាន​ការ​ជឿជាក់​ថា នឹង​អាច​យក​ឈ្នះបាន​វិញ។

បើទោះបីជា ការ​ជួបគ្នា​ ៣ ​លើក កន្លងមកនេះ ខាំ ខ្លានាង មិនធ្លាប់​ឈ្នះ សែន រ៉ាដេត សោះ ដោយបាន​ចាញ់ ​២ ​និងស្មើ​ ១​ លើក ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​តាម​លក្ខណៈ​ម៉ាហ្វៃ​នេះ ខ្លានាង មានការ​ជឿជាក់ថា រូបគេ​អាច​នឹង​យក​ឈ្នះ​លើ សែន រ៉ាដេត បាន​វិញ។

ខាំ​ ខ្លានាង បាន​​និយាយ​ថា​៖ «​ការ​ប្រ​កួត​​នេះ ​ខ្ញុំ​ពេញ​ចិត្ត​ណាស់ ​ព្រោះ​ខ្ញុំ​ចង់​ប្រ​កួត​សង​សឹក​។ ​ខ្ញុំ​​មិន​ញញើត ​ឬ​ តក់​ស្លុត​ទេ​ ​ព្រោះ​​ការ​ចាញ់​ពិន្ទុ ​​២ ​លើក ​និង​ស្មើ ​១​ លើក កន្លងមក ​សុទ្ធ​តែ​មិន​អស់​ចិត្ត​សោះ»​។

​កីឡាករ​អាច​វាយចេញបានគ្រប់ក្បាច់ ខាំ​ ខ្លានាង​ បាន​បន្ថែម​ថា​៖​ «ការ​​ប្រកួត​៣ ​លើក​មុន​ៗ​នោះ​ គឺ​​ប្រ​កួត​តាម​លក្ខណៈ​គុន​ខ្មែរ​​ ចំណែក​លើក​នេះ​ ខ្ញុំគិត​ថា ​មាន​ឱកាស​ល្អ​ ក្នុង​ការ​សង​សឹក​ ដោយ​​ប្រ​កួត​​ចំនួន ​៩​ នាទី​ ដោយ​​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ៨០​ភាគ​រយ»​​។​

ខាំ កូនខ្លា បាន​ម៉ាត់ទៅ​លើ ធន់ អៀនឡេង ពេលប្រកួតជម្រុះ​ដណ្តើមប្រាក់លាន នៅសង្វៀន​ថោន ខណៈជំនួប​នេះ អៀនឡេង បាន​ឈ្នះ​ដោយចម្រូងចម្រាស។ រូប​ថត ថោន

យ៉ាងណា​ក៏​ដោយ លោក​ ស៊ន ​អេលីត​ នៅតែ​ផ្តល់​ទំនុក​ចិត្ត​លើសិស្ស​របស់​ខ្លួន សែន ​រ៉ាដេត​ ដោយ​បាន​និយាយ​ថា​៖ ​«គូ​នេះ​ ​ចាញ់​ឈ្នះ​តឹង​តែង​ ព្រោះ​កន្លង​មក​វា​​ឈ្នះ​ត្រឹម​​ពិន្ទុ ​ក៏​​តឹង​តែង​ដែរ ​ប៉ុន្តែ​យើង​ក៏​​ហាត់ ​គេ​ក៏​​ហាត់ អ៊ីចឹង​​បញ្ហា​ចាញ់​ឈ្នះ​ មិន​ទាន់​ហ៊ាន​និយាយ​មុន​ទេ ​តែ​ធម្មតា​កូន​សិស្ស​យើង​ ត្រូវ​សង្ឃឹម​ឈ្នះ​ច្រើន​ ហើយ​មាន​ទំនុក​ចិត្ត​ច្រើន​ហើយ​»។

ទោះ​ជាយ៉ាងនេះ​ក្តី ​លោក​ ស៊ន ​អេលីត​ បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា សែន ​រ៉ាដេត ​ឈ្នះ​ត្រឹម ​៧០ ​ភាគ​រយ​ ​ព្រោះ​ការ​ប្រ​កួត​ចំនួន ​៩ ​នាទី​ អ្នក​ណា​​ ​នៅ​កម្លាំង​ល្អ ​មាន​ប្រៀប​នៅ​ចុង​ទឹក ​ទើប​អាច​វាយ​តម្លៃ​បាន​ច្បាស់​»​។​​

