ភ្នំពេញ៖ សហព័ន្ធ​កីឡា​វ៉ូវីណាម​ពិភព​លោក ​បាន​ឯកភាព​ និង​អនុញ្ញាត​ឱ្យ​​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្នុង​ការ​​រៀបចំ​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី៦ ឆ្នាំ​ ២០២៣ ​(The 6th Southeast Asian Championship in 2023) ​​ដើម្បី​កម្ពុជា​អាច​​វាស់​ស្ទង់​បច្ចេកទេស​ និង​សមត្ថភាព​អត្តពលិក ព្រមទាំង​​អាជ្ញា​កណ្តាល​​ចៅក្រម​របស់​ខ្លួន​ មុន​ព្រឹត្តិការណ៍​ប្រកួត​​​ស៊ីហ្គេម លើកទី​៣២ ​ឆ្នាំ​ ២០២៣ ​នៅ​ប្រទេស​កម្ពុជា​ ឈាន​មក​ដល់។

លោក អ៊ូ​ រតនា ដែល​ទើប​ឡើង​កាន់​តំណែង​ជា​​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា បាន​ប្រាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហព័ន្ធ​បាន​ធ្វើ​លិខិត​ស្នើសុំ​សហព័ន្ធ​វ៉ូវីណាម​ពិភព​លោក ដើម្បី​សុំ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡាវ៉ូវីណាម​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី៦ ​នេះ នៅ​ខែ​កុម្ភៈ ​ឆ្នាំ ២០២៣​ ​គឺ​មុន​ស៊ីហ្គេម​មក​ដល់ ​ដើម្បី​យើង​អាច​​សាកល្បង​កមិ្រត​បច្ចេកទេស និង​សមត្ថភាព​អាជ្ញាកណ្តាល​ចៅក្រម ​និង​កីឡាករ​កីឡាការិនី​របស់​ខ្លួន ​ត្រៀម​ខ្លួន​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី​៣២ ឆ្នាំ​ ២០២៣ ​នៅ​ប្រទេស​កម្ពុជា​ ដែល​យើង​គ្រោង​នឹង​ដណ្តើម​មេដាយ​ឱ្យ​​បាន​ច្រើន​ជា​អតិបរមា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​។

លោក​បន្ថែម​ថា៖ ​«ជា​លទ្ធផល ​កាល​ពី​ថ្ងៃ​ពុធ​ កម្ពុជា​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ពី​សហព័ន្ធវ៉ូវីណាម​ពិភព​លោក​រួច​ហើយ ​ហេតុ​នេះ​សហព័ន្ធកីឡា​​វ៉ូវីណាម​​កម្ពុជា​បាន​រៀបចំ​គោល​ការណ៍​​​ស្នើ​​ទៅ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ និង​រៀបចំ​គម្រោង​​ទៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើកទី៣២ ​ឆ្នាំ ២០២៣​ ហៅ​កាត់​ថា​ CAMSOC ​និង​ជូន​ដំណឹង​ទៅ​ដល់​ NOCC ដើម្បី​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​បន្ថែម​ទៀត ​សម្រាប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​»។

គួររំឭក​ថា កម្ពុជា​ធ្លាប់​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ការ​​ប្រកួត​កីឡាវ៉ូវីណាម​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ ២ ​លើក​មក​ហើយ ចំណែក​ការ​ត្រៀម​លើក​នេះ លោក ​អ៊ូ​ រតនា ​បាន​​បញ្ជាក់​​​ថា៖ ​«សព្វថ្ងៃ​សហព័ន្ធ​កំពុង​​សម្រិត​សម្រាំង​រក​កីឡាករ​កីឡាការិនី​ល្អៗ សម្រាប់​ត្រៀម​ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើងឯក​​អាស៊ីអាគ្នេយ៍​លើក​ទី៦ ​ក៏​ដូច​ជា​ការ​ប្រកួតកីឡា​ស៊ីហ្គេម​លើក​ទី​៣១ ​នៅ​វៀតណាម ​និង​​ស៊ីហ្គេម​លើកទី​៣២ ឆ្នាំ ២០២៣ ​នៅ​ប្រទេស​កម្ពុជា»។​

