ក្រុង​សៅប៉ូឡូ៖ ការ​ប្រកួត​វគ្គ​ជម្រុះ World Cup របស់​ក្រុម​ប្រេស៊ីល ទល់​នឹង​ក្រុម​អាហ្សង់ទីន ត្រូវ​បាន​ផ្អាក​ភ្លាមៗ​​ជា​​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ចាប់​ផ្ដើម​បាន​ប៉ុន្មាន​នាទី​ ដោយសារ​មាន​ការ​ចម្រូងចម្រាស​ ជុំវិញ​នឹង​នីតិវិធី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ បាន​ផ្ទុះ​ឡើង​។​​

ក្នុង​អំឡុង​ពេល​មាន​​ទិដ្ឋភាព​ដ៏​មិន​គួរ​ឱ្យ​ជឿ​ នៅ​ឯ​កីឡដ្ឋាន Neo Quimica Arena ក្នុង​ក្រុង​សៅប៉ូឡូ​នេះ ការ​ប្រកួត​រវាង​ក្រុម​យក្ស​ទាំង ២ ប្រចាំ​តំបន់​អាមេរិកឡាទីន ត្រូវ​បាន​បញ្ឈប់​ភ្លាម នៅ​ពេល​ដែល​មន្ត្រី​សុខាភិបាល​ប្រេស៊ីល បាន​​រត់​ចូល​ទីលាន ដោយ​បង្ក​ឱ្យ​​មាន​នូវ​ការ​ប្រទាញប្រទង់​គ្នា​ រវាង​មន្រ្តី និង​កីឡាករ​របស់​ក្រុម​ទាំង ​២​។​​

ការ​ចូល​មក​កាត់​ចង្វាក់​នៃ​ការ​លេង​ដ៏​គួរ​ឱ្យ​ស្រឡាំង​កាំង​នេះ ​កើត​​ឡើង​​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​អាជ្ញាធរ​សុខាភិបាល​ក្នុង​ប្រទេស​ប្រេស៊ីល បាន​ឱ្យ​ដឹង​ថា កីឡាករ​ប្រកប​អាជីព​នៅ​អង់គ្លេស ៤ រូប​ ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន គួរ​តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ជា​បន្ទាន់​ ដោយសារ​បាន​រំលោភ​លើ​នីតិវិធី​ទប់ស្កាត់​ជំងឺ​កូវីដ ១៩​។​

យោង​តាម​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​សុខភាព​ជាតិ (ANVISA) របស់​ប្រេស៊ីល កីឡាករ​លេង​នៅ​ក្របខ័ណ្ឌ Premier League អង់គ្លេស គឺ​ Giovani Lo Celso (Tottenham), Emiliano Martinez (Aston Villa), Emiliano Buendia (Aston Villa) និង Cristian Romero (Tottenham) បាន​ផ្ដល់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ ពេល​ចូល​មក​ប្រទេស​ប្រេស៊ីល​។

កីឡាករ Romero, Lo Celso និង Martinez សុទ្ធ​តែ​បាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ហ្គេម​ កាល​ពី​ថ្ងៃ​អាទិត្យ ទើប​នាំ​ឱ្យ​មាន​ការ​ចូល​មក​រំខាន​ខុស​ប្រក្រតី​នេះ​ ពី​សំណាក់​មន្ត្រី​ ANVISA​។

កីឡាករ​ទាំង ៤ រូប ត្រូវ​​ចោទ​ប្រកាន់​ពី​ការ​មិន​បាន​បង្ហាញ​ថា ពួក​គេ​បាន​ចំណាយ​ពេល​ ១៤ ​ថ្ងៃ​ នៅ​អង់គ្លេស មុន​ការ​ធ្វើ​ដំណើរ​មក​​ប្រទេស​ប្រេស៊ីល​ ជា​កន្លែង​ដែល​ជំងឺ​កូវីដ ១៩ បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ៥៨០ ០០០ ​នាក់​។

ប្រធាន​ក្រុម​អាហ្សង់ទីន Lionel Messi និង​មិត្ត​រួម​ក្រុម​របស់​គេ​បាន​នាំ​គ្នា​ដើរ​ចេញ​ពី​ទីលាន ខណៈ​ដែល​ភាព​ងឿង​ឆ្ងល់​បាន​គ្រប​ដណ្ដប់​លើ​ជោគ​វាសនា​របស់​ហ្គេម​។ កីឡាករ​ Messi ក្រោយ​មក​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​អន្តរាគមន៍​របស់​មន្ត្រី​ប្រេស៊ីល​។

«​ពួក​យើង​បាន​មក​ដល់​ទីនេះ រយៈ​ពេល ៣ ថ្ងៃ​ ហេតុអ្វី​បាន​ជា​អ្នក​ទើប​ធ្វើ​រឿង​ហ្នឹង នៅ​ពេល​នេះ​?​»។ នេះ​ជា​ការ​លើក​ឡើង​ពី​កីឡាករ Messi តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ TyC នៅ​អាហ្សង់ទីន​។

គ្រូបង្វឹក​របស់​ក្រុម​អាហ្សង់ទីន លោក Lionel Scaloni ក៏​បាន​បង្ហាញ​នូវ​ការ​មិន​ពេញ​ចិត្ត​ស្រដៀង​គ្នា​ដែរ ដោយ​បាន​ប្រាប់​ទៅ​បណ្ដាញ​សារព័ត៌មាន​ថា​៖ «​ពួក​យើង​មិន​ត្រូវ​បាន​ប្រាប់​ថា ពួក​គេ (កីឡាករ​ទាំង​ ៤ រូប) មិន​អាច​ចូល​លេង​បាន​នោះ​ឡើយ​»​។​

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហព័ន្ធ​បាល់​ទាត់​អាហ្សង់ទីន លោក Claudio Tapia បាន​ថ្លែង​ថា សហព័ន្ធ​អនុវត្ត​តាម​វិធានការ​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ទាំង​អស់ ដោយ​បដិសេធ​ចំពោះ​​ការ​អះអាង​ដែល​ថា កីឡាករ​បាន​ធ្វើ​ឯកសារ​ក្លែងក្លាយ​ ដើម្បី​ចូល​ប្រទេស​ប្រេស៊ីល​។

ប្រធាន ANVISA លោក Antonio Barra Torres បាន​ថ្លែង​ប្រាប់​ស្ថានីយទូរទស្សន៍​នៅ​ប្រេស៊ីល​ថា​៖ «​យើង​ឈាន​ដល់​ចំណុច​នេះ ព្រោះ​អ្វីៗ​ ដែល​ ANVISA ណែនាំ​ តាំង​ពី​ដើម​ដំបូង មិន​ត្រូវ​បាន​បំពេញ​គ្រប់​យ៉ាង​ឡើយ​។​ កីឡាករ​ទាំង​ ៤ ​រូប ត្រូវ​បាន​ប្រាប់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ខណៈ​ពេល​ដែល​រង់ចាំ​ការ​នាំ​ខ្លួន​ចេញ តែ​ពួក​គេ​មិន​អនុវត្ត​តាម។ ពួក​គេ​នៅ​តែ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន ហើយ​ពួក​គេ​ដើរ​ចូល​ទីលាន​ទៀត​»​។ AFP/VN