ភ្នំពេញ៖ ក្រុម​អត្ត​ពលិក​ជម្រើសជាតិកង់គួក​​​កម្ពុជា រួម​មានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ក្រោមការ​ដឹកនាំ​ផ្ទាល់ ពី​គ្រូបង្វឹក​លោក ខ្លូត ​ករណី ​ដែល​​បាន​ទៅ​ហ្វឹក​ហាត់ ​នៅ​ប្រ​ទេស​បារាំង ​តាម​កម្ម​វិធី​សហ​ប្រតិបត្តិ​ការ​រវាង​សហព័ន្ធកីឡា​ទោ​ចក្រ​យាន​កម្ពុជា ​ជា​មួយ​សមាគម​កីឡា​កង់​កម្ពុជា ​ឈ្មោះ​ថា​ Cambodia ​Cycling ​Academy ​(CCA) នោះ បានបញ្ចប់បេសកកម្ម​របស់ខ្លួន​ហើយ។

នៅ​ក្នុង​អំឡុង​នៃ​ការ​ហ្វឹកហាត់រយៈពេល ​៣ ខែ នៅ​ប្រទេស​បារាំង ដែល​ទទួល​បាន​ការ​​​​រាប់​រង​ លើ​ការ​ហូប​ចុក និង​ស្នាក់​នៅ​ ក្រោមការ​​ជួយ​​​ជ្រោមជ្រែង​ពី​លោកស្រី ​ប៉ែន​ ស្រីមុំ​ នោះ ក្រុមកង់គួកកម្ពុជា ក៏​បាន​ចូល​រួម​​​​ក្នុង​បណ្តា​ព្រឹត្តិការណ៍​ធំៗ​ចំនួន​៤​លើក​ផង​ដែរ ​ ដើម្បី​ពង្រឹង​សមត្ថភាព​ ត្រៀម​ការ​ប្រកួត​​អន្តរ​ជាតិ​នានា ពិសេស​ហ្គេម នាពេល​ខាង​មុខ​​នេះ ហើយ​​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា​មួយ​នេះ នឹង​ត្រូវ​​ចេញ​ដំណើរ​ពី​ប្រ​ទេស​បារាំង ​នៅ​ថ្ងៃ​ចន្ទ​នេះ ​​និង​មក​ដល់​កម្ពុជា​ ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។​

លោក​ស្រី​ ប៉ែន​ ស្រី​មុំ ​ប្រធាន​​សមាគម​កីឡាកង់​កម្ពុជា ​​(CCA) ​ប្រចាំ​នៅ​ប្រទេស​បារាំង​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ កាល​ពី​ថ្ងៃអាទិត្យ​ថា​ ក្រុម​អត្ត​ពលិក​កម្ពុជា ​និង​គ្រូ​បង្វឹក ​បាន​បញ្ចប់កម្មវិធី​ហ្វឹកហាត់ ​ទៅតាម​​គម្រោង​ហើយ ហើយ​​ពេល​នេះ​ពួក​គាត់ កំពុង​តែ​ពិនិត្យ​​សុខ​ភាព ​ពិសេស​តេស្ត​​កូវីដ ​១៩​ សិន ​មុន​នឹង​ចេញ​ដំណើរ​ទៅ​មាតុ​ប្រ​ទេស​វិញ​ នៅ​ថ្ងៃ​ចន្ទ ​ទី​ ៦ ​ខែ ​កញ្ញា ​ឆ្នាំ​ ២០២១​។​

លោក​ស្រី​បន្ថែម​ថា​៖ ​«ដោយ​បញ្ហា​កូវីដ​ ១៩​ វាយ​លុក​ខ្លាំង ​ខាង​សមាគម​​ Cambodia ​Cycling​ Academy ​រង​ផល​ប៉ះ​ពាល់​ជី​វភាព​ខ្លាំង​ណាស់ ​គឺ​រក​ប្រាក់​ផ្គត់​ផ្គង់​ឱ្យ​​កីឡាករកម្ពុជា​​ទាំង​លំបាក​លំបិន​បំផុត​។ ទោះយ៉ាងណា​ យើង​​​នៅ​តែ​បាន​បញ្ជូន​អត្តពលិក​យើង​ចូល​រួម​ប្រ​កួត​បាន​ចំនួន​ ៤​ ព្រឹត្តិការណ៍​ធំៗ​ ដើម្បី​ពង្រឹង​កម្លាំង​ និង​បច្ចេកទេស​ជែង ​បច្ចេកទេស​​បត់ ​និង​បច្វេទេស​បន្ថែម​ល្បឿន​ផង​ដែរ»​។

ក្រុម​កីឡាករ​ជម្រើសជាតិកង់គួកកម្ពុជា និងគ្រូបង្វឹក ពេលថតជាមួយលោក​ស្រី ប៉ែន ស្រីមុំ នៅលើទឹក​ដីប្រទេសបារាំង។ រូប សហការី

