ក្រុង​ហ្សាហ្គ្រេប៖ ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ក្រូអាស៊ី កីឡាករ Mario Mandzukic ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​​គ្រាប់​បាល់​​ជ័យជម្នះ​លើ​ក្រុម​អង់គ្លេស អំឡុង​ការ​ប្រកួត​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ក្នុង​​ព្រឹត្តិការណ៍ World Cup 2018 បាន​សម្រេច​ចិត្ត​ចូលនិវត្តន៍​ពី​ការ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ​ ដោយ​​​​​មាន​រយៈ​ពេល ៣ ​ឆ្នាំ ពី​ហ្គេម​ចុង​ក្រោយ ដែល​រូប​គេ​បាន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​។

កីឡាករ Mandzukic វ័យ ៣៥ ​​ឆ្នាំ បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​នេះ តាមរយៈ​ការ​ផូស្ត​នៅ​លើ​​បណ្ដាញ​សង្គម​ Instagram ដែល​រួម​មាន​ទាំង​រូបថត​ស្បែក​ជើង​ទាំង​គូ​របស់​គេ តាំង​ពី​យប់​ថ្ងៃ​សុក្រ​ម្ល៉េះ។

«​នៅ​ពេល​អ្នក​ពាក់​ស្បែក​ជើង ​១ គូ​នេះ​ ជា​លើក​ដំបូង អ្នក​មិន​អាច​ធ្វើ​ការ​ស្រមើ​​ស្រមៃ​បាន​ទេ​ថា អ្វី​ដែល​អ្នក​នឹង​ត្រូវ​ឆ្លង​កាត់​ក្នុង​វិស័យ​បាល់​ទាត់​។ អ្នក​នឹង​ទទួល​ស្គាល់​នូវ​ពេលវេលា​ក្នុង​ការ​ចូលនិវត្តន៍​ក្នុង​ការ​ដាក់​ស្បែក​ជើង​ ១ គូ​នេះ ចូល​ទៅ​ក្នុង​​ទូហើយ​អ្នក​នឹង​មិន​មាន​ការ​ស្ដាយ​ក្រោយ​អ្វី​ឡើយ​»​។ នេះ​ជា​ការ​សរសេរ​របស់​ Mandzukic​។

Mandzukic ​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ក្រូអាស៊ី ៨៩ ​ដង ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​បាន ៣៣ ​គ្រាប់។ រូប​គេ​ប្រកប​អាជីព​ផង​ដែរ​ជាមួយ​ក្រុម​ Bayern Munich, Atletico Madrid និង Juventus ហើយ​បាន​ចូល​លេង ១១ ហ្គេម ឱ្យ​ក្រុម AC Milan នៅ​ឆ្នាំ​នេះ។ ជាមួយ​នឹង​ការ​​ញាំញី ដោយ​របួស រូប​គេ​ភាគ​ច្រើន​ត្រូវ​អង្គុយ​ជា​កីឡាករ​បម្រុង និង​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ​។​

សមិទ្ធផល​ធំៗ ដែល​គេ​ធ្លាប់​មាន​ចំណែក​រួម គឺ​ឈ្នះ​ពាន​លីគ​កំពូល​របស់​ក្រូអាស៊ី​ជាមួយ​ក្រុម Dinamo Zagreb ៣ ​ដង លើក​ពាន​ក្របខ័ណ្ឌ Bundesliga ២ ដង និង Champions League ម្ដង​ជាមួយ​ក្រុម Bayern នៅ​អាល្លឺម៉ង់ និង​ឈ្នះពាន​ក្រប​ខ័ណ្ឌ Serie A​ អ៊ីតាលី​ជាមួយ​ក្រុម Juve ៤ ​ដង​។

ដោយ​មាន​កំណើត​ក្នុង​ក្រុង Slavonski Brod អតីត​កីឡាករ​ Mandzukic ​ចាប់​ផ្ដើម​អាជីព​ដំបូង ក្នុង​ឆ្នាំ​ ២០០៤ ជាមួយ​ក្លិប​នៅ​ស្រុក​កំណើត Marsonia។ ​កុងត្រា​ធំ​ដំបូង​របស់​គេ គឺ​ជាមួយ​ក្រុម​ Dinamo Zagreb ក្នុង​ឆ្នាំ​ ២០០៧​។

ក្រោយ​មក​ទៀត រូប​គេ​ដើរ​ប្រឡូក​ជាមួយ​ក្លិប​ផ្សេង​ៗ​ ជាបន្ត-​បន្ទាប់ មានដូច​ជា ក្រុម Wolfsburg (២០១០-២០១២), Bayern (២០១២-២០១៤), Atletico Madrid (២០១៤-២០១៥) និង Juve (២០១៥-២០១៩)​៕ AFP/VN