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​ជើងឯក​​នេះ ​លោក រតនា ថា សហព័ន្ធ មិន​ទាន់​បាន​កំណត់​វិញ្ញាសា​នៅ​ឡើយទេ​ ដោយ​​រង់ចាំ​ការ​ប្រជុំ​គណៈកម្មការ​បច្ចេកទេស​ជា​មុន​សិន ​ក្នុង​នោះ​ យើង​ទើប​ទទួល​បាន​ការ​អនុញ្ញាត​ពី​សហព័ន្ធ​វ៉ូវីណាម​ពិភព​លោក ​ហើយ​វិញ្ញាសា​ត្រូវ​តែ​ឆ្លង​ច្រើន​លើក​​ដែរ​។ ​ទោះ​បីជា​យ៉ាង​ណា​ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​​នឹង​ដាក់​វិញ្ញាសា​ណា​មាន​ប្រៀប​ ឬ​វិញ្ញា​សា​ ត្រៀម​ការ​ប្រកួត SEA GAMES 2023 ​តែ​ម្តង ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ក្រុម​អត្តពលិក​កម្ពុជា​​យើង ​ដោយ​កម្ពុជា​បាន​ត្រៀម​ដាក់​ចំនួន​ ៣៣ ​វិញ្ញាសា​ឱ្យ​ប្រកួត​។

លោក ​កៅ​ មករា ​​ស្ថាបនិក​ និង​ជា​គ្រូ​ជំនាញ​ម្នាក់​នៃ​​​កីឡា​វ៉ូវីណាម​ឱ្យ​ដឹង​​ថា​៖ ​«វិញ្ញាសា​ទាំង​អស់​របស់​កីឡា​វ៉ូវីណាម​ មាន​ ៣៣ ​ក្នុង​នោះ​មាន​វិញ្ញាសា​ប្រយុទ្ធ​ ១១​ ​វិញ្ញាសា​សម្តែង​ និង​មេគុន ២២ វិញ្ញាសា​។ ​ចំណែក​អត្តពលិក​យើង​ចម្រាញ់​​យក​ទៅ​តាម​វិញ្ញាសា​ ដែល​​​ត្រូវ​ដាក់​នៅ​ស៊ីហ្គេម ឆ្នាំ ​២០២៣ គឺ​យើង​មាន​លទ្ធភាព​ ៣០ នាក់ ​ឬ​ ៣០ ​វិញ្ញាសា ទៅ​ហើយ ​គឺ​មាន​សក្តានុពល​ល្អ​»។

ជាមួយ​គ្នានេះ​ លោក ​វ៉ាត់ ​ចំរើន​ អគ្គលេខាធិការ​ CAMSOC ​បាន​ថ្លែង​​ថា​៖ «​កីឡា​គ្រប់​ប្រភេទ ​នឹង​ត្រៀម​រៀបចំ​ការ​ប្រកួត​ថ្នាក់​កម្រិត​អាស៊ី​អាគ្នេយ៍​នេះ ​ដែល​ចាប់​ពី​ ៤ ​ប្រទេស​ឡើង ​យើង​រៀបចំ​បាន​ ព្រោះ​​វា​ជា​គោលការណ៍​មុន​ស៊ីហ្គេម​មក​ដល់​។​ ​សម្រាប់​កីឡាករ​វ៉ូវីណាម​កម្ពុជា​មាន​សក្តានុពល​ល្អ ​ក្នុង​ការ​ដណ្តើម​យក​មេដាយ ​ហើយ​​បើ​និយាយ​ពី​ចំណាត់​ថ្នាក់​ក្នុង​តំបន់​អាស៊ាន ​យើង​អាច​ឈរ​ក្នុង​លំដាប់​លេខ​ ២ ​លេខ ៣​ ឬ​លេខ​ ៤ ​ដែរ»​៕​