«ជាមួយគ្នានេះ ​ខ្ញុំ​សូម​​អរគុណ ​ដល់​សហព័ន្ធ​ គ្រូ​បង្វឹក ​នៅ​ឯ​ស្រុក​ខ្មែរ​ មេត្តា​ជួយ​គាំ​ទ្រ​បន្ត​ ព្រោះ​គម្រោង​ហ្វឹក​ហាត់​លើក​នេះ​ គឺ​មិន​បាន​រលូន ​ដោយ​បញ្ហា​កូ​វីដ​ ១៩ ​ខណៈ​ក្រុម​ឧបត្ថម្ភ​កម្ម​វិធី​ប្រណាំង​កង់​ នៅ​ប្រទេស​បារាំង ​ជាប់​គាំង​​សឹង​តែ​ទាំង​អស់»​។ ​លោក​ស្រី​ ប៉ែន​ ស្រី​មុំ បានបញ្ជាក់។ ​

ចំណែក​លោក​ នូ​ ចំរើន​ អគ្គ​លេខា​ធិការ​សហព័ន្ធ​កីឡា​ទោចក្រ​យាន​កម្ពុជា ​បាន​​ប្រាប់​ថា ខាង ​សហព័ន្ធ ​គាំទ្រ​នូវ​សកម្មភាព​របស់​​​ Cambodia​ Cycling ​Academy​ ដែល​បាន​ប្រឹង​ប្រែង​ក្នុង​សម័យ​កាល​កូវីដ​នេះ ​ពិត​ជា​លំបាក​មែន ​ប៉ុន្តែ​យើង​សហការ​​គ្នា​បាន​ល្អ​ ហើយ​តាម​រយៈ​ការ​ហ្វឹក​ហាត់ ​នៅ​ប្រ​ទេស​បារាំងលើកនេះ ​អត្តពិក​របស់​យើង​ បាន​ទៅ​ចូល​រួម​ប្រកួត​ចំនួន ​៤ ​លើក ផ្សេងពីគ្នា ក្នុង​នោះ​នៅ​ប្រទេស​បារាំង​ បាន​ ​២​ លើក​ ​នៅ​ប្រទេស​ប៉ូ​ឡូញ​ ១ លើក ​និង​ប្រទេស​រ៉ូម៉ានី ​១​ លើក​។​

លោក​ នូ ចំរើន បាន​បន្ត​ថា​៖​ «កីឡាករ​ប្រណាំង​កង់​ជម្រើស​ជាតិ​កម្ពុជា ​ដែល​មក​​ពី​ប្រទេស​បារាំង​ទាំង​នេះ គឺ​​ពេល​មក​ដល់​កម្ពុជា គឺ​ទាំងគ្រូបង្វឹក និងកីឡាករ យើង​នឹង​ឱ្យ​ពួកគាត់ ធ្វើចត្ដាឡីស័ក តាមគោលការណ៍របស់ក្រសួងសុខាភិបាលសិន ហើយបន្ទាប់មក យើង​​នឹងបញ្ជូន​​ពួកគាត់ ឱ្យ​​ទៅ​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់ ​នៅ​ទីលាន​ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀម​រាប ជាមួយ​ក្រុម​ជម្រើសជាតិកង់ភ្នំ ​ដែល​ជា​ទីលាន​ស្តង់​ដារ ​ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​អន្តរ​​ជាតិ​​នានា​ខាង​មុខ»​។​

ឆ្លង​កាត់​បទ​ពិសោធ​​ហ្វឹក​ហាត់ ​និង​ការ​​ប្រកួត​កន្លង​មក​​នេះ​ លោក ​ខ្លូត ​ករណី ​គ្រូ​បង្វឹក​ក្រុម​ប្រណាំង​កង់​ជម្រើស​ជាតិ​កម្ពុជា ដែល​ចុះ​ជាប់​ជា​មួយ​កីឡាករ​ផ្ទាល់ បាន​​អះ​អាង​ថា​៖​«កីឡាករ​​យើង ​ហាត់​បាន​ជាង​ ៣ ​ខែ​នេះ ​គឺ​​បាន​ដក​ស្រង់​បច្ចេកទេស​បាន​ល្អ ​ក្នុង​នោះ​ការ​ប្រជែង​ កា​រ​​បត់ ​តាម​ផ្លូវ​កោង​ និង​រក្សា​កម្លាំង ​ដើម្បី​បន្ថែម​ល្បឿន​ គឺ​នៅ​ប្រទេស​បារាំង​នេះ ​ល្អ​ជាង​ហាត់​នៅ​ក្នុង​ស្រុក​យើង​ឆ្ងាយ​ណាស់ ​គឺ​កម្រិត​បច្ចេកទេស​ល្អ​ជាង​មុន»​៕