ក្រុង​ស្ទូតហ្គាត៖ កីឡាករ​ Serge Gnabry ស៊ុត​បញ្ចូល​ទី ២ គ្រាប់ ខណៈ​ដែល​ក្រុម​អាល្លឺម៉ង់ បំបាក់​អាមេនីយ៉ាង​ចាស់​ដៃ ៦-០ អំឡុង​ការ​ប្រកួត​នាក្រុង​ស្ទូតហ្គាត កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​បាន​ឡើង​ទៅ​ឈរ​លេខ ១ ក្នុង​ពូល ជំនួស​ក្រុម​ភ្ញៀវ សម្រាប់​យុទ្ធនាការ​ទាត់​ជម្រុះ World Cup ប្រចាំ​តំបន់​អឺរ៉ុប​។

ខ្សែ​បម្រើ​ប្រយុទ្ធ Gnabry បាន​បង្ហាញ​កាយវិការ​អបអរ​​ដ៏​គួរ​ឱ្យ​រំភើប​​ជាមួយ​ការ​ធ្វើ​បាន​សម្រេច​គា្រប់​បាល់​បើក​ឆាក ២ ​គ្រាប់ មុន​នឹង​កីឡាករ Marco Reus និង Timo Werner បន្ថែម​ពី​ក្រោយ​ម្នាក់ ១ គ្រាប់ ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​អាល្លឺម៉ង់​នាំ​មុខ ៤-០ នៅ​វគ្គ​ទី១​។

ចូល​ដល់​វគ្គ​ទី២ ខ្សែ​ការពារ​ស្លាប Jonas Hofmann បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី ៥ ហើយ​បន្ទាប់​មក​កីឡាករ​បម្រុង Karim Adeyemi វ័យ ១៩ ​ឆ្នាំ​ មាន​ឱកាស​ស៊ុត​បញ្ចូល​ទី នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឱ្យ​ក្រុម​ជម្រើស​ជាតិ ដើម្បី​ឱ្យ​ក្រុម​ឥន្ទ្រី​ដែក​មាន​ជ័យជម្នះ​ផ្លូវ​ការ ៦-០ លើ​​អាមេនី ហើយ​ឡើង​ទៅ​ឈរ​​លេខ ១ ក្នុង​ពូល J ជាមួយ​នឹង​ការ​នាំ​មុខ​ដាច់ ២ ​ពិន្ទុ​។

«​យើង​បាន​ធ្វើ​ការ​នាំ​មុខ​យ៉ាង​​លឿន ក្រោយ​ធ្វើ​ការ​គាប​សង្កត់។ យើង​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ចំពោះ​មុខទី​ ហើយ​យើង​គួរ​ណា​តែ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាង​នេះ​ទៀត​។ យើង​នឹង​យក​ក្ដី​សោមនស្ស​​នេះ តាម​​ពួក​យើង ដើម្បី​ទៅ​យក​ពិន្ទុ​ពី​ក្រុម​អ៊ីស្លង់​ទៀត​»។ កីឡាករ​​ Gnabry បាន​និយាយ​ទៅ​កាន់​ទូរទស្សន៍ RTL​។

ក្រុម​អាល្លឺម៉ង់ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ជិត​បាត​ពូល​អ៊ីស្លង់ នៅ​ថ្ងៃ​ពុធ​នេះ អាច​ស្ដារ​មុខ​មាត់​ពី​បរាជ័យ​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ផ្ទះ​ខ្លួន​ឯង ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម៉ាសេដ្វាន​​ខាង​ជើង​ កាល​ពី​ខែ​មីនា ដោយ​ការ​អាច​ដណ្ដើម​តំណែង​ប្រធាន​ពូល​មក​វិញ​។

ក្នុង​ការ​ដឹកនាំ​ការ​ប្រកួត​ផ្លូវ​ការ​ជាលើក​ទី ២ របស់​ខ្លួន​នេះ គ្រូ​បង្វឹក​របស់​ក្រុម​អាល្លឺម៉ង់ លោក​ Hansi Flick ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករ ៦ ​នាក់ ​ពី​ក្រុម​ជម្រើស​ដំបូង ដែល​ឈ្នះ​ក្រុម​មិន​សូវ​ខ្លាំង​លិចតិន​ស្តាញ ២-០ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លង​ទៅ ហើយ​ឃើញ​ថា ពិត​ជា​មាន​កម្រិត​នៃ​​ទម្រង់​លេង​ខុស​ប្លែក​ទាំង​ស្រុង​។

ខ្សែ​បម្រើ​របស់​ក្រុម​អាល្លឺម៉ង់ Leon Goretzka ​និយាយ​​ខ្លី​ៗ​ថា​៖ «​នេះ​ពិត​ជា​ជាក់​ស្ដែង​ណាស់​ថា តើ​យើង​អាច​ធ្វើ​ការ​ស្រមើស្រមៃ​យ៉ាង​ដូចម្ដេច​ចំពោះ​ក្រុម​របស់​យើង ក្រោម​ការ​ដឹក​នាំ​របស់​លោក Hansi​ (Flick)​ នេះ?​»​។

ដូច្នេះ ជារួម​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ ដើម្បី​ដណ្ដើម​សិទ្ធិ​ទៅ​លេង​ជុំ​ចុង​ក្រោយ ក្នុង​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កាតា ឃើញ​ថា ពូល J នេះ​ ​ក្រោយ​បញ្ចប់​ការ​ប្រកួត ៥ ​ដង​ ក្រុម​អាល្លឺម៉ង់ ជា​ប្រធាន​ពូល ដោយ​មាន ១២ ​ពិន្ទុ ខណៈ​ក្រុម​លេខ​ ២​ អាមេនី មាន ១០ ​ពិន្ទុ​ ហើយ​ក្រុម​រូម៉ានី មាន ៩ ពិន្ទុ នៅ​លេខ ៣ ដោយ​នាំ​មុខ​ក្រុម​លេខ ៤ ម៉ាសេដ្វាន ១ ពិន្ទុ។ ចំណែក​ឯ​ក្រុម​បាត​ពូល​ទាំង ២ គឺ​អ៊ីស្លង់ មាន ៤ ពិន្ទុ និង​ក្រុម​លិចតិនស្តាញ គ្មាន​សូម្បីតែ ១ ពិន្ទុ​៕​​ AFP/VN