ភ្នំពេញ៖ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា និងក្រុមបឹងកេត ដែលបានសម្រេចផ្អាកការប្រកួតភ្លាមៗ កាលពីថ្ងៃសៅរ៍នោះ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចរៀបចំឡើងវិញ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នារសៀលម៉ោង ៣:៣០ ថ្ងៃចន្ទនេះ។
ការសម្រេចផ្អាកការប្រកួត រវាងក្រុមទាំង២ កាលពីថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១ គឺបន្ទាប់ពីរកឃើញថា កីឡាករ ២ នាក់របស់ក្រុមបឹងកេត ហាក់ស្ថិតនៅក្នុងភាពមន្ទិល នៃការសង្ស័យឆ្លងជំងឺកូវីដ១៩ ដែលចាំបាច់ ត្រូវធ្វើតេស្ត PCR រកវីរុសកូវីដ ១៩ ដើម្បីឱ្យមានភាពប្រាកដប្រជា លើភាពមន្ទិលនេះ ហើយសមាជិកក្រុមបឹងកេត ផ្សេងទៀត ក៏ត្រូវធ្វើតេស្ត ដូចគ្នា។
CNCC បានជូនដំណឹង កាលពីព្រឹកថ្ងៃចន្ទនេះថា៖ «ការប្រកួត (សប្តាហ៍ទី ១២) រវាងក្លិបបាល់ទាត់អគ្គិសនីកម្ពុជា និង បឹងកេត ក្រោយកីឡាករ ២ នាក់ បានធ្វើតេស្ត PCR រកវីរុសកូវីដ ១៩ ហើយសូមបញ្ជាក់ថា កីឡាករ មន្រ្តីក្លិបបឹងកេត ដ៏ទៃទៀត ក៏បានតេស្តរហ័សជាលើកទី ២ តាមនិតិវិធីសុវត្ថិភាពកំណត់លទ្ធផលទាំងអស់ គឺ អវិជ្ជមាន។ ដូច្នេះកីឡាករ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតតាមធម្មតា អ៊ីចឹងការប្រកួតរវាង ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា និង ក្លិបបឹងកេត នឹងប្រព្រឹត្តិនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០ រសៀល»។
ជាមួយគ្នានេះ ក្លិបបឹងកេត ក៏បានប្រកាសពីការរៀបចំឱ្យមានការប្រកួតឡើងវិញនេះ នៅលើផេចហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះដែរ។ ក្លិបបឹងកេត បានបញ្ជាក់ប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួនថា៖ «ការប្រកួតរបស់ពួកយើង នឹងត្រូវធ្វើឡើង ក្នុងថ្ងៃចន្ទនេះវិញ»។

ចំណែកក្រុមអគ្គិសនីកម្ពុជា ក៏បានបង្ហោះរូបភាព ពីសកម្មភាពធ្វើតេស្តរហ័ស សម្រាប់ការប្រកួតនៅរសៀលថ្ងៃចន្ទនេះ របស់ក្រុមមន្រ្តីអាជ្ញាកណ្តាល មន្ត្រីស្នងការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ក្រុមការងាររបស់ក្លិបបាល់ទាត់អគ្គិសនី ផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួត នៅថ្ងៃចន្ទនេះ ត្រូវបានគេមើលឃើញថា ក្រុមអគ្គិសនីកម្ពុជា អាចនឹងមានសម្ពាធខ្លាំង ក្នុងការបិទមហិច្ឆតារក ៣ ពិន្ទុ ពីក្រុមបឹងកេត ព្រោះ បឹងកេត ដែលកំពុងមាន ២១ ពិន្ទុ ត្រូវការឈ្នះខ្លាំងបំផុត ដើម្បីអាចឡើងទៅឈរនៅលេខរៀងទី ២ វិញ ព្រោះទីតាំងនេះ បានធ្លាក់ទៅលើ ភ្នំពេញក្រោន ហើយ បន្ទាប់ពី ភ្នំពេញក្រោន បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៥-០ ដើម្បីមាន ២២ ពិន្ទុ ស្មើជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះក្រុមទ័ព ៣-១ កាលពីថ្ងៃអាទិត្យនោះ៕