ដោយឡែក សម្រាប់​ការ​ដាក់ឱ្យ​ជួបគ្នា​រវាង ធន់ អៀនឡេង និង ខាំ កូនខ្លា គឺ​ដើម្បីលាង​ជម្រះ​នូវ​ភាពមន្ទិល សម្រាប់ការ​ប្រកួត​របស់អ្នកទាំង​២​ នៅលើសង្វៀន​ថោន នេះ កាលពី​ខែសីហា ឆ្នាំ​២០២១ ដោយកាល​នោះ តំណាង​ម្ចាស់​សង្វៀន និងអ្នក​ឧបត្ថម្ភ បាន​សុំ​​ឱ្យសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ បង្កើត​គណៈកម្មការឯក​រាជ្យ​មួយ ដើម្បីពិនិត្យ និង​វាយតម្លៃ​ឡើង​វិញ ទៅ​លើ​លទ្ធផល បន្ទាប់ពី​អ្នកគាំ​ទ្រ បាន​រិះគន់​​ខ្លាំង ទៅ​លើការ​សម្រេច​ឱ្យ ធន់ អៀនឡេង ឈ្នះពិន្ទុ ខាំ កូនខ្លា​ នោះ។

ទាក់ទងការ​ប្រកួតនេះ ​ខាំ​ កូន​ខ្លា បាន​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ឈ្នះ ​៧០ ​ភាគ​រយ​ និង​ធានា​វ៉ៃ​ឱ្យ​អស់​ពី​សមត្ថភាព​»។ រីឯ ​លោក ​បឺត ​សំខាន់​ ជា​គ្រូ​បង្វឹក​​បានបញ្ជាក់​ថា​៖ ​«លើក​នេះ​ ខាំ កូនខ្លា នឹង​ឈ្នះ​ ​ព្រោះ​ត្រៀម​កម្លាំង​បាន​ល្អ ​សម្រាប់​ប្រកួត ​៩ នាទី​»។​

ចំណែក​ ធន់ ​អៀន​ឡេង​ បាន​និយាយ​ថា៖​ «​កាល​មុន ​ខ្ញុំ​ប្រកួត​តាម​គុន​ខ្មែរ មាន ​៣ ​ទឹក ដោយ​​ខ្ញុំ​ឈ្នះ​ទាំង​ប្រផុត​ប្រ​ផើយ​។ ​ចំណែកការ​ជួបគ្នា​លើកនេះ ខ្ញុំ​សប្បាយ​ចិត្ត​ ព្រោះ​នឹង​វ៉ៃ​​ប្តូរ​គ្នា ​មិន​ដឹង​ថា យ៉ាង​ណា​ទេ ​តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​ គាត់​ខ្លាំង​។ ​ខ្ញុំ​សង្ឃឹម​តែ ​៥០ ​ភាគ​រយ​ទេ​ ព្រោះ​ ៩ នាទី​ មិន​ដឹង​ថា ​នរណា​ទៅ​មុន​ឡើយ​។ ​ទោះ​យ៉ាង​ណា​ ខ្ញុំ​ធានា​វ៉ៃ​​អស់​ពី​សមត្ថភាព​ មិន​ឱ្យ​​អ្នក​មើល​ខក​ចិត្ត​ទេ»​។​

ជាមួយគ្នា​នេះ លោក ​ធន់ ​សុភា​ គ្រូ​បង្វឹក​ ធន់​ អៀន​ឡេង បាន​​​ប្រាប់​​ថា៖ ​«​ខ្ញុំ​មាន​ជំនឿ​ថា​ កូន​សិស្ស​ខ្ញុំ​បន្ត​ឈ្នះ​ទៀត​ ​ព្រោះ​ហ្វឹក​ហាត់​ត្រៀម​កម្លាំង​បាន​ល្អ​ណាស់​ ហើយ​ស្នៀត​ និង​បច្ចេកទេស​ មិន​លើសខ្វះ​គ្នា​ប៉ុន្មាន​​ឡើយ​។ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ឈ្នះ ​៧០ ​ភាគ​រយ»​។​

ទាក់​ទងការ​ដាក់ឱ្យ​កីឡាករ​ទាំង​ ៤ ​រូប​ខាង​លើ ប្រកួត​សងសឹកគ្នានេះ លោក​ ជួប ​វុត្ថា​ អ្នក​ចាត់​ចែង​ទូ​ទៅ​ប្រចាំ​សង្វៀន​ថោន បាន​និយាយ​ថា​៖ ​«គូ​សង​សឹក ​​២ ​គូ​នេះ ​ទាក់​ទាញ​អ្នក​ទស្សនា​ច្រើន​ណាស់​។ ​តាម​ការ​ស្ទាប​ស្ទង់ ​អាច​នឹង​មាន​អ្នក​ចូល​មើល​​តាម​ផេក​ច្រើន​ជាង​មុន ​ព្រោះ​កីឡាករ​ខ្លាំងៗ​​ជំនាន់​ថ្មី ​វ៉ៃ​មិន​ចេះ​សម្ចៃ​​កម្លាំងនោះ​ទេ»​៕