ក្រុង​ញូវយ៉ក៖ កីឡាករ​ Novak Djokovic បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​រង្វង់​នៃ​ការ​ប្រកួត ៤ លើក​ទៀត​ប៉ុណ្ណោះ ដើម្បី​អាច​​បញ្ចប់​ទាំង​ស្រុង​នូវ​កាល​វិភាគ​នៃ​ការ​ប្រកួត​វាយ​កូន​បាល់ (តិន្នីស) ​ដណ្ដើម​ពាន​លំដាប់ Grand Slam ផ្នែក​បុរស​ដំបូង​គេ ក្នុង​រយៈពេល ៥២ ​ឆ្នាំ​ ខណៈ​ដែល​កីឡាការិនី​លំដាប់​កំពូល Ashleigh Barty បាន​ធ្លាក់​ពី​កម្មវិធី​ US Open 2021 ហើយ កាល​ពី​ថ្ងៃ​សៅរ៍ ដោយសារ​បាន​ភ្លាត់​ចាញ់​​កីឡាការិនី​អាមេរិក Shelby Rogers​។

កីឡាករ​ចំណាត់​ថ្នាក់​លេខ ១ ពិភព​លោក Djokovic បាន​ផ្ដួល​កីឡាករ Kei Nishikori ដោយ​ការ​យក​ឈ្នះ​ជាមួយ​នឹង​លទ្ធផល​ ៦-៧ ៦-៣ ៦-៣ និង ៦-២ ដែល​នេះ​ជា​ជ័យជម្នះ ១៧ ដង​បន្ត​បន្ទាប់​គ្នា​របស់​ខ្លួន​លើ​ស៊ុបភើស្តារ​របស់​ជប៉ុន​ ហើយ​​ធ្វើ​បាន​ល្អ​ជាង ១៨-២ ក្នុង​​ការ​ប៉ះ​គ្នា​ជា​រួម​ជាមួយ​គូ​បដិបក្ខ​នេះ​។​

«​ខ្ញុំពេញ​ចិត្ត​ជាមួយ​នឹង​ការ​ផ្ដោត​អារម្មណ៍​។ ប្រហែល​ជា​ចំណុច​ខ្លះ ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​បំផុត​នោះ​ទេ តែ​ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត និង​ធ្វើ​ការ​ផ្ដោត​អារម្មណ៍ ហើយ​ទាំង​អស់​នោះ បង្កើត​បាន​ភាព​ខុស​ប្លែក​ពិត​មែន​»​។ កីឡាករ​ Djokovic បាន​ប្រាប់​ឱ្យ​ដឹង​។​

ជាមួយ​ការ​អាច​​គ្រង​ជើងឯក​ក្នុង​កម្មវិធី US Open នៅ​​អាមេរិក​នេះ ជា​លើក​ទី៤ នោះ​នឹង​នាំ​​ឱ្យ​​កីឡាករ​សញ្ជាតិ​ស៊ែប៊ី​ Djokovic ធ្វើ​បាន​ជោគជ័យ​ដំបូង​គេ ក្នុង​ការ​ប្រមូល​បាន​ទាំង​អស់​ពី​ការ​ប្រកួត​ដណ្ដើម​ពាន​ពី​ព្រឹត្តិការណ៍​ធំ​ៗ​ទាំង ៤ ក្នុង​ឆ្នាំ​តែ​ ១ ផ្នែក​បុរស គិត​តាំង​ពី​កីឡាករ​អូស្ត្រាលី​ Rod Laver ធ្វើ​បាន កាល​ពី​ឆ្នាំ​ ១៩៦៩​។

ជាមួយ​គ្នា​នេះ Djokovic វ័យ ៣៤ ​ឆ្នាំ កំពុង​ធ្វើ​ដំណើរ​​ទៅ​រក​ការ​ឈ្នះ​ពានអាជីព​លំដាប់ Grand Slam ជាលើក​ទី២១​ ដោយ​​ការ​ធ្វើ​បែ​បនេះ​បាន នោះ​នឹង​បំបែក​​កំណត់ត្រា​ផ្នែក​បុរស ដែល​គេ​​គ្រប់គ្រង​រួម​ជាមួយ​​កីឡាករ​អេស្ប៉ាញ Rafael Nadal និង​កីឡាករ​ស្វ៊ីស Roger Federer ដែល​ទាំង ២ ​នាក់ អវត្តមាន​ដូច​គ្នា ដោយសារ​មាន​របួស​។

នៅ​ជុំ​ទី៤ កីឡាករ Djokovic ត្រូវ​ប្រឈម​នឹង​កីឡាករ​ចំណាត់​ថ្នាក់​លេខ ៩៩​ ពិភព​លោក​សញ្ជាតិ​អាមេរិក Jenson Brooksby វ័យ ២០ ​ឆ្នាំ ដែល​បាន​សិទ្ធិ​មក​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​នេះ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​។

ចំណែក​ឯ​ផ្នែក​នារី​វិញ ​កីឡាការិនី​លេខ ១ ពិភព​លោក​សញ្ជាតិ​អូស្ត្រាលី Barty វ័យ ២៥ ​ឆ្នាំ ដែល​ជា​ម្ចាស់​ជើងឯក​ពាន​កម្មវិធី Wimbledon នៅ​អង់គ្លេស​ ត្រូវ​បាន​បញ្ចប់​ដំណើរ​ត្រឹម​ជុំ​ទី៣ នេះ ក្រោយ​ចាញ់​កីឡាការិនី​ Rogers ២-១សិត គឺ ៦-២ ១-៦ និង ៧-៦​។

«​ខ្ញុំ​មិន​ចង់​ធ្លាក់​នោះ​ទេ​​។ ខ្ញុំ​គ្រាន់​តែ​និយាយ​ជាមួយ​ខ្លួន​ឯង​​ថា ត្រូវ​ត្រៀម​ទទួល​កូន​បាល់​ព្យាយាម​ឱ្យ​នៅ​ក្នុង​ការ​ប្រកួត​មិន​អាច​លេង​អន់​ជាង​នេះ​ទៀត​ទេ អ្នក​បាន​ចាញ់​នាង​គ្រប់​ពេល»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Rogers វ័យ ២៨ ​ឆ្នាំ ដែល​បាន​និយាយ ក្រោយ​ការ​ប្រកួត​ចប់។

កីឡាការិនី Rogers នៅ​ជុំ​បន្ទាប់ នឹង​ត្រូវ​តទល់​ជាមួយ​កីឡាការិនី​ចក្រភពអង់គ្លេស Emma Raducanu វ័យ ១៨ ​ឆ្នាំ​ បន្ទាប់​ពី​កីឡាការិនី​ចំណាត់​ថ្នាក់​ទី១៥០ ពិភព​លោក​រូប​នេះ បាន​ទម្លាក់​គូ​ប្រកួត​សញ្ជាតិ​អេស្ប៉ាញ Sara Sorribes Tormo ដោយ​ការ​យក​ឈ្នះ​ស្រួល​ៗ ២ សិត​ទល់​នឹង ០ គឺ ៦-០ និង ៦-១ ក្នុង​រយៈពេល​ ៧០ ​នាទី​៕ AFP/VN