ក្រុងញូវយ៉ក៖​ កីឡាការិនី​ជើងឯក​ចាស់ Naomi Osaka បាន​ឆ្លង​ទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់ (តិន្នីស) របស់​កម្មវិធី US Open 2021 កាល​ពី​ថ្ងៃ​ពុធ ដោយ​មិន​បាច់​ចេញ​ញើស​សូម្បី ១ តំណក់ ខណៈ​ដែល​កីឡាករ Daniil Medvedev ត្រូវ​ទម្លាក់​គូ​បដិបក្ខ​សិន ទើប​បាន​ឡើង​ទៅ​ជុំ​បន្ទាប់​។​

កីឡាការិនី​លំដាប់​លេខ ៣ ពិភព​លោក​សញ្ជាតិ​ជប៉ុន Osaka ដែល​កំពុង​ប៉ុនប៉ង​ក្នុង​ការ​ឈ្នះ​ពាន Grand Slam ជាលើក​ទី​៥ និង​ពាន US Open ជាលើក​ទី​៣ ក្នុង​រយៈពេល ៤ ឆ្នាំ​នោះ​ បាន​ធ្វើ​ដំណើរ​ទៅ​វគ្គ​ទី៣ ដោយ​ស្វ័យ​ប្រវត្តិ ព្រោះ​គូ​ប្រកួត​របស់​នាង កីឡាការិនី​សញ្ជាតិ​ស៊ែប៊ី Olga Danilovic សុំ​ដក​ខ្លួន ដោយសារ​មាន​ជំងឺ​។

«​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ស្រួល​ក្នុង​ខ្លួន​សោះ ២-៣ ថ្ងៃ​ហ្នឹង ដោយ​ត្រូវ​ទ្រាំទ្រ​នឹង​ជំងឺ ដែល​មិន​ពាក់ព័ន្ធ​នឹង​​កូវីដ​នោះ​ឡើយ​»​។ នេះ​ជា​ការ​សរសេរ​របស់ Danilovic ​វ័យ ២០ ឆ្នាំ ដែល​បាន​ផូស្ត​នៅ​លើ​បណ្ដាញ​សង្គម​។

កីឡាការិនី Osaka ដែល​​នៅ​ជុំ​បន្ទាប់ ​ត្រូវ​ប្រឈម​ជាមួយ​កីឡាការិនី​លេខ ៧៣ ​ពិភព​លោក​របស់​កាណាដា Leylah Fernandez​ វ័យ ១៨ ​ឆ្នាំ​នោះ អាច​នឹង​ក្លាយ​ជា​កីឡាការិនី​ទី១ ដែល​ឈ្នះ​ពាន​ក្នុង​ US Open នេះ បន្ត​បន្ទាប់​គ្នា តាំង​ពី​កីឡាការិនី​អាមេរិក Serena Williams ដែល​អវត្តមាន​នៅ​ឆ្នាំ​នេះ ដោយសារ​មាន​របួស ធ្វើ​បាន​ជាប់ៗគ្នា ៣ ​ឆ្នាំ ចន្លោះ​ឆ្នាំ​ ២០១២​ ដល់​ឆ្នាំ​ ២០១៤​។

ជ័យ​ជម្នះ​បន្ត​បន្ទាប់​គ្នា​ពី​​ការ​ប្រកួត​លំដាប់ ​Grand Slam របស់​ Osaka នៅ​តែ​មាន​ចំនួន ១៦ ​ដង​ដដែល​ ដោយ​ការ​ឈ្នះ​ដោយ​គូ​ប្រកួត​ដក​ខ្លួន​នេះ មិន​រាប់​បញ្ចូល​ឡើយ។​

ចំណែក​ការ​ប្រកួត​​ផ្នែក​បុរស​វិញ ​កីឡាករ​លេខ ២ ពិភព​លោក Medvedev របស់​រុស្ស៊ី ដែល​ជា​ជើងឯក​រង​ក្នុង​កម្មវិធី Australian Open នៅ​អូស្ត្រាលី​ឆ្នាំ​នេះ ក៏​ឆ្លង​ផុត​ជុំ​ទី២ នេះ​ដែរ ក្រោយ​រូបគេ​បាន​យក​ឈ្នះលើ​​កីឡាករ​អាល្លឺម៉ង់ Dominik Koepfer មិន​ជា​លំបាក​ប៉ុន្មាន ជាមួយ​នឹង​លទ្ធផល ៣-០ គឺ ៦-៤ ៦-១ និង ៦-២​៕ AFP/VN