ក្រុង​ប៉ារីស៖ ក្រុម​ម្ចាស់​ជើងឯក​ពាន World Cup (WC) បារាំង​ចាប់​ផ្ដើម​មាន​ដំណើរ​ទ្រេតទ្រោត​ជា​ថ្មី​ម្ដង​ទៀត ក្នុង​យុទ្ធនាការ​ទាត់​វគ្គ​ជម្រុះ​នៅ​តំបន់​អឺរ៉ុប ដើម្បី​ដណ្ដើម​សិទ្ធិ​ទៅ​លេង​ជុំ​ចុង​ក្រោយ ក្នុង​ឆ្នាំ​ ​២០២២ នៅ​ប្រទេស​កាតា ក្រោយ​ប្រកួត​​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​អ៊ុយក្រែន ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Memphis Depay ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ហូឡង់​បំបាក់​ម៉ុងតេណេហ្គ្រោ កាល​ពី​ថ្ងៃ​សៅរ៍​។

នេះ​ជា​ការ​ប្រកួត​ស្មើ ៥ ដង​​ជាប់ៗ​គ្នា​របស់​ក្រុម​មាន់គក​បារាំង​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Anthony Martial ​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ជា​លើក​ដំបូង ក្នុង​រយៈពេល ៥ ​ឆ្នាំ​ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់​លោក​ Didier Deschamps ដណ្ដើម​បាន​ពិន្ទុ​ពី​ហ្គេម​នៅ​ក្រុង​កៀវ​នេះ​។​

កីឡាករ Martial របស់​ក្រុម​បិសាច​ក្រហម Manchester United ដែល​អវត្តមាន​ក្នុង​ព្រឹត្តិការណ៍ Euro 2020 ដោយសារ​មាន​របួស ទើប​តែ​បាន​រក​ឃើញ​គ្រាប់​បាល់​ទី២ ពី​​ការ​បង្ហាញ​ខ្លួន ២៩ ​ដង​ ឱ្យ​ក្រុម​ជម្រើស​ជាតិ ដើម្បី​​បដិសេធ​គ្រាប់​បាល់​នាំ​មុខ​របស់​ក្រុម​អ៊ុយក្រែន ដែល​ស៊ុត​ដោយ​ខ្សែ​បម្រើ Mykola Shaparenko នៅ​នាទី​ចុង​ក្រោយ​នៃ​វគ្គ​ទី១​។​

ក្រុម​បារាំង ដែល​មាន​រហស្សនាម​ជា​ភាសា​បារាំង «​Les Bleus» (ពណ៌ខៀវ) នៅ​តែ​ឈរ​ទី១ ក្នុង​ពូល D ជាមួយ​នឹង​ការ​​នាំ​មុខ​ដាច់ ៤ ពិន្ទុ​ តែ​ប្រកួត​ច្រើន​ជាង ២ ​ហ្គេម ​លើស​ក្រុម​លេខ ២ ហ្វាំងឡង់ ដែល​នឹង​ត្រូវ​ជួប​ជាមួយ​ពួក​គេ​នៅ​ក្រុង​លីយ៉ុង នា​ថ្ងៃអង្គារ​នេះ​។ ១ គ្រាប់​របស់​កីឡាករ Joel Pohjanpalo នៅ​វគ្គ​ទី២ ជួយ​ឱ្យ​ក្រុម​ហ្វាំងឡង់​ឈ្នះ​កាហ្សាក់ស្ថាន ១-០​។

«​ពួក​យើង​ប្រហែល​ជា​មិន​មាន​ស្ថាន​ភាព​ប្រសើរ​ជាង​មុន​ពួក​យើង​ធ្វើ​ការ​ប្រកួត​នេះ តែ​វា​ក៏​មិន​ជា​អាក្រក់​ពេក​នោះ​ឡើយ​។ វា​គ្រាន់​តែ​ជា​ការ​ដណ្ដើម​បាន ១ ​ពិន្ទុ​បន្ថែម​ទៀត ខណៈដែល​ជាក់​ស្ដែង គោលដៅ​​របស់​យើង គឺ​យក ៣ ពិន្ទុ​»​។ គ្រូបង្វឹក​របស់​ក្រុម​​បារាំង លោក Deschamps បាន​ប្រាប់​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​បារាំង M6​។​​

ដោយ​ឡែក ក្រុម​អ៊ុយក្រែន​ដែល​នៅ​លេខ ៣ មក​ទល់​ពេល​នេះ ​មិន​ឈ្នះ ហើយ​ក៏​មិន​ចាញ់​ដែរ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង ៥ ​ដង ពោល​គឺ​ស្មើ​ទាំង​អស់ ដោយ​ក្នុង​នោះ​រួម​ទាំង​ការ​ស្មើ​ ២ លើក​ទល់​នឹង​ក្រុម​បារាំង​ដែរ​។

ចំណែក​ឯ​កីឡាករ Depay មាន​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​ជម្រុះ WC នៅ​ឯ​ក្រុង​ Eindhoven ដែល​ក្រុម​ហូឡង់ បំបាក់​ក្រុម​ម៉ុងតេណេហ្គ្រោ ៤-០ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់​លោក Louis van Gaal តាម​កាន់​តែ​កៀក​នឹង​ក្រុម​លេខ ១ ក្នុង​ពូល​ G គឺ​តួកគី ដែល​ឈ្នះ​ហ្ស៊ីប្រាល់តា ៣-០ ដែរ​។

កីឡាករ​ឆ្នើម Depay របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ស៊ុត​​គ្រាប់​បាល់​​បើក​ឆាក (ប៉េណាល់​ទី) នៅ​នាទីទី​៣៨ ហើយ​បន្ទាប់​មក​ថែម​គ្រាប់​ទី២ នៅ​នាទីទី​៦២។ កីឡាករ​ប្រធាន​ក្រុម Georginio Wijnaldum ជាអ្នក​បន្ថែម​គ្រាប់​ទី៣ នៅ​នាទីទី​៧០ ហើយ​ខ្សែ​ប្រយុទ្ធ Cody Gakpo ស៊ុត​គ្រាប់​ទី៤ ដែល​ជាគ្រាប់​ដំបូង​របស់​ខ្លួន សម្រាប់​ក្រុម​ជម្រើស​ជាតិ នៅ​នាទីទី​៧៦​។

«​នៅ​ពេល​ដែល​មាន​គ្រាប់​បាល់​ទី១ យើង​ក៏​ចាប់​ផ្ដើម​លេង​ដោយ​មាន​ភាព​ធូរ​ស្រាល​ជាង​មុន ហើយ​បង្កើត​បាន​នូវ​ការ​ប្រកួត​បាល់ទាត់​ដ៏​ល្អ​ណាស់​។ កីឡាករ Memphis (Depay) ធ្វើ​ឱ្យ​មាន​នូវ​ហ្គេម​ដ៏​ពិសេស​មិន​ធម្មតា​មួយ​ ហើយ​មិន​បាច់​សង្ស័យ​នោះ​ឡើយ គេ​គឺ​ជា​អ្នក​លេង​ដ៏​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​នេះ​»​។ នេះ​ជា​ប្រសាសន៍​របស់​លោក Van Gaal ដែល​ត្រឡប់​មក​ដឹកនាំ​ក្រុម​ពណ៌​ទឹក​ក្រូច​ហូឡង់​ជាលើក​ទី៣​៕ AFP/VN