ក្រុង​គូឡាឡាំពួ៖ គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ (IPC) ពី​ថ្ងៃ​ពុធ បាន​និយាយ​ការពារ​ចំពោះ​ការ​សម្រេច​របស់​ខ្លួន​ក្នុង​ការ​ដក​សិទ្ធិ​អត្តពលិក​ចោល​ដុំដែក​របស់​​ម៉ាឡេស៊ី ព្រោះ​មក​បង្ហាញ​ខ្លួន​យឺត ហើយ​​ការ​សម្រេច​នេះ ឈាន​ទៅ​ដល់​ការ​ដក​មេដាយ​មាស ដែល​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បា​​យ៉ាង​ខ្លាំង​នៅ​​ប្រទេស​​កំណើត​​របស់​អត្តពលិក​។​

កីឡាករ Muhammad ZiyadZolkefli ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រកួត​ចោល​ដុំ​ដែក​វគ្គ​ចុង​ក្រោយ​​ ដែល​ធ្វើ​ឡើង​នៅ​ក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​អង្គារ​ ទោះបី​ជា​មក​យឺត ហើយ​បាន​បន្ត​រហូត​ដល់​ឈ្នះ​មេដាយ​មាស និង​បំបែក​កំណត់ត្រា​ពិភព​លោក​។ ​តែ​ក្រោយ​មក អត្តពលិក​វ័យ ៣១ ​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ដក​សិទ្ធិ រួម​ជាមួយ​អត្តពលិក ២ រូប​ផ្សេង​ទៀត ដោយ​មន្ត្រី​ទទួល​ខុស​ត្រូវ​ការ​ប្រកួត​អះអាង​បញ្ជាក់​ថា អត្តពលិក​ទាំង​នោះ មិន​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​​ការ​មក​យឺត​របស់​ពួក​គេ​។

មេដាយ​មាស​នោះ ត្រូវ​ប្រគល់​ឱ្យ​អត្តពលិក Maksym Koval ​របស់​​អ៊ុយក្រែន ហើយ​អ្នក​នាំពាក្យ​របស់ IPC លោក Craig Spence បាន​ឱ្យ​ដឹង​ថា អាជ្ញាកណ្ដាល​បាន​អះអាង​ថា មិនមាន​ហេតុផល​សមរម្យ​សម្រាប់​ការ​មក​យឺត​របស់ Ziyad ហើយ​ក្រោយ​មក​ការ​ប្ដឹង​តវ៉ា​ត្រូវ​បាន​ច្រានចោល​។ តែ​លោក Spence ​ប្រាប់​​ថា ពេល​​នេះ អត្តពលិក​អ៊ុយក្រែន​កំពុង​ទទួល​រង​នូវ​ការ​ប្រើ​ពាក្យ​ប្រមាថ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​ម៉ាឡេស៊ី​។​

លោក Spence បាន​ថ្លែង​ថា៖ «​មនុស្ស​ជាច្រើន​និយាយ​ថា អត្តពលិក​អ៊ុយក្រែន​បាន​លួច​មេដាយ​មាស​នោះ។ ទេ​! ប្រាកដ​ណាស់ ​មិន​មែន​បែប​ហ្នឹង​នោះ​ឡើយ​។ កីឡាករ​អ៊ុយក្រែន​មិន​ពាក់ព័ន្ធ​អ្វី​ទាំង​អស់។ វា​ជា​បញ្ហា ដែល​អត្តពលិក​មក​យឺត​»​។

«​មាន​ការ​បញ្ចេញ​អារម្មណ៍​បែប​កំហឹង​យ៉ាង​ច្រើន​ពី​ប្រជាជន​ម៉ាឡេស៊ី នៅ​លើ​បណ្ដាញ​សង្គម ហើយ​បាន​ប្រើ​ពាក្យ​ពេចន៍​មើល​ងាយ​យ៉ាង​ច្រើន។ សម្រាប់​ការ​យល់​ឃើញ​របស់​ខ្ញុំ​​ ជា​រឿង​ឥត​ប្រយោជន៍​»​។ លោក Spence បាន​បន្ថែម​។​​

អ្នក​នាំពាក្យ​រូប​នេះ បាន​ឱ្យ​ដឹង​ថា អត្តពលិក​មក​យឺត​បាន​ធ្វើ​ការ​តវ៉ា​ថា ពួក​គេ​មិន​បាន​ឮ​ការ​​ប្រកាស​​ឱ្យ​មក​រួម​គ្នា ឬ​ថា​ ដោយសារ​ពួក​គេ​ស្ដាប់​ភាសា​មិន​បាន តែ​ពួក​គេ​បាន​កត់​សម្គាល់​ថា អត្តពលិក​ដទៃ​អាច​​ទៅ​ដល់​ទីនោះ​បាន​ទាន់​ពេល​។

តែ​នៅ​លើ​បណ្ដាញ​សង្គម អ្នក​រិះគន់​បាន​បង្ហាញ​សញ្ញា​មិន​ទទួល​យក​នូវ​ការ​ដក​សិទ្ធិ​របស់​កីឡាករ Ziyad ដែល​បាន​ឈ្នះ​មេដាយ​មាស នៅ​ Rio Paralympics 2016 នា​ប្រទេស​ប្រស៊ីល ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី​ លោក Khairy Jamaluddin បាន​ថ្កោល​ទោស​ ចំពោះ​ការ​សម្រេច​នោះ​ថា ជា​រឿង​គួរ​ឱ្យ​អៀន​ខ្មាស​​»។

លោក Jamaluddin បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា​៖ «​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​​​ទាំង​​ស្រុង ដែល​ធ្វើ​ផ្ទុយ​នឹង​ស្មារតី​របស់​កីឡា​ប៉ារ៉ាឡាំពិក។ មេដាយ​មាស​ និង​កំណត់ត្រា​ពិភព​លោក​ត្រូវ​បាន​លួច​»​។​​

ជាមួយ​គ្នា​នេះ ព្រះមហាក្សត្រ​របស់​ប្រទេស​ម៉ាឡេស៊ី ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការ​សិក្សា​ពី​ហេតុផល​នៃ​ការ​ដក​សិទ្ធិ​នេះ ដើម្បី​កុំ​ឱ្យ​វា​មាន​រឿង​បែប​នេះ កើត​ឡើង​ ពេល​អនាគត​​ទៀត។

ចំណែក​ Ziyad បាន​ត្រឹម​​ផូស្ត​សារ​ខ្លីៗ នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​បាន​ធ្វើ​ការ​សុំ​ទោស ​ចំពោះ​ហេតុការណ៍​នេះ និង​អរគុណ​ដល់​ការ​គាំទ្រ​ពី​ប្រជាជន​​ម៉ាឡេស៊ី​៕ AFP/